សុខភាព
គ្រោះថ្នាក់នៃការបង្ករោគលើទារកក្រោមអាយុ ២៨ថ្ងៃ
១) តើអ្វីទៅជាការបង្ករោគលើទារក?
ការបង្ករោគលើទារក គឺជាការយាយីដោយមេរោគបាក់តេរីលើទារក បណ្តាលឲ្យលេចចេញនូវចង្កោមរោគ សញ្ញានៃជំងឺដែលប៉ះពាល់ដល់សារពាង្គកាយទាំងស្រុង រួមនឹងការបណ្តុះមេរោគក្នុងឈាមវិជ្ជមាន។
គេបែងចែកការបង្ករោគនេះជាពីរ៖
– ការបង្ករោគលើទារកបឋម ដែលរោគសញ្ញាលេចឡើងក្នុងអំឡុងពេល ៧២ម៉ោងនៃជីវិត
– ការបង្ករោគលើទារកយឺតយ៉ាវ ដែលរោគសញ្ញាលេចឡើងបន្ទាប់ពី ៧២ម៉ោងនៃជីវិត
២) មូលហេតុអ្វីបានជាត្រូវប្រុងប្រយ័ត្នកុំឲ្យមានការបង្ករោគលើទារក?
ទារកក្រោមអាយុ ២៨ថ្ងៃ ជាពិសេសទារកពុំគ្រប់ខែ ឬពុំគ្រប់គីឡូ មានប្រព័ន្ធការពារខ្លួនខ្សោយប្រសិនបើមានជ្រៀតចូលមេរោគលើទារកទាំងនេះ អាចបង្កឲ្យមានរោគសញ្ញាធ្ងន់ធ្ងរ ដែលអាចឲ្យមានអត្រាមរណៈភាព និងពិការភាពខ្ពស់ បើសិនមិនមានការព្យាបាលទាន់ពេលវេលានិងត្រឹមត្រូវ។
៣) តើរោគសញ្ញាដែលសង្ស័យថា មានការបង្ករោគលើទារកមានអ្វីខ្លះ?
– វិបត្តិផ្លូវដង្ហើមៈ ទារកដកដង្ហើមហត់ខ្លាំង ផតទ្រូង ថ្ងូរ បាត់ដង្ហើមមួយរយៈៗ សម្បុរស្វាយ
– វិបត្តិនៃការរក្សាសីតុណ្ហភាពធម្មតាក្នុងខ្លួនៈ ទារកមានភាពត្រជាក់ខ្លាំង (កំដៅទារកទាបជាង៣៥អង្សាសេ) ឬទារកក្តៅខ្លួន (កម្ដៅលើសពី ៣៨អង្សាសេ)
– សម្បុរទារកស្លេកស្លាំងខុសពីធម្មតា
– ខាន់លឿងចំពោះទារកដែលមានអាយុក្រោម ២៤ម៉ោង
– ប្រកាច់ ឬទារកមានសភាពទន់ខុសពីធម្មតា
– ទារកបៅតិចជាងធម្មតា ឬពុំបៅ
– ពោះប៉ោងតឹង មានឈាមតាមលាមក….។

៤) កត្តាប្រឈមដែលបណ្តាលឲ្យមានការបង្ករោគលើទារក៖
– ម្តាយមានសញ្ញាក្តៅខ្លួនលើសពី ៣៨អង្សាសេ មុនអំឡុងពេល និងក្រោយសម្រាល
– បែកទឹកភ្លោះយូរលើសពី ១៨ម៉ោង
– ទឹកភ្លោះមានពណ៌ខ្ទុះ មានក្លិនស្អុយ
– ម្តាយមានការបង្ករោគនៅនឹងទ្វារមាស ឬការបង្ករោគលើផ្នែកណាមួយ
– ទារកកើតពុំគ្រប់ខែ (ក្រោម ៣៧សប្តាហ៍នៃគភ៌) ឬពុំគ្រប់គីឡូ (តិចជាង ២៥០០ក្រាម)
– ទារកដែលខ្សោយពេលកើត

៥) ការធ្វើរោគវិនិច្ឆ័យ៖
– ទារកដែលមានសញ្ញា ឬកត្តាប្រឈមដែលសង្ស័យថា មានការបង្ករោគ នឹងត្រូវបានធ្វើការតាមដានតាមរយៈ ការអង្កេតគ្លីនិក និងការធ្វើតេស្តដើម្បីបញ្ជាក់ពីការចំលងរោគនេះ (បណ្តុះមេរោគក្នុងឈាម)។
៦) ការព្យាបាល៖
– ការព្យាបាលដោយថ្នាំផ្សះដែលត្រឹមត្រូវតាមលទ្ធផលនៃការបណ្តុះមេរោគ
– ការព្យាបាលតាមរោគសញ្ញា (ផ្តល់អុកស៊ីសែន ប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមលើទារកដែលមានវិបត្តិផ្លូវ ដង្ហើមធ្ងន់ធ្ងរ និងការព្យាបាលដោយកាំរស្មីចំពោះខាន់លឿង)
៧) ការការពារការចំលងរោគលើទារក៖
– ព្យាបាលដោយថ្នាំផ្សះលើម្តាយដែលមានការបង្ករោគ ឬបែកទឹកភ្លោះយូរលើសពី ១៨ម៉ោង
– រក្សាអនាម័យជុំវិញការថែទាំទារកក្រោយកើត (សំអាតដៃមុនពេលប៉ះពាល់ទារក)

” រាល់ទារកដែលមានសញ្ញាពុំប្រក្រតីណាមួយ ដែលសង្ស័យថាមានការបង្ករោគ សូមមេត្តាបញ្ជូនទារកមកទទួលការពិនិត្យ និងវាយតម្លៃដោយក្រុមការងារគ្រូពេទ្យឯកទេសសង្គ្រោះទារកនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីឈានដល់ការព្យាបាលឲ្យបានទាន់ពេលវេលា និងទទួលបានប្រសិទ្ធភាព ប្រសិទ្ធិភាពខ្ពស់”៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ជំងឺទឹកដក់ក្នុងភែ្នក
-
ព័ត៌មានជាតិ១៩ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន



