ព័ត៌មានអន្ដរជាតិ
៤ថ្ងៃទៀត ទំនងដឹងច្បាស់ថា ដំណើរការចរចារឿងសង្គ្រាមនៅអ៊ុយក្រែន
៤ថ្ងៃទៀតទំនងនឹងដឹងកាន់តែច្បាស់អំពីដំណើរការចរចាបទឈប់បាញ់និងឈានទៅចរចាសន្តិភាពអ៊ុយក្រែនទាំងស្រុង បន្ទាប់ពីថ្នាក់ដឹកនាំកំពូលអ៊ុយក្រែននិងសហរដ្ឋអាមេរិកកំណត់ពេលជួបនិយាយគ្នាលើកដំបូងនៅទីក្រុងមុយនិកក្នុងប្រទេសអាល្លឺម៉ង់ ជាទីដែលបេសកជនរបស់លោក ដូណាល់ ត្រាំ សម្រាប់អ៊ុយក្រែននិងរុស្ស៊ីក៏នឹងចូលរួមដែរ។

ចន្លោះថ្ងៃទី១៤ដល់ថ្ងៃទី១៦ខែកុម្ភៈនេះ ប្រទេសអាល្លឺម៉ង់នឹងរៀបចំសន្និសីទសន្តិសុខប្រចាំឆ្នាំនៅទីក្រុងមុយនិក ដោយមានប្រមុខរដ្ឋជាច្រើនប្រទេស ជាពិសេសវត្តមានរបស់អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ុលឌីមៀរ ហ្សេលេនស្គី (Volodymyr Zelenskyy) ទៅចូលរួម ដោយភាគីទាំងពីរក៏បានកំណត់ជំនួបទ្វេភាគីដ៏សំខាន់នេះដែរ។
មានសេចក្តីរាយការណ៍មួយចំនួនធ្លាប់បានលើកឡើងថា លោក Keith Kellogg បេសកជនពិសេសរបស់ប្រធានាធិបតី ដូណាល់ ត្រាំ នឹងធ្វើបទបង្ហាញជាសាធារណៈលើកដំបូងអំពីដំណើរការចរចារវាងអ៊ុយក្រែននិងរុស្ស៊ី នៅសន្និសីទ ប៉ុន្តែក្រោយមកក៏ត្រូវបានបដិសេធវិញ។
ដូចដែលបានរាយការណ៍មក ប្រធានាធិបតីអ៊ុយក្រែនលោក លោក វ៉ុលឌីមៀរ ហ្សេលេនស្គី នឹងដឹកនាំគណៈប្រតិភូអ៊ុយក្រែនទៅកាន់សន្និសិទសន្តិសុខទីក្រុង Munich ជាទីដែលភាគីអ៊ុយក្រែននឹងបង្ហាញពីជំហររបស់ប្រទេសក្នុងការបញ្ចប់សង្រ្គាម និងចក្ខុវិស័យរបស់ខ្លួនអំពីរបៀបដើម្បីសម្រេចបាន «សន្តិភាពយូរអង្វែង និងនិរន្តរភាព» លោក Andriy Yermak ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែនបាននិយាយ។
មុននេះ បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក Donald Trump ទទួលបន្ទុកអ៊ុយក្រែន និងរុស្ស៊ី លោក Keith Kellogg បាននិយាយថា លោកនឹងចូលរួមក្នុងសន្និសីទសន្តិសុខនៅទីក្រុង Munich ដែលលោកនឹងនិយាយអំពីការបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។
លោក Keith Kellogg ក៏ត្រូវបានគេរំពឹងថានឹងធ្វើទស្សនកិច្ចនៅទីក្រុងកៀវនៅខែកុម្ភៈនេះ បន្ទាប់ពីសន្និសីទសន្តិសុខទីក្រុងមុយនិក។

រយៈពេល២ថ្ងៃចុងក្រោយនេះ មានការផ្សព្វផ្សាយដ៏គួរឲ្យចាប់អារម្មណ៍អំពីការបែកធ្លាយឯកសារចរចា ដែលបានដាក់ពេលវេលាជាក់លាក់ក្នុងការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ដោយនៅក្នុងនោះរួមមានទាំងការយល់ព្រមកាត់ដីអ៊ុយក្រែនដែលរុស្ស៊ីកាន់កាប់ទៅឲ្យភាគីរុស្ស៊ី ការគាំទ្រអ៊ុយក្រែនស្តារសេដ្ឋកិច្ចឡើងវិញ ការកំណត់ឲ្យអ៊ុយក្រែនចូលសហភាពអឺរ៉ុប ជាដើម។
យោងតាមសារព័ត៌មានអង់គ្លេស The Daily Mail ដែលបានដកស្រង់ផ្សាយបន្តពីសារព័ត៌មាន Strana របស់អ៊ុយក្រែន ឯកសារដែលបែកធ្លាយក្នុងដំណើរការចរចាសន្តិភាពក្រោមរដ្ឋបាល លោក ដូណាល់ ត្រាំ នេះ មានការកំណត់ជាក់លាក់ពីការអនុវត្តបទឈប់បាញ់នៅថ្ងៃទី២០ខែមេសាឆ្នាំ២០២៥ និងការហាមប្រាមអ៊ុយក្រែនចូលអង្គការណាតូជាដើម។
តាមរយៈការចុះផ្សាយនោះ ថ្ងៃទី៩ខែឧសភា ឆ្នាំ២០២៥ គឺជាថ្ងៃប្រកាសបញ្ចប់សង្គ្រាមជាស្ថាពររវាងរុស្ស៊ី និងអ៊ុយក្រែន។ ផែនការស្តារអ៊ុយក្រែនឡើងវិញ ត្រូវបានដាក់ទឹកប្រាក់ចំនួន៤៨៦ពាន់លានដុល្លារសហរដ្ឋអាមេរិក សម្រាប់រយៈពេល១០ឆ្នាំ។
ទោះបីជាបែបណាក៏ដោយ បន្ទាប់ពីបែកធ្លាយឯកសារទាំងនោះ ភាគីរុស្សីនិងអ៊ុយក្រែនមិនទាន់ប្រកាសទទួលស្គាល់ថា ពួកគេបានចូលរួមក្នុងការចរចាសម្ងាត់ក្នុងពេលកន្លងមកនោះទេ ដោយភាគីរុស្ស៊ីដែលជាសត្រូវប្រជែងឥទ្ធិពលជាមួយសហរដ្ឋអាមេរិកនោះ ចាត់ទុកថា សហរដ្ឋអាមេរិកមិនទាន់បានកំណត់រូបមន្តសម្រាប់ការចរចានោះទេ។
កន្លងមកនេះក៏មានសេណារីយ៉ូច្រើនក្នុងការចរចាដើម្បីបញ្ចប់សង្គ្រាមអ៊ុយក្រែន ដោយមានទាំងការចរចាទ្វេភាគី រវាងសហរដ្ឋអាមេរិកនិងរុស្ស៊ី ការចរចាត្រីភាគី ដោយបូករួមនឹងអ៊ុយក្រែន និងការចរចាចតុភាគី ដោយបួកសហភាពអឺរ៉ុបមួយទៀត ដើម្បីធានាដល់សន្តិភាពយូរអង្វែងសម្រាប់អ៊ុយក្រែន៕
ដោយ រ៉ាន់ រើយ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


