Connect with us

ព័ត៌មានអន្ដរជាតិ

សមាជិកសភាឥណ្ឌូណេស៊ី ៥រូប ត្រូវបាន​ព្យួរ​ពី​តំណែង ក្រោយ​ការ​តវ៉ាដោយហិង្សា​ទូទាំង​ប្រទេស

បានផុស

នៅ

រដ្ឋាភិបាល​ឥណ្ឌូណេស៊ី បានព្យួរ​តំណែង​សមាជិកសភាចំនួន​៥​រូប ក្រោយ​​មាន​ការតវ៉ាដោយហិង្សានៅទូទាំងប្រទេស ពាក់ព័ន្ធ​នឹង​ការ​ដំឡើង​ប្រាក់​​ឧបត្ថម្ភ​លំនៅដ្ឋាន​​សម្រាប់​សមាជិកសភា។

សកម្មភាព​តវ៉ា​នៅ​ឥណ្ឌូណេស៊ី (រូបថត៖ Bloomberg)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការព្យួរ​តំណែង​នេះ បានធ្វើឡើងបន្ទាប់ពីភាពចលាចលជាច្រើនថ្ងៃដែលបានចាប់ផ្តើមនៅថ្ងៃទី​២៥​ខែសីហា ក្រោយ​មាន​ការ​ដំឡើង​ប្រាក់ឧបត្ថម្ភលំនៅដ្ឋាន​ប្រចាំ​ខែ​​សម្រាប់​សមាជិក​សភា​ចំនួន​​ ៣ ០០០​ដុល្លារ​ ស្មើ​នឹង​ជិត១០​ដងនៃប្រាក់ខែជាមធ្យមរបស់ពលរដ្ឋ​ហ្សាការតា បណ្ដាល​ឲ្យ​បញ្ឆេះ​ជា​កំហឹងក្នុងចំណោមសិស្ស កម្មករ និងសកម្មជនតាមអ៊ីនធឺណិត។ ភាពចម្រូងចម្រាសនេះ បានធ្វើ​ឲ្យ​មានការភ័យខ្លាច​បន្ថែម​ទៀត​នៅ​ឥណ្ឌូណេស៊ី​ ខណៈ​ប្រទេស​មួយ​នេះ​កំពុងជួបការលំបាកផ្នែកសេដ្ឋកិច្ច ការពង្រីកវិសមភាព និងការខកចិត្តជាសាធារណៈជាមួយនឹងឥស្សរជននយោបាយ។

សមាជិក​សភា​ដែល​ត្រូវ​ព្យួរ​តំណែង មាន​ដូចជា លោក Ahmad Sahroni មក​ពី​គណបក្សប្រជាធិបតេយ្យជាតិ (Nasdem), លោកស្រី Nafa Urbach មក​ពី​គណបក្សប្រជាធិបតេយ្យជាតិ (Nasdem), លោក Eko Hendro Purnomo មក​ពី​គណបក្សអាណត្តិជាតិ (PAN), លោក Surya Utama មកពី​គណបក្សអាណត្តិជាតិ (PAN) និង​លោក Adies Kadir មក​ពី​គណបក្ស Golkar។ សមាជិកសភាឥណ្ឌូណេស៊ី​ទាំង​៥​រូប ត្រូវបាន​ព្យួរ​ពី​តំណែង ដោយគណបក្សនយោបាយរបស់ពួកគេ​ សម្រាប់ការធ្វើសុន្ទរកថាដ៏ចម្រូងចម្រាសការពារប្រាក់ឧបត្ថម្ភរបស់សភាដ៏ខ្ជះខ្ជាយ ដែលបង្ក​ឲ្យ​មានកំហឹងជាសាធារណៈ និងការតវ៉ាទូទាំងប្រទេស។ ផ្ទះ​ចំនួន​៤​របស់​ពួក​គេ​ ត្រូវ​បាន​ក្រុម​បាតុករ​វាយ​ឆ្មក់ និងរឹបអូស​យក​ទ្រព្យ​សម្បត្តិ។

ពាក់ព័ន្ធ​នឹង​ភាព​ចលាចល​ក្នុង​ប្រទេស​នេះ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានប្រកាស​លុប​ចោល​ប្រាក់ឧបត្ថម្ភលំនៅដ្ឋានសម្រាប់សមាជិកសភា​វិញ​។ បន្ថែម​ពី​នេះ លោក​ក៏​បាន​លុបចោលការធ្វើដំណើរដែលបានគ្រោងទុកទៅសន្និសីទសន្តិសុខក្នុងប្រទេសចិនកាលពីថ្ងៃសៅរ៍​​សប្ដាហ៍​មុន​ផង​ដែរ៕

ដោយ៖ ឈាង

ចុចអាន៖ ឥណ្ឌូណេស៊ី ​កាត់​ប្រាក់​ឧបត្ថម្ភ​សមាជិក​សភាវិញ ​បន្ទាប់​ពី​ផ្ទុះ​មាន​ការ​តវ៉ា​ដ៏​សាហាវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម