Connect with us

ព័ត៌មានអន្ដរជាតិ

ផ្លូវរថភ្លើងល្បឿនលឿនរបស់ថៃ​តភ្ជាប់​ទៅ​ចិន នឹងដំណើរការនៅឆ្នាំ​២០៣០

បានផុស

នៅ

យោងតាមសេចក្តីប្រកាសរបស់រដ្ឋាភិបាល​ថៃ​នៅ​ថ្ងៃ​ទី​២៩​ខែមករា​ឆ្នាំ​២០២៥ ខ្សែ​រថភ្លើង​ល្បឿន​លឿន​​ប្រវែង ៦០៩គីឡូម៉ែត្ររបស់ខ្លួន​ដែលតភ្ជាប់ទៅកាន់ប្រទេសចិនឆ្លងកាត់​តាម​ឡាវ ឥឡូវនេះត្រូវបានគេរំពឹងថានឹងចាប់ផ្តើមដំណើរការនៅឆ្នាំ​២០៣០​ខាង​មុខ ពោល​គឺ​យឺត​ជាង​ការ​គ្រោង​ទុក​ដំបូង​​ជិតមួយទសវត្សរ៍។

(រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យរដ្ឋាភិបាលលោក Jirayu Houngsub បានឲ្យ​ដឹង​ថា ជាងមួយភាគបីនៃការសាងសង់ ត្រូវបានបញ្ចប់ដែលតភ្ជាប់ពីទីក្រុងបាងកកទៅកាន់ទីក្រុងនគររាជសីមា ដែលមានចម្ងាយប្រហែល ២២០គីឡូម៉ែត្រ ហើយខ្សែទាំងមូលទៅកាន់​ទីក្រុង Nong Khai នៅព្រំដែនជាមួយប្រទេសឡាវនឹងរួចរាល់នៅឆ្នាំ​២០៣០។

ខ្សែរថភ្លើង ដែលមានតម្លៃ ៦​ពាន់លានដុល្លារ ហើយ​ប្រវែង ១ ០០០​គីឡូម៉ែត្រពីរដ្ឋធានីវៀងចន្ទន៍ប្រទេសឡាវទៅកាន់ទីក្រុងគុនមីងភាគនិរតីនៃប្រទេសចិន បានចាប់ផ្តើមដំណើរការនៅឆ្នាំ​២០២១ ដែលជា​ការ​បណ្ដាក់​ទុន​រួម​ ក្នុង​នោះ​​ ៧០%​គ្រប់គ្រងដោយទីក្រុងប៉េកាំង។ ខ្សែ​រថភ្លើង​នោះ​នឹង​ត​ភ្ជាប់​ជាមួយ​នឹង​ទីក្រុង​ Nong Khai របស់​​​ថៃ​តាម​រយៈ​ទីក្រុង​វៀងចន្ទន៍​ដែល​មាន​ចម្ងាយ​ប្រហែល ២៥​គីឡូម៉ែត្រ។

លោក Jirayu បាននិយាយថា នេះគឺជាឱកាសសម្រាប់ថៃក្នុងការតភ្ជាប់ទៅនឹងសេដ្ឋកិច្ចពិភពលោក ដោយបន្ថែមថា វានឹងនាំថៃឲ្យកាន់តែខិតជិតទៅនឹងគោលដៅរបស់ខ្លួនក្នុងការក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូន។

ការ​ប្រកាស​នេះ​ ធ្វើ​ឡើង​មួយ​ឆ្នាំ​បន្ទាប់​ពីចិន​បាន​ជំរុញ​ឲ្យ​​ថៃ​មាន​​ដំណើរការ​​លឿន​ជាង​មុន​លើ​គម្រោង​​ផ្លូវ​ដែក។

ការពិភាក្សាលើផ្លូវដែកបានចាប់ផ្តើមជិតពីរទសវត្សរ៍មុន ហើយថៃ និងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើការសាងសង់ក្នុងឆ្នាំ​២០១៧ ជាមួយនឹងផែនការចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ​២០២១។ ប៉ុន្តែការសាងសង់បានជួបការពន្យារពេលដោយសារការខ្វែងគំនិតគ្នាលើការផ្តល់ហិរញ្ញប្បទាន ការរចនា និងការរំខានពីជំងឺរាតត្បាត​កូវីដ​១៩។

ផែនការនេះគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមពាណិជ្ជកម្មខ្សែក្រវាត់ និងផ្លូវប្រកបដោយមហិច្ឆិតារបស់ប្រធានាធិបតីចិន ស៊ី ជីនពីង ដែលរួមមានផែនការសម្រាប់ផ្លូវចំនួនបីដែលមានប្រភពចេញពីទីក្រុងគុនមីង ដែលឆ្លងកាត់ប្រទេសមីយ៉ាន់ម៉ា ថៃ និងវៀតណាម។

វៀតណាមគ្រោងនឹងសាងសង់ខ្សែរថភ្លើងល្បឿនលឿនប្រវែង ១ ៥៤១​គីឡូម៉ែត្រ តភ្ជាប់ទីក្រុងធំជាងគេ​ចំនួន​ពីរ​របស់ខ្លួនគឺទីក្រុងហាណូយ និងទីក្រុងហូជីមិញ ក្នុងតម្លៃជាង ៦៧​ពាន់លានដុល្លារអាមេរិក ដែលកំណត់គោលដៅចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ​២០៣៥។ វៀតណាម​ក៏គ្រោងនឹងចំណាយទឹកប្រាក់ចំនួន ៧,២​ពាន់លានដុល្លារផងដែរ​លើ​គម្រោង​ផ្លូវដែកពីព្រំដែនរបស់ខ្លួនជាមួយខេត្តយូណានរបស់​ចិនទៅកាន់ទីក្រុងហាណូយ ទីក្រុងកំពង់ផែ Haiphong និងទីក្រុង Ha Long៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម