Connect with us

ព័ត៌មានអន្ដរជាតិ

យន្តហោះ Air India មួយទៀតត្រូវបង្ខំចុះចតភ្លាមៗសង្ស័យបញ្ហាបច្ចេកទេស

បានផុស

នៅ

នៅព្រឹកថ្ងៃចន្ទនេះ យន្តហោះ​ប្រភេទ​ Boeing 787-8 Dreamliner ជើងហោះហើរ AI-315 ពីហុងកុងទៅទីក្រុង​ដេលី របស់​ក្រុមហ៊ុនអាកាសចរណ៍ Air India ត្រូវបានបង្ខំឱ្យត្រឡប់ទៅហុងកុងវិញភ្លាមៗ បន្ទាប់ពីហោះឡើង ដោយសារ​តែមានការសង្ស័យពីបញ្ហាបច្ចេកទេស។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត The Times of India នៅថ្ងៃទី១៦ខែមិថុនានេះ។

(រូបភាព៖​ The Times of India)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមអាកាសយាននិក​បានរកឃើញបញ្ហានេះនៅពាក់កណ្តាលអាកាស ហើយបានជ្រើសរើសការត្រឡប់មកវិញជាការប្រុង​ប្រយ័ត្ន។ អ្នកដំណើរទាំងអស់បានចុះចតដោយសុវត្ថិភាព ទោះបីជាក្រុមហ៊ុន Air India មិនទាន់ចេញសេចក្តីថ្លែងការណ៍ផ្លូវការក៏ដោយ។

ជាមួយ​គ្នានេះ កាលពីថ្ងៃអាទិត្យ ក៏មាន ជើងហោះហើរ Air India (AI-819) មួយទៀតដែលធ្វើដំណើរពីទីក្រុង ដេលី ទៅកាន់ទីក្រុង Vadodara ត្រូវត្រឡប់ទៅអាកាសយានដ្ឋានអន្តរជាតិ Indira Gandhi វិញភ្លាមៗ បន្ទាប់ពីហោះឡើង ដោយសារតែសង្ស័យថាមានបញ្ហាឧបករណ៍ចុះចត។ យ៉ាងណាយន្តហោះនេះបានចុះចតដោយសុវត្ថិភាពដោយគ្មានអ្នករបួស។

(រូបភាព៖ PTI)

ឧបទ្ទវ​ហេតុ​នេះ​ទាំងនេះបានកើតឡើង​​តែប៉ុន្មាន​ថ្ងៃបន្ទាប់ពីសោកនាដកម្ម កាលពីថ្ងៃទី ១២ ខែមិថុនា ដែលយន្តហោះ Air India Boeing 787-8 Dreamliner របស់ទីក្រុងឡុងដ៍បានធ្លាក់បន្ទាប់ពីហោះចេញពីទីក្រុង Ahmedabad ។ ក្នុងហេតុការណ៍នោះយន្តហោះដែលផ្ទុកមនុស្ស ២៤២នាក់ បានធ្លាក់ចូលទៅក្នុងបរិវេណមហាវិទ្យាល័យវេជ្ជសាស្ត្រក្បែរនោះ។ មានតែអ្នកដំណើរម្នាក់ប៉ុណ្ណោះដែលនៅរស់រានមានជីវិត ខណៈពេលដែលអ្នកដំណើរ ២៤១ នាក់ និងមនុស្ស ២៩ នាក់នៅលើដី ដែលរួមទាំងនិស្សិតពេទ្យ ៥ នាក់ផងដែរបានបាត់បង់ជីវិត។

នៅពេលនេះក្រុមហ៊ុនអាកាសចរណ៍ Air India ស្ថិតនៅក្រោមការត្រួតពិនិត្យកាន់តែខ្លាំងឡើង បន្ទាប់ពីឧប្បត្តិហេតុយន្តហោះថ្មីៗជាច្រើននាំឲ្យមានការលើកឡើងពីការព្រួយបារម្ភអំពីសុវត្ថិភាពប្រតិបត្តិការ។ ព្រឹត្តិការណ៍​ត្រឡប់​មក​វិញ​ទាំង​នេះ​រឹតតែ​ជំរុញ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ពិធីការ​សុវត្ថិភាព​របស់​ក្រុមហ៊ុន​អាកាសចរណ៍កាន់តែខ្លាំងថែមទៀត ខណៈការស៊ើបអង្កេតលើករណីទាំងនេះកំពុងបន្ត៕

(រូបភាព៖ Shutterstock)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម