Connect with us

ព័ត៌មានអន្ដរជាតិ

ហ្សេលេនស្គី៖ អ៊ុយក្រែន នឹងធ្វើ​កិច្ចពិភាក្សា​សន្តិភាព​ជាមួយ​ប្រទេស​ចំនួន​បី

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានប្រកាសថា អ៊ុយក្រែននឹងចូលរួមក្នុងកិច្ចចរចាសន្តិភាពជាមួយ​ចក្រភពអង់គ្លេស បារាំង និងសហរដ្ឋអាមេរិកនៅទីក្រុងឡុងដ៍នៅថ្ងៃពុធ​ទី​២៣​ខែ​មេសា​ឆ្នាំ​២០២៥។

លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ្សេលេនស្គី បាន​ឲ្យ​ដឹង​កាល​ពីថ្ងៃ​ចន្ទ​ថា ការពិភាក្សា​នេះ​មានគោលបំណងសម្រេចបានបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ និងបង្កើតសន្តិភាពយូរអង្វែងចំពេលមានជម្លោះដែលកំពុងបន្តជាមួយរុស្ស៊ី។

មេ​ដឹក​នាំ​អ៊ុយក្រែន បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់​ក្រុង​កៀវ ចំពោះការសន្ទនាក្នុងន័យស្ថាបនា ដោយបញ្ជាក់ថា៖ «យើងត្រៀមខ្លួនជាស្រេចដើម្បីឆ្ពោះទៅមុខប្រកបដោយការស្ថាបនាតាមដែលអាចធ្វើទៅបាន… ដើម្បីសម្រេចបាននូវបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ អមដោយការបង្កើតសន្តិភាពពិតប្រាកដ និងយូរអង្វែង»។

កិច្ចពិភាក្សានៅទីក្រុងឡុងដ៍នាពេលខាងមុខ ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំថ្មីៗ​កាល​ពី​ថ្ងៃ​ទី​១៧​ខែ​មេសា​នៅទីក្រុងប៉ារីស ជាកន្លែងដែលរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio និងបេសកជនពិសេសលោក Steve Witkoff បានជួប​ប្រជុំ​គ្នា​ជាមួយមន្ត្រីអឺរ៉ុប និងអ៊ុយក្រែន ដើម្បីពិភាក្សាអំពីផ្លូវបញ្ចប់សង្រ្គាម។

ទោះជាយ៉ាងណាក៏ដោយ ក្តីបារម្ភបានកើតឡើងចំពោះវិធីសាស្រ្តរបស់រដ្ឋបាលអាមេរិក ជាមួយនឹងរបាយការណ៍ដែលបង្ហាញពីការផ្តល់សម្បទានដ៏​ធំ​ឲ្យ​រុស្ស៊ី រួមទាំងការទទួលស្គាល់​តំបន់​គ្រីមៀជាទឹកដីរុស្ស៊ី និងការបញ្ឈប់​បំណង​ប្រាថ្នារបស់​អ៊ុយក្រែន​ក្នុង​ការ​ចូល​អង្គការណាតូ។ លោក ហ្សេលេនស្គី បាន​សម្តែង​ការ​ព្រួយបារម្ភ​ចំពោះ​ការ​វិវឌ្ឍ​ទាំងនេះ ដោយ​សង្កត់ធ្ងន់​លើ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​អ៊ុយ​ក្រែ​ន៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម