Connect with us

ព័ត៌មានអន្ដរជាតិ

ស្ថានភាពលោក ថាក់ស៊ីន ក្រោយចូលពន្ធនាគារ​​ ក្នុងនាមជាអ្នកទោស

បានផុស

នៅ

យោងតាម thaiger កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ បានដកស្រង់សម្ដីពីនាយកដ្ឋានកែតម្រូវ ដោយទម្លាយអំពីស្ថានភាពបច្ចុប្បន្នរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រ បន្ទាប់ពីតុលាការកំពូល​​ចេញ​សាលក្រម​សម្រេចឲ្យចូល​ទៅ​​​​​អនុវត្តទោស​​រយៈពេល១ឆ្នាំ ក្រោយ​ព្រះមហាក្សត្រ​​​កាត់​បន្ថយទោស​ពី​៨ឆ្នាំ​ ប៉ុន្តែ​​លោកបាន​គេចវេសពី​ការ​អនុវត្តទោស​ ដោយ​យក​លេស​​​​មានជំងឺប្រចាំកាយ ហើយត្រូវ​ផ្ទេរ​ទៅសម្រាក​នៅមន្ទីរ​ពេទ្យ​របស់​ប៉ូលិស​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ទោ Chain Kanchanapat អគ្គនាយករងនៃនាយកដ្ឋានកែតម្រូវ និងជាអ្នកនាំពាក្យនាយកដ្ឋានបានលាតត្រដាងករណីនៃការឃុំខ្លួនអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីនថា នៅក្នុងរយៈ៥ថ្ងៃដំបូង មហាសេដ្ធីថៃថៃនឹងត្រូវចំណាយពេលនៅដាច់ដោយឡែកពីគេ។ បន្ទាប់ពីនោះ អ្នកទោសនឹងត្រូវបានចាត់ថ្នាក់ដោយគណៈកម្មាធិការចាត់ថ្នាក់ ដែលនឹងពិចារណាលើសមត្ថភាពបុគ្គល។ ជាឧទាហរណ៍ អ្នកទោសដែលមានជំនាញគិលានុបដ្ឋាយិកានឹងត្រូវបានដាក់នៅក្នុងគិលានដ្ឋានដើម្បីជួយក្នុងការគ្រប់គ្រងថ្នាំ ចំណែកអ្នកទោសដែលមានជំនាញវិស្វកម្មនឹងត្រូវដាក់នៅក្នុងផ្នែកថែទាំ។

ដោយឡែក ក្នុងករណីលោកថាក់ស៊ីន ដែលមានជំនាញភាសាស្រាប់ គាត់អាចនឹងត្រូវបានតែងតាំងជាគ្រូបង្រៀនភាសា ព្រោះសកម្មភាពកំពុងត្រូវបានបង្កើតឡើងដើម្បីផ្តល់ចំណេះដឹងដល់អ្នកទោសទាំងអស់ និងអភិវឌ្ឍឥរិយាបទល្អ ដោយប្រើប្រាស់អ្នកទោសគ្រប់រូប ដើម្បីជាប្រយោជន៍ដល់ពន្ធនាគារទាំងមូល។

ក្នុងអំឡុងពេលដាក់ឲ្យនៅដាច់ពីគេរយៈពេល៥ថ្ងៃ នាយកដ្ឋានកែតម្រូវបានដាក់លោកថាក់ស៊ីននៅក្នុងបន្ទប់ជាមួយមនុស្សចាស់ ដោយសារគាត់មានវ័យចំណាស់ ហើយមិនអាចដាក់ជាមួយអ្នកទោសដែលពាក់ព័ន្ធនឹងករណីឃាតកម្មបានឡើយ។ ជាងនេះទៅទៀតដែរ កាលពី២យប់ដំបូងនៅក្នុងគុក លោកក៏អាចហូបត្រឹមស៊ុត និងកាហ្វេដូចអ្នកទោសផ្សេងទៀត ហើយគេងលក់ធម្មតា ក៏មិនមានការស្នើសុំជាពិសេសឡើយ។

អ្នកនាំពាក្យនាយកដ្ឋានរូបនេះ ក៏បានបញ្ចាក់ជាចុងក្រោយទៀតថា បច្ចុប្បន្នខាងពន្ធនាគារ គឺមិនអនុញ្ញាត​ឲ្យ​អ្នកណាម្នាក់ចូល​សួរ​សុខ​ទុក្ខ​អ្នកទោសទេ រួម​ទាំង​មេធាវី​ផ្ទាល់ខ្លួនផងដែរ។ បន្ទាប់ពីរយៈពេលប្រាំថ្ងៃមក មនុស្សតែ ១០ នាក់ប៉ុណ្ណោះ រួមទាំងភរិយា កូនៗ និងសមាជិកគ្រួសារផ្សេងទៀតរបស់ថាក់ស៊ីន នឹងត្រូវបានអនុញ្ញាតឲ្យចូលសួរសុខទុក្ខតាមបទប្បញ្ញត្តិ។

សូមជម្រាបជូនថា ក្រោយ​ការ​ប្រកាស​សាលក្រម​ចប់ភ្លាម មហាសេដ្ឋីវ័យ​៧៦​ឆ្នាំ ត្រូវ​បាន​​តម្រូវ​ឲ្យ​ប្តូរ​សម្លៀក​បំពាក់​ពី​​ឈុត​​ស៊ីវិល​ទៅ​ឈុត​អ្នក​ទោស​ ដើម្បី​​អនុវត្តទោស​​​រយៈពេល១ឆ្នាំ​ ដោយ​ឃុំខ្លួន​នៅមន្ទីរ​ឃុំឃាំង «Bangkok Remand Prison»​ ។ នេះបើយោងតាមសារ​ព័ត៌មាន​ថៃ​ The Nation បានចុះផ្សាយនាពេលកន្លងមក៕

រូបភាព៖mgronline

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ពន្ធនាគារ​​បាងកក​ រងការរិះគន់ថា ​ជួសជុល​ឲ្យថ្មីដើម្បីត្រៀមទទួល លោក ថាក់ស៊ីន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម