Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន៖ ទាហាន​កូរ៉េ​ខាង​ជើង​ជិត ៨ ០០០​នាក់ កំពុង​ប្រយុទ្ធ​នៅ​ជួរ​មុខ​នៅ​ឡើយ

បានផុស

នៅ

ប្រមុខចារកម្មយោធាអ៊ុយក្រែន លោក Kyrylo Budanov បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ The War Zone ចេញផ្សាយនៅថ្ងៃទី៤​ខែកុម្ភៈថា ទាហានកូរ៉េខាងជើងប្រហែល ៨ ០០០នាក់នៅតែកំពុងប្រយុទ្ធជាមួយអ៊ុយក្រែនក្នុងតំបន់ Kursk។

រូប​តំណាង (រូបថត៖ KCNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​ថ្ងៃទី​៣០​ខែមករា កាសែត New York Times បានរាយការណ៍​ថា ទាហានកូរ៉េខាងជើងត្រូវបានដកចេញពីជួរមុខ។ អ្នកតំណាងនៃកងកម្លាំងប្រតិបត្តិការពិសេស បានបញ្ជាក់ទៅកាន់សារព័ត៌មាន Kyiv Independent ថា កងកម្លាំងពិសេសអ៊ុយក្រែនមិនបានប៉ះ​ជាមួយទាហានកូរ៉េខាងជើងអស់រយៈពេលបីសប្តាហ៍មកហើយ។

យ៉ាងណា លោក Budanov បានបដិសេធព័ត៌មាននេះ។ ប៉ុន្តែ​លោកបានកត់សម្គាល់ថា ចំនួនទាហានកូរ៉េខាងជើងមានការថយចុះមែន ហើយអ៊ុយក្រែនកំពុងធ្វើការដើម្បីកំណត់ពីមូលហេតុ។

លោក Budanov បាននិយាយថា៖ «យើងត្រូវរង់ចាំពេលខ្លះ ដើម្បីមើលថាតើមានការផ្លាស់ប្តូរពិតប្រាកដ ឬប្រសិនបើនេះគ្រាន់តែជាការថយចុះបណ្តោះអាសន្ននៃសកម្មភាពសម្រាប់ពីរបីថ្ងៃ»។

កាលពីរដូវស្លឹកឈើជ្រុះឆ្នាំមុន ទាហានកូរ៉េខាងជើងរហូតដល់ ១២ ០០០​នាក់ត្រូវបានដាក់ពង្រាយទៅកាន់តំបន់ Kursk។

យោងតាមទីភ្នាក់ងារ​ចារកម្ម​ជាតិរបស់កូរ៉េខាងត្បូង (NIS) កាល​ពី​ថ្ងៃទី​១៣​ខែមករា យ៉ាងហោចណាស់ទាហានកូរ៉េខាងជើង ៣០០នាក់ត្រូវបានសម្លាប់ និង ២ ៧០០​នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការប្រយុទ្ធគ្នានៅក្នុងតំបន់ Kursk។

លោក Budanov បាន​បន្ថែមថា ការខាតបង់ខ្ពស់ក្នុងចំណោមកងកម្លាំងកូរ៉េខាងជើងអាចបណ្តាលមកពីកង្វះបទពិសោធន៍ និង​សម្ភារៈ​ប្រយុទ្ធ។ យោងតាមលោក Budanov ទាហានកូរ៉េខាងជើងចូល​​ប្រយុទ្ធ «ស្ទើរតែគ្មានរថយន្តប្រយុទ្ធ» ចូលរួម​ជាមួយ​ឡើយ។

លោក Budanov ក៏បានលើក​ឡើង​ដែរ​ថា ទាហានកូរ៉េខាងជើង ប្រហែលជាយល់​ព្រម​ក្នុងការ​វាយ​សម្រុក​​ទៅមុខប្រឆាំងនឹងយន្តហោះគ្មានមនុស្សបើក និងកាំភ្លើងធំរបស់អ៊ុយក្រែន ដោយសារតែភាពស្មោះត្រង់របស់ពួកគេចំពោះមេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងការត្រៀមខ្លួនស្លាប់សម្រាប់គាត់។ លោក​បាន​បន្ថែម​ថា ការ​មិន​យក​ចិត្ត​ទុក​ដាក់​របស់​ពួក​គេ​ចំពោះ​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ធ្វើ​ឲ្យ​ការងារ​របស់​កង​កម្លាំង​ការពារ​អ៊ុយក្រែន​កាន់​តែ​លំបាក៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម