Connect with us

ព័ត៌មានអន្ដរជាតិ

ដឹងច្បាស់ហើយ ថាហេតុអ្វីបានជាអ៊ីស្រាអែល ដាច់ខាតត្រូវតែវាយអ៊ីរ៉ង់

បានផុស

នៅ

នៅថ្ងៃសុក្រទី១៣ខែមិថុនាឆ្នាំ២០២៥ អ៊ីស្រាអែល បានបើកប្រតិបត្តិការ «Risisng Lion» បាញ់មីស៊ីលលើទីក្រុងតេហេរ៉ង់យ៉ាងភ្ញាក់ផ្អើលជាទីបំផុត ហើយឥឡូវ ប្រធានាធិបតីអ៊ីស្រាអែល បានបញ្ជាក់យ៉ាងច្បាស់អំពីមូលហេតុដែលខ្លួនសម្រេចចិត្តបើកប្រតិបត្តិការនេះ។

ការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់ (រូបថត៖ Reuters)

ក្នុងបទសម្ភាសជាមួយ Sky News កាលពីថ្ងៃចន្ទទី១៦ខែមិថុនាឆ្នាំ២០២៥ ប្រធានាធិបតី​អ៊ីស្រាអែល Isaac Herzog ​អះអាង​ថា ប្រទេសរបស់លោកគ្មាន​ជម្រើស​ផ្សេងក្រៅ​ពី​វាយ​អ៊ីរ៉ង់ឡើយ ព្រោះអ៊ីរ៉ង់កំពុង​ស្ថិតនៅលើផ្លូវឈានឆ្ពោះទៅរកការផលិតបាន​គ្រាប់បែក​នុយក្លេអ៊ែរហើយ។

ឆ្លើយ​តបសំណួររបស់អ្នកសារព័ត៌មាន Sky News ជុំវិញការវាយអ៊ីរ៉ង់ ​លោក Herzog និយាយថា៖ «នៅ​ពេល​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត​លើ​ទំហំ​និង​សមាមាត្រ​ជា​ប្រវត្តិសាស្ត្របែបនេះ ​អ្នក​ត្រូវ​វិភាគឲ្យបាន​គ្រប់​ទិដ្ឋភាព​និង​ការពិតគ្រប់យ៉ាង។ ការពិតនៃបញ្ហានេះគឺថា យើងមិនមានជម្រើសផ្សេងទៀតទេ។ អ៊ីរ៉ង់កំពុងវិវឌ្ឍឆ្ពោះទៅរកគ្រាប់បែកនេះ ទាំងក្នុងលក្ខខណ្ឌនៃការបង្កើនសារធាតុអ៊ុយរ៉ាញ៉ូម។ យើងត្រូវកម្ចាត់កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ព្រោះយើងមើលឃើញថា ដំណើរការចរចាគឺគ្មានប្រយោជន៍ទេ ពួកគេ និយាយកុហក ទាំងជាមួយយើង ជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តផ្សេងទៀត»។

ប្រធានាធិបតី​អ៊ីស្រាអែល Isaac Herzog (រូបថត៖ Reuters)

ពាក់ព័ន្ធរឿងនុយក្លេអ៊ែរនេះ ប្រធានាធិបតី​អ៊ីរ៉ង់ Masoud Pezeshkian បាន​អះអាង​សាជាថ្មី​​ថា សាធារណរដ្ឋឥស្លាម​​របស់​លោក ​គ្មានចេតនាក្នុងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ​អ្វី​នោះទេ ក្រៅ​តែ​ពី​គោល​បំណង​សម្រាប់​បម្រើ​ជា​​ថាមពល​ស៊ីវិលប៉ុណ្ណោះ។

ក្នុងសុន្ទរកថាទៅកាន់សភាកាលពី​ថ្ងៃ​ចន្ទ​ លោក Pezeshkian និយាយថា៖ «ពួកគេកំពុងអង្គុយហើយនិយាយថា អ៊ីរ៉ង់មិនគួរទទួលបានអាវុធនុយក្លេអ៊ែរទេ ខណៈដែលយើងគ្មានចេតនាចង់ទទួលបានអាវុធទាំងនេះទាល់តែសោះ។ យើងមានសិទ្ធិទទួលបានអត្ថប្រយោជន៍ពីថាមពលនុយក្លេអ៊ែរ និងការស្រាវជ្រាវដែលផ្តល់អត្ថប្រយោជន៍ដល់សង្គមនេះ ហើយគ្មាននរណាម្នាក់​មាន​អំណាច​អាច​ដក​ហូត​សិទ្ធិនេះ​ចេញ​ទេ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរបាយការណ៍ថ្មីៗ​របស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA), អ៊ីរ៉ង់បានបង្កើន​ការ​ចម្រាញ់​សារធាតុអ៊ុយរ៉ាញ៉ូម​ដល់​កម្រិត​ភាព​សុទ្ធ ៦០% ដែល​កៀក​ជិតដល់កម្រិត ៩០% ក្នុង​ការ​​ផលិត​អាវុធ​នុយក្លេអ៊ែរ។

ទោះបីជាយ៉ាងណាក៏ដោយ អ៊ីរ៉ង់​នៅ​តែ​អះអាង​ដដែលៗ​ថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនគឺសម្រាប់តែគោលបំណងស៊ីវិលប៉ុណ្ណោះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ត្រាំ ព្រមានឲ្យគ្រប់គ្នាចេញពីទីក្រុងតេហេរ៉ង់ ជាបន្ទាន់ ទំនងជិតកើតរឿងធំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម