Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ធានាការចូលរួមរបស់អ៊ុយក្រែន ក្នុងកិច្ចចរចាសន្តិភាពជាមួយរុស្ស៊ី

បានផុស

នៅ

នៅក្នុងសេចក្តីថ្លែងការណ៍កាល​ពី​ថ្ងៃ​ទី​១៣​ខែ​កុម្ភៈ​ឆ្នាំ​២០២៥ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធានាថា អ៊ុយក្រែននឹងមានតួនាទីសំខាន់នៅក្នុងកិច្ចចរចាសន្តិភាពណាមួយជាមួយរុស្ស៊ី ដើម្បី​ដោះស្រាយ​វិបត្តិ​សង្គ្រាម​ដែល​កំពុង​កើត​ឡើង​នា​ពេល​បច្ចុប្បន្ន។

លោក វ៉្លាឌីមៀ ហ្សេលេនស្គី និង​លោក ដូណាល់ ត្រាំ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើក​ឡើង​របស់​លោក ត្រាំ ដែល​ថា អ៊ុយក្រែននឹងមិនត្រូវបានគេដកចេញពីការចរចាជាមួយរុស្ស៊ី ធ្វើឡើងបន្ទាប់ពីមានការព្រួយបារម្ភពីមន្ត្រីអ៊ុយក្រែនដែលបានសម្តែងការមិនសប្បាយចិត្តរបស់ពួកគេ បន្ទាប់ពីប្រធានាធិបតី ត្រាំ បានចូលរួមក្នុងការពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន មុនពេលនិយាយជាមួយប្រធានាធិបតីអ៊ុយក្រែនលោក វ៉ា្លឌីមៀ ហ្សេលេនស្គី។

លោក ត្រាំ បាន​​បញ្ជាក់​ថា៖ «ពួក​គេ​នឹង​ជា​ផ្នែក​មួយ​នៃ​កិច្ច​ពិភាក្សា។ យើង​នឹង​​មាន​អ៊ុយក្រេន ហើយ​យើង​មាន​រុស្ស៊ី ហើយ​​យើង​នឹង​មាន​​មនុស្ស​ម្នា​​ច្រើន​នាក់​ផ្សេង​ទៀត​ចូលរួម»។

លោក ហ្សេលេនស្គី បាន​​អះអាង​យ៉ាងច្បាស់ថា អ៊ុយក្រែនត្រូវតែបញ្ចូលទៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទាំងអស់ ដោយសង្កត់ធ្ងន់ថា ការចរចាមិនគួរចាប់ផ្តើមទេ រហូតដល់មានផែនការរឹងមាំមួយ ដើម្បីធានាដល់ការដក​ទ័ព​របស់រុស្ស៊ី និងការគោរពចំពោះអធិបតេយ្យភាពអ៊ុយក្រែន។

ខណៈពេលដែលសហរដ្ឋអាមេរិកបានបញ្ជាក់យ៉ាងច្បាស់ថាអ៊ុយក្រែននឹងចូលរួម មេដឹកនាំអឺរ៉ុបក៏បានព្រមានប្រឆាំងនឹងកិច្ចព្រមព្រៀង​តែ​ភាគីម្ខាងណាមួយជាមួយរុស្ស៊ី​ផង​ដែរ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃបូរណភាពទឹកដីរបស់អ៊ុយក្រែន។ វិមានក្រឹមឡាំងបាន​ប្រាប់​ថា អ៊ុយក្រែននឹងចូលរួមក្នុងកិច្ចចរចាសន្តិភាព ប៉ុន្តែនៅតែប្រុងប្រយ័ត្នចំពោះដំណើរការ​កិច្ច​ចរចា។

នៅពេលដែលស្ថានការណ៍បន្តវិវឌ្ឍ សហគមន៍អន្តរជាតិកំពុងតាមដានយ៉ាងដិតដល់​ចំពោះ​កិច្ចពិភាក្សាសន្តិភាពដែល​ជា​ប្រធានបទ​កំពុង​ក្ដៅ​គគុក​មួយ​នេះ។ ការដាក់បញ្ចូលអ៊ុយក្រែនត្រូវបានគេមើលឃើញថាមានសារៈសំខាន់ ក្នុងការធានាកិច្ចព្រមព្រៀង​ដែល​គោរពឯករាជ្យភាព និងសន្តិសុខរបស់ប្រទេស៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម