Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ ផ្ទុះ​កំហឹង ចំពោះ​​ លោក ណេតាន់យ៉ាហ៊ូ ក្រោយ​រិះគន់អាមេរិក ​ករណី​លក់​អាវុធ​ឱ្យ​តួកគី

បានផុស

នៅ

​បើ​ទោះ​បី​​ទំនាក់​ទំនង​សហរដ្ឋ​អាមេរិក​-អ៊ីស្រាអែលមាន​ភាព​​ល្អប្រសើរ​វិញ​​​​​ ​​​ហើយ​អាមេរិក​មិន​ដែល​ប្រតិកម្មលើ​អ៊ីស្រាអែល​ ចំពោះ​ការ​​​​ឈ្លាន​ពាន​ប្រទេស​ទន់​ខ្សោយ​ដូច​ជា​លីបង់​​​​ តែ​កាល​ពី​ម្សិលមិញ ប្រធានា​ធិបតីអា​មេរិក លោក ដូណាល់ ត្រាំ សម្តែង​ការ​ខឹងសម្បារយ៉ាង​ខ្លាំង ចំពោះ​ការ​រិះ​គន់​ជាសាធារណៈរបស់​នាយករដ្ឋ​មន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ លើ​សំណើ​នៃ​ការ​លក់យន្តហោះចម្បាំង F-35 របស់​​សហរដ្ឋអាមេរិក​ទៅឱ្យប្រទេសតួក​គី។ នេះបើយោង​តាមការចុះផ្សាយរបស់​ព័ត៌មាន Axios កាល​ពីថ្ងៃព្រហស្បតិ៍​​ ទី​១៦ ខែ​កក្ក​ដា ឆ្នាំ​២០២៦ ។

ដោយ​ដកស្រង់សម្តីមន្ត្រីសេតវិមាន​ពីររូប​លើក​ឡើង​ថា៖ « សហរដ្ឋ​អាមេរិក​មិនមាន​កិច្ច​ប្រជុំណាមួយត្រូវបាន​គ្រោងទុកទេ ទោះបីជា​មានប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល​លើក​ឡើង​ថា លោក ត្រាំ នឹង​ធ្វើជាម្ចាស់ផ្ទះ​ទទួល​ លោក ណេតាន់យ៉ាហ៊ូ នៅ​ថ្ងៃចន្ទក៏ដោយ​​»។

ប្រធានា​ធិបតីអា​មេរិក លោក ដូណាល់ ត្រាំ ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​ម្នាក់​លើក​ឡើង​ថា លោក ត្រាំ មានការខឹងសម្បារ​ ចំពោះការកត់​សម្គាល់របស់​ លោក ណេតាន់យ៉ាហ៊ូ អំឡុង​​ផ្តល់​សម្ភាសន៍​ជា​មួយ​សារព័ត៌មាន​ Fox News រឿង​រិះ​គន់​អាមេរិក មិនយូរ​ប៉ុន្មាន​ មុនពេល​ប្រធានាធិបតីអាមេរិក​ធ្វើ​ដំណើរ​ទៅកាន់ទីក្រុងអង់ការ៉ា សម្រាប់កិច្ចប្រជុំកំពូល​ណាតូ កាល​ពី​ថ្ងៃទី៧-៨ ខែកក្កដា​។

មន្ត្រីម្នាក់ទៀតនិយាយថា លោក ត្រាំ ជឿ​ថា លោក ណេតាន់យ៉ាហ៊ូ គ្មាន​សិទ្ធិជ្រៀតជ្រែក​ក្នុងសំណើ​លក់អាវុធ​នោះទេ​។ ​ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​អ៊ីស្រាអែល​​ផ្សាយ​ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានស្វែងរកការ​ជួប​ជាមួយ​ លោក ត្រាំ​ អស់រយៈ​ពេល​ជាងពីរសប្តាហ៍មក​ហើយ។

​មិន​តែ​ប៉ុណ្ណោះ លោក ណេតាន់​យ៉ាហ៊ូ​ មានគម្រោងធ្វើដំណើរ​ទៅកាន់ទីក្រុងវ៉ាស៊ីនតោន​នៅចុងសប្តាហ៍នេះ ដើម្បីចូលរួមពិធីបុណ្យ​សព​របស់សមាជិកព្រឹទ្ធសភា លោក Lindsey Graham និង​ជួបជាមួយ​ លោក ត្រាំ​ នៅ​ថ្ងៃចន្ទ។

ការិយាល័យ​របស់​ លោក ណេតាន់​យ៉ាហ៊ូ​ ថ្លែង​ក្នុងសេចក្តីថ្លែងការណ៍​មួយ​ថា ដំណើរ​ទស្សន​កិច្ច​នោះ​ត្រូវ​បាន​លុបចោលកាលពីថ្ងៃ​ព្រហស្បតិ៍ បន្ទាប់​ពីពិធីបុណ្យសពរបស់​ លោក Graham ត្រូវបានពន្យារ​ពេល។

មន្ត្រីសេតវិមានពីររូប​និយាយថា​ លោក ណេតាន់​យ៉ាហ៊ូ ចង់ជួប លោក ​ត្រាំ​ ប៉ុន្តែ​មិនមានកិច្ចប្រជុំណាមួយ​ត្រូវបានបញ្ជាក់ ឬដាក់ក្នុងកាល​វិភាគរបស់ប្រធានាធិបតី​នោះទេ៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម