Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល ប្រាប់ UN ថា ហាម៉ាស​បង្អត់​អាហារ​ចំណាប់ខ្មាំង តែ UN ថា ​ប្រជាជន​ហ្គាហ្សាក៏កំពុង​ស្រេកឃ្លានដែរ

បានផុស

នៅ

ក្រោយ​ឃើញ​ចំណាប់ខ្មាំង​សល់​តែ​ស្បែក​ដណ្ដប់ឆ្អឹង​នៅ​ក្នុងខ្សែ​អាត់​​វីដេអូ​​បង្ហោះ​ដោយ​ក្រុម​ហាម៉ាស អ៊ីស្រាអែលបានកោះប្រជុំជាបន្ទាន់នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ​ទី​៥​ខែ​សីហា​ឆ្នាំ​២០២៥ ដោយទាមទារ​ឲ្យ​មានការដោះលែងភ្លាមៗ​នូវចំណាប់ខ្មាំង​ដែលត្រូវចាប់ខ្លួន​​ដោយ​ក្រុមសកម្ម​ប្រយុទ្ធ​ប៉ាឡេស្ទីន។ យ៉ាង​ណាមិញ សមាជិក​ក្រុម​ប្រឹក្សា​ជា​ច្រើន​នៅ​អង្គការ​សហ​ប្រជាជាតិ បែរ​ជា​ចោទ​សួរ និង​បន្ទោសការរារាំងយោធារបស់អ៊ីស្រាអែលចំពោះគ្រោះមហន្តរាយមនុស្សធម៌ ដោយ​​លើក​ឡើង​ពី​វិបត្តិភាពអត់ឃ្លានកាន់តែអាក្រក់ទៅៗនៅតំបន់ហ្គាហ្ស ខណៈ​ប្រជាជនប៉ាឡេស្ទីនជាង ២លាននាក់ប្រឈមនឹងការស្រេកឃ្លានយ៉ាងធ្ងន់ធ្ងរ។

លោក Gideon Saar បង្ហាញ​រូបភាព​ចំណាប់ខ្មាំង​ម្នាក់ អំឡុង​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​នៅឯ​ទីស្នាក់ការ​អង្គការសហប្រជាជាតិ​ក្នុង​ទីក្រុង​ញូវយ៉កថ្ងៃ​ទី​៥សីហា​២០២៥ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Saar ដែលបានហោះទៅទីក្រុងញូវយ៉កសម្រាប់សម័យប្រជុំនោះ បានចោទប្រកាន់ក្រុមហាម៉ាស និងក្រុមជីហាតអ៊ីស្លាមថា មានចេតនាបង្អត់អាហារចំណាប់ខ្មាំងអ៊ីស្រាអែលដែលត្រូវបានចាប់ខ្លួនក្នុងអំឡុងការវាយប្រហារថ្ងៃទី៧ខែតុលា​ឆ្នាំ​២០២៣ ខណៈដែលក្រុម​ហាម៉ាស​វិញ​កំពុង​មាន​ម្ហូបអាហារ​យ៉ាង​ហូរហៀ ដូចជា «សាច់ ត្រី និងបន្លែ»។ លោកបានទទូចថា អ៊ីស្រាអែលកំពុងសម្របសម្រួល«ជំនួយដ៏ច្រើន»ទៅកាន់តំបន់ហ្គាហ្សា ប៉ុន្តែបានចោទប្រកាន់ក្រុមហាម៉ាសថាបានលួចការផ្គត់ផ្គង់ និងលក់អាហារ​ទាំង​នោះ​ដើម្បីរកប្រាក់ចំណេញ។ យ៉ាង​ណាមិញ ការ​អះអាង​របស់​អ៊ីស្រាអែល​នេះ ត្រូវបានអង្គការសហប្រជាជាតិ​ច្រានចោល ហើយ​និយាយ​ថា មិនមានព័ស្តុតាងនៃការលួចបែបនេះទេ។

ទោះជាយ៉ាងណាក៏ដោយ សមាជិកក្រុមប្រឹក្សាសន្តិសុខជាច្រើន រួមជាមួយនឹងភ្នាក់ងារមនុស្សធម៌ បានស្តីបន្ទោសការបិទផ្លូវ​រយៈពេលពីរខែរបស់អ៊ីស្រាអែលចំពោះការរារាំង​ជំនួយ​អាហារ និង​ផ្នែកវេជ្ជសាស្រ្ត​ទៅ​កាន់​តំបន់ហ្គាហ្សា។ ក្រសួងសុខាភិបាលប៉ាឡេស្ទីនរាយការណ៍ថា មនុស្សជាង ១០០នាក់រួមទាំងកុមារជាច្រើនបានស្លាប់ ដោយសារភាព​ស្រេក​ឃ្លាននៅក្នុងទឹកដីដែលត្រូវបានឡោមព័ទ្ធ។

លោក Saar បានធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការឆ្លើយតបរបស់អន្តរជាតិ ដោយចោទប្រកាន់រុស្ស៊ី និងសមាជិកក្រុមប្រឹក្សាដែលមិនបញ្ចេញឈ្មោះផ្សេងទៀតថាបានផ្សព្វផ្សាយ«ការភូតកុហកជាច្រើន»។ លោក​បាន​អះអាង​ថា ពិភពលោក​ត្រូវ​បាន​«ពង្វក់​ចិត្ត»ដោយ​ការ​ឃោសនា​របស់​ក្រុម​ហាម៉ាស ហើយ​បែរ​ជា​​អ៊ីស្រាអែល​ត្រូវ​​រង​ការ​តិះដៀល​ទៅ​វិញ ដោយ​គ្រាន់​តែ​​​ប្រយុទ្ធ​ដើម្បី​ការ​រស់រាន​មាន​ជីវិត​របស់​ខ្លួន​ប៉ុណ្ណោះ។

លោក Saar ក៏បានស្តីបន្ទោសប៉ាឡេស្ទីនចំពោះការ«បង្កើតអំពើភេរវកម្ម» និងបានចោទប្រកាន់ក្រុមហាម៉ាសពីការបដិសេធកិច្ចព្រមព្រៀងបទឈប់បាញ់ ដើម្បីអូសបន្លាយសង្គ្រាម។

ពលរដ្ឋ​ហ្គាហ្សា​កំពុង​រង់ចាំ​យក​ជំនួយ (រូបថត៖ Getty)

ទោះបីជាមានការអះអាងរបស់អ៊ីស្រាអែលក៏ដោយ មន្ត្រីអង្គការសហប្រជាជាតិ និងក្រុមជំនួយបានព្រមានថា តំបន់ហ្គាហ្សាកំពុងស្ថិត​ខិត​ជិត​ទៅ​ដល់​គ្រោះទុរ្ភិក្សពេញ​ទំហឹង ជាមួយនឹងការរឹតបន្តឹងជំនួយដោយចេតនាធ្វើ​ឲ្យ​វិបត្តិកាន់តែអាក្រក់ទៅៗ។ ទាំង​សហរដ្ឋ​អាមេរិក និង​បណ្ដា​ប្រទេស​អឺរ៉ុប ខណៈពេលដែលគាំទ្រដល់សិទ្ធិ​ស្វ័យការពាររបស់អ៊ីស្រាអែល បានដាក់សម្ពាធកាន់តែខ្លាំងឡើងដល់រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ ​ឲ្យ​អនុញ្ញាត​ឲ្យ​មានសិទ្ធិមនុស្សធម៌បន្ថែមទៀត៕

ដោយ៖ ឈាង

ចុចអាន៖ ក្រោយ​ឃើញ​ចំណាប់ខ្មាំង​សល់​តែ​ស្បែក​ដណ្ដប់ឆ្អឹង ណេតាន់យ៉ាហ៊ូ ស្នើសុំ​ជំនួយពី​កាកបាទក្រហម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម