Connect with us

ព័ត៌មានអន្ដរជាតិ

ហូឡង់ និងបែលហ្ស៊ិក ប្រគល់​នាវា​ដោះមីន​២​គ្រឿង​ឲ្យ​អ៊ុយក្រែនពង្រឹង​សន្តិសុខ​ដែន​សមុទ្រ

បានផុស

នៅ

ដើម្បីពង្រឹងសន្តិសុខដែនសមុទ្ររបស់អ៊ុយក្រែនចំពេលមានជម្លោះដែលកំពុងបន្តនៅក្នុងសមុទ្រខ្មៅ ប្រទេសហូឡង់ និងបែលហ្ស៊ិកបានប្រគល់នាវា​ដោះ​មីន​​ចំនួន២​គ្រឿង​ទៅកាន់កងទ័ពជើងទឹកអ៊ុយក្រែន ក្នុងពិធីមួយដែលធ្វើឡើងនៅមូលដ្ឋានទ័ពជើងទឹក Zeebrugge កាល​ពី​ថ្ងៃ​ទី​២៦​ខែ​មិថុនា​ឆ្នាំ​២០២៥។

(រូបថត៖ ក្រសួងការពារជាតិហូឡង់)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីការពារជាតិហូឡង់ លោក Ruben Brekelmans បាន​ប្រាប់​ថា «ប្រទេសហូឡង់ និងបែលហ្ស៊ិកកំពុងផ្ទេរ​នាវា​ដោះមីន​២​គ្រឿង​ទៅអ៊ុយក្រែន (ដែល​នេះ​ជា) ការរួមចំណែកយ៉ាងសំខាន់ចំពោះ​សន្តិសុខសមុទ្រខ្មៅ និងជាគន្លឹះក្នុងការការពារផ្លូវពាណិជ្ជកម្ម និងការផ្គត់ផ្គង់ស្បៀងអាហារពិភពលោក»។ លោក Brekelmans បាន​បន្ថែម​ថា នាវិកនិងអ្នកបច្ចេកទេសអ៊ុយក្រែនត្រូវបានបណ្តុះបណ្តាល​រួច​រាល់​ហើយ​សម្រាប់​ការ​ប្រើប្រាស់​នាវា​ដោះមីន​ទាំង​នេះ។

ប្រមុខ​ការ​ពារ​ជាតិ​ហូឡង់ ក៏​បានសង្កត់​ធ្ងន់​ដែរ​ថា «​កំពង់ផែ​សំខាន់ៗ​នៃ​ទីក្រុង Odesa និង​ផ្លូវ​ដឹកជញ្ជូន​នៅ​សមុទ្រ​ខ្មៅ​ គឺជា​សរសៃឈាម​ជីវិត​នៃ​សេដ្ឋកិច្ច​អ៊ុយក្រែន។ ហើយ(ពួកវា​)ស្ថិតនៅក្រោមការគំរាមកំហែងឥតឈប់ឈរ។ អ៊ុយក្រែនប្រហែលជាមិនឈ្នះសង្រ្គាមនៅសមុទ្រទេ ហើយ​វាពិតជាអាចចាញ់សង្រ្គាមនៅទីនោះ។ យើងមិនអាចអនុញ្ញាត​ឲ្យវាកើតឡើងឡើយ។ នោះហើយជាមូលហេតុដែលវាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សន្តិសុខដែនសមុទ្រ និងការឆ្លងកាត់ដោយសេរី ដែលអ៊ុយក្រែនអាចប្រើប្រាស់​នាវា​ដោះមីន​ទាំង​នោះ»។

នាវាបោសសម្អាតមីន​ទាំង​នេះ ត្រូវបានសាងសង់ឡើងដំបូងក្នុងទសវត្សរ៍ឆ្នាំ​១៩៨០ ក្រោម​កិច្ច​​សហការ​ដោយប្រទេសបែលហ្ស៊ិក ហូឡង់ និងបារាំង ហើយ​ត្រូវបានរចនាឡើងជាពិសេសដើម្បីកំណត់ទីតាំង និង​ដោះ​មីនរបស់កងទ័ពជើងទឹក ដោយប្រើប្រព័ន្ធ​បច្ចេកវិទ្យា​រលក​សំឡេង និងប្រព័ន្ធជំនួយមនុស្សយន្តកម្រិតខ្ពស់។ សមត្ថភាពរបស់ពួកវា​មានសារៈសំខាន់ណាស់ សម្រាប់ការរក្សាកំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែន និងផ្លូវនាំចេញគ្រាប់ធញ្ញជាតិសំខាន់ៗ​ឲ្យ​នៅ​​ដំណើរការ និងមានសុវត្ថិភាព គេច​ផុត​ពីការគំរាមកំហែង​​នៃ​ការ​ដាក់​ពង្រាយ​មីនរបស់រុស្ស៊ី៕

នាវា​ដោះមីន​ហូឡង់ (រូបថត៖ Naval News)

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម