Connect with us

ព័ត៌មានអន្ដរជាតិ

KCNA៖ កូរ៉េ​ខាង​ជើង ​​បាញ់​សាក​ល្បង​មីស៊ីល​ថ្មី ​ដោយ​អួត​ថា​ភ្ជាប់​«​បច្ចេក​វិទ្យា​ពិសេស»

បានផុស

នៅ

ប្រទេសកូរ៉េខាងជើង បានប្រកាសថា ខ្លួនបានបាញ់សាកល្បងដោយជោគជ័យនូវមីស៊ីល​ការពារដែនអាកាសថ្មីចំនួនពីរ ដែលត្រូវបានអភិវឌ្ឍជាមួយនឹងអ្វីដែលខ្លួនពណ៌នាថាជា «បច្ចេកវិទ្យាពិសេស»។

(រូបថត៖ KCNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​ចុះផ្សាយ​របស់ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ KCNA ការធ្វើតេស្តនេះត្រូវបានត្រួតពិនិត្យដោយផ្ទាល់ដោយមេដឹកនាំគីម ជុងអ៊ុន កាលពីថ្ងៃសៅរ៍​ទី​២៣​ខែសីហា​ឆ្នាំ​២០២៥។ របាយការណ៍​របស់ KCNA បានបញ្ជាក់ថា មីស៊ីល​បានបង្ហាញពី «ប្រតិបត្តិការប្រយុទ្ធ​ដ៏​ខ្លាំងក្លា​បំផុត» និងប្រសិទ្ធភាពខ្ពស់ក្នុងការវាយលុកលើគោលដៅពីលើអាកាស​ជា​ច្រើន​សណ្ឋាន ដូចជា យន្តហោះគ្មាន​មនុស្ស​បើក ឬ​ក៏​មីស៊ីល​គ្រូស​ ជា​ដើម។

KCNA មិនបានផ្តល់ព័ត៌មានលម្អិតអំពីលក្ខណៈបច្ចេកទេសរបស់មីស៊ីលនោះទេ ដោយគ្រាន់តែពិពណ៌នាថា «ប្រតិបត្តិការ និងការឆ្លើយតបរបស់វាផ្អែកលើបច្ចេកវិទ្យាពិសេសមួយ»។ វាមិនទាន់ច្បាស់នៅឡើយទេថាតើបច្ចេកវិទ្យាពិសេសនេះត្រូវបានបង្កើតឡើងដោយកូរ៉េខាងជើងផ្ទាល់ ឬទទួលបានការគាំទ្រពីខាងក្រៅ។

ប៉ុន្មានថ្ងៃមុននេះ យោធាកូរ៉េខាងត្បូងបានរាយការណ៍ពីការបាញ់ព្រមានទៅលើក្រុមទាហានកូរ៉េខាងជើងប្រហែល ៣០​នាក់ ដែលបានឆ្លងកាត់តំបន់គ្មានយោធា(DMZ)។ កូរ៉េខាងជើងបានឆ្លើយតបដោយហៅព្រឹត្តិការណ៍នេះថាជា «ការបង្កហេតុដែលបានគិតទុកជាមុន និងដោយចេតនា» ដែលបង្កើនការព្រួយបារម្ភបន្ថែមទៀតលើភាព​តឹនតឹង​ផ្នែក​យោធា។

អ្នកវិភាគបានលើកឡើងថា ការសាកល្បងមីស៊ីល​នេះមានគោលបំណងជាច្រើន ដូចជា បង្ហាញពីការអភិវឌ្ឍអាវុធដែលកំពុងបន្តរបស់កូរ៉េខាងជើងចំពេលមានទណ្ឌកម្មអន្តរជាតិ ឆ្លើយតបទៅនឹងសមយុទ្ធយោធារួមគ្នារវាងកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកដែលក្រុងព្យុងយ៉ាងថ្កោលទោសជាប់លាប់ថាជាការហាត់សមឈ្លានពាន និងពង្រឹងជំហររឹងមាំរបស់ខ្លួនចំពេលទំនាក់ទំនងអន្តរកូរ៉េមានភាពតានតឹង។

ទោះបីជាមានការខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីកូរ៉េខាងត្បូង Lee Jae Myung ក្នុងការជំរុញកិច្ចសន្ទនា និងកសាង«ទំនុកចិត្តផ្នែកយោធា»ក៏ដោយ កូរ៉េខាងជើងបាននិយាយម្តងហើយម្តងទៀតថា ខ្លួនមិនមានចំណាប់អារម្មណ៍ក្នុងការចូលរួម​ផ្សះផ្សា​​ឡើងវិញទេ ដោយជ្រើសរើសជំនួស​មក​វិញនូវ​ការ​ពន្លឿនកម្មវិធីអាវុធរបស់ខ្លួន និងប្រកាន់យកជំហរអះអាងកាន់តែខ្លាំងឡើងនៅតាមព្រំដែន៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម