Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ទទួលស្គាល់ថា ការដោះស្រាយជម្លោះរុស្ស៊ី-អ៊ុយក្រែន មិនស្រួលដូចការគិតទេ

បានផុស

នៅ

ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារទី៨ខែកក្កដាឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានទទួលស្គាល់ថា ការដោះស្រាយជម្លោះរុស្ស៊ី-អ៊ុយក្រែន ពិតជាពិបាក មិនស្រួលដូចលោកគិតនោះទេ ហើយក៏មិនគិតថា សមភាគីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ចង់បញ្ចប់សង្គ្រាមនេះដែរ។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តីលោកត្រាំ បង្ហាញពីភាពផ្ទុយស្រឡះចំពោះការអួតអាងកាលមុនឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកអាណត្តិទី២ ដែលអះអាងថា លោកនឹងបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ត្រឹម២៤ម៉ោងប៉ុណ្ណោះ ក្រោយចូលអង្គុយកៅអីនៅសេតវិមាន។

ប្រាប់ទៅអ្នកសារព័ត៌មាន មេដឹកនាំអាមេរិកនិយាយថា លោកមិនសប្បាយចិត្តនឹង ពូទីន ទេ! គាត់សម្លាប់មនុស្សជាច្រើនទាំងទាហានរុស្ស៊ីនិងអ៊ុយក្រែន។ មួយសប្តាហ៍ៗ មានមនុស្សរហូតដល់ទៅ ៧ ០០០នាក់ ត្រូវបានសម្លាប់ក្នុងជម្លោះនេះ។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូបថត៖ Reuters)

ក្រោយមកនៅពេលសួរថាតើលោកមានគម្រោងធ្វើសកម្មភាពអ្វីទៀតឬអត់? លោក ត្រាំ ឆ្លើយថា «ខ្ញុំនឹងមិនប្រាប់អ្នកទេ ខ្ញុំចង់ឲ្យភ្ញាក់ផ្អើលបន្តិច»។ លោកបន្តថា ការដោះស្រាយជម្លោះរុស្ស៊ី-អ៊ុយក្រែន បានប្រែក្លាយទៅជារឿងកាន់តែពិបាក។ យ៉ាងណា ទីក្រុងវ៉ាស៊ីនតោន បានផ្តល់ «ឧបករណ៍យោធា» ដ៏ល្អបំផុតឲ្យទីក្រុងកៀវ។

ការទទួលស្គាល់នេះកើតឡើងមិនយូរប៉ុន្មានបន្ទាប់ពីលោកត្រាំ បញ្ជាក់ពីការប្តេជ្ញាចិត្តបញ្ជូនអាវុធឲ្យអ៊ុយក្រែន ដើម្បីការពារខ្លួន ខុសពីជំហរលើកមុន។ នៅសេតវិមាន ប្រធានាធិបតីអាមេរិកនិយាយថា «យើងត្រូវបញ្ជូនអាវុធបន្ថែមទៀត ភាគច្រើនជាអាវុធការពារខ្លួន។ ពួកគេ (អ៊ុយក្រែន) កំពុងរងការវាយប្រហារខ្លាំងណាស់»។

ជុំវិញរឿងជួយសព្វាវុធនេះ រុស្ស៊ីតែងថ្កោលទោសការដឹកជញ្ជូនអាវុធរបស់លោកខាងលិចទៅឲ្យអ៊ុយក្រែន ដោយលើកហេតុផលថា ទង្វើបែបនេះមានតែអូសបន្លាយការបង្ហូរឈាមនិងបង្កើនហានិភ័យនៃធ្វើឲ្យជម្លោះកាន់តែរីកធំប៉ុណ្ណោះ មិនអាចជួយអ្វីបានទេ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ប្តូរជំហរ! ត្រាំ បញ្ជាក់ថា នឹងជួយអាវុធអ៊ុយក្រែន វិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម