ព័ត៌មានអន្ដរជាតិ
ថៃគំរាមផ្តាច់អគ្គិសនីតាមព្រំដែនមីយ៉ាន់ម៉ា ដែលមានក្រុមឆបោកតាមអនឡាញអុកឡុកខ្លាំង
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Phumtham Wechayachai បានគំរាមកាត់បន្ថយការផ្គត់ផ្គង់អគ្គិសនីពាក់កណ្តាលដល់ទីប្រជុំជនចំនួនពីរក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីដាក់សម្ពាធប្រទេសនេះឱ្យបង្ក្រាបក្រុមឆបោកតាមអនឡាញ ដែលប្រតិបត្តិការនៅតាមព្រំដែនថៃ។ នេះបើយោងតាមការចេញផ្សាយរបស់ The Nation។

លោក Phumtham ប្រធានក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) បានលើកឡើងថា NSC នឹងកំណត់គោលដៅលើក្រុង Shwe Kokko និងតំបន់ KK Park ដែលមានទីតាំងនៅ Myawaddy ប្រទេសមីយ៉ាន់ម៉ា ដោយដំបូងឡើយកាត់បន្ថយការផ្គត់ផ្គង់អគ្គិសនី៥០%ជាការព្រមាន។
លោកបានព្រមានថា ប្រសិនបើគ្មានចំណាត់ការណាមួយប្រឆាំងនឹងសកម្មភាពខុសច្បាប់នៅក្នុងតំបន់ទាំងនេះទេនោះ NSC អាចនឹងដាក់វិធានការតឹងរ៉ឹងដោយកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនីទាំងស្រុង។
តំបន់ KK Park ស្ថិតនៅមាត់ទន្លេ Moei ពី Mae Sot ក្នុងខេត្ត Tak របស់ប្រទេសថៃ។ តំបន់ព្រំដែននេះបានក្លាយជាមជ្ឈមណ្ឌលសម្រាប់សកម្មភាពខុសច្បាប់ដូចជាការជួញដូរមនុស្ស និងការបោកប្រាស់តាមអ៊ីនធឺណិត។ ចំណែក ក្រុង Shwe Kokko ដែលស្ថិតនៅមាត់ទន្លេ Moei ទល់មុខ Mae Sot មានភាពល្បីល្បាញលើប្រតិបត្តិការឆបោកតាមអ៊ីនធឺណិតទ្រង់ទ្រាយធំដែលគ្រប់គ្រងដោយក្រុមឧក្រិដ្ឋកម្មរបស់ចិន។
ប្រតិបត្តិការទាំងនេះជារឿយៗពាក់ព័ន្ធនឹងការជួញដូរមនុស្ស ដោយជនរងគ្រោះមកពីទូទាំងអាស៊ីត្រូវបានបង្ខំឱ្យចូលទៅក្នុងគម្រោងក្លែងបន្លំ។ ទីប្រជុំជនក៍មានការអភិវឌ្ឍន៍កាស៊ីណូ និងគ្រឹះស្ថានល្បែងស៊ីសង ដែលជារឿយៗដំណើរការខុសច្បាប់ និងក៏ជាដើមហេតុនៃឧក្រិដ្ឋកម្មផងដែរ។

អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ធ្លាប់បានស្នើឱ្យក្រសួងមហាផ្ទៃ ដែលគ្រប់គ្រងអាជ្ញាធរអគ្គិសនីខេត្ត គួរតែកាត់ផ្តាច់ចរន្តអគ្គិសនីទៅកាន់ទីប្រជុំជនជាប់ព្រំដែនទាំងពីរ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមក្មេងឆបោក។ យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Anutin Charnvirakul បញ្ជាក់ថា លោកខ្វះសិទ្ធិអំណាចក្នុងការធ្វើដូច្នេះ ព្រោះអំណាចក្នុងការដាក់វិធានការបែបនេះត្រូវតែធ្វើឡើងដោយ NSC។
ជាលទ្ធផល NSC បានសម្រេចចិត្តឱ្យក្រសួងការបរទេសចូលរួមកិច្ចពិភាក្សាជាលើកដំបូងជាមួយរបបយោធាមីយ៉ាន់ម៉ា ដោយជំរុញឱ្យពួកគេចាត់វិធានការប្រឆាំងនឹងប្រតិបត្តិការខុសច្បាប់ ឬប្រឈមនឹងការបញ្ចប់ការផ្គត់ផ្គង់ថាមពលដល់តំបន់ទាំងនេះ។ ជាជំហានដំបូង លោក Phumtham បាននិយាយថា NSC អាចនឹងកាត់បន្ថយការផ្គត់ផ្គង់ថាមពលដល់ទីប្រជុំជនទាំងនេះពាក់កណ្តាលសិនជាការព្រមាន។
បន្ថែមពីលើនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃរូបនេះ ក៏នឹងជួបលោក Liu Zhongyi ជំនួយការរដ្ឋមន្ត្រីសន្តិសុខសាធារណៈរបស់ប្រទេសចិន ពិភាក្សាអំពីរបៀបដែលប្រទេសថៃ និងចិនអាចរួមគ្នាសហការគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមឆបោកជាពិសេសក្រុមប្រតិបត្តិការតាមបណ្តោយព្រំដែនមីយ៉ាន់ម៉ា-ថៃ។
គួរម្លឹកថា កាលពីថ្ងៃទី២៨ខែមករា លោក Liu បានជូនដំណឹងដល់ការិយាល័យស៊ើបអង្កេតកណ្តាលរបស់ប្រទេសថៃថា ប្រតិបត្តិការឆបោកតាមអនឡាញដ៏ធំចំនួន៣៦ដែលដំណើរការដោយប្រទេសចិន និងជួលបុគ្គលិកឲ្យធ្វើជាអ្នកបោកប្រាស់ជាង ១០ម៉ឺននាក់ មានមូលដ្ឋាននៅតំបន់ Myawaddy តាមបណ្តោយព្រំដែនថៃ៕

អត្ថបទ៖ ប៊ុន សុភាព
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២០ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


