Connect with us

សុខភាព

អ្នកជំងឺទឹកនោមផ្អែម មិនប្រយ័ត្នអាចខូចតម្រងនោម និងត្រូវលាងឈាម

បានផុស

នៅ

មុខងារ​សំខាន់​របស់​តម្រង​នោម គឺ​កម្ចាត់​កាក​សំណល់​ចេញ​ពី​ឈាម និង​បង្វិល​ឈាម​ដែល​ស្អាត​ត្រឡប់​ទៅ​​កាន់​រាង​កាយ​វិញ​។ តម្រង​នោម​ខូច មាន​ន័យ​ថា​តម្រង​នោម​មិន​អាច​កម្ចាត់​ជាតិ​ពុល​ចេញ​ពី​រាង​កាយ​បាន និង​​មិន​អាច​រក្សា​កម្រិត​សារធាតុ​រាវ និង​អំបិល​ដែល​រាង​កាយ​ត្រូវ​ការ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មូល​ហេតុ​មួយ​បង្ក​ឲ្យ​តម្រង​នោម​ខូច គឺ​​ជំងឺ​ទឹក​នោម​ផ្អែម។ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់ ហើយ​ការ​ឡើង​កម្រិត​ជាតិ​ស្ករ​ក្នុង​រយៈពេល​យូរ​នឹង​អាច​ធ្វើ​ឲ្យ​ខូច​តម្រង​ល្អិត​ៗ​​រាប់​លាន​មាន​នៅ​ក្នុង​តម្រង​នោម​។​ បើ​សិន​ជា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​នៅ​តែ​ខ្ពស់ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​មិន​អាច​គ្រប់​គ្រង​បាន ចុងក្រោយ​អាច​ធ្វើ​ឲ្យ​ខូច​តម្រង​នោម​។

អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រហែល​​ពី ២០​ទៅ​៣០​ភាគរយ អាច​វិវត្ត​ទៅ​ជា​ជំងឺ​តម្រង​នោម​បង្ក​ដោយ​ជំងឺ​ទឹក​នោម​ផ្អែម​ តែ​មិន​មែន​មាន​ន័យ​ថា​តម្រង​នោម​​ឈាន​ដល់​ដំណាក់​កាល​​ខូច​មិន​អាច​ដំណើរ​ការ​បាន​​នោះ​ទេ​។ កត្តា​ប្រឈម​ដែល​នាំ​ឲ្យ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម ជួប​បញ្ហា​ខូច​តម្រង​នោម​ គឺ​រយៈ​ពេល​នៃ​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​។

អ្នក​ជំងឺ​ទឹក​នោម​ផ្អែម មាន​ជំងឺ​តម្រង​នោម​ មិន​អាច​ព្យាបាល​ជា​សះស្បើយ គឺ​ត្រូវ​ការ​ការ​ថែ​ទាំ​ព្យាបាល​អស់​មួយ​ជីវិត​។​ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ក៏​ប្រឈម​​នឹង​បញ្ហា​តម្រង​នោម​ផ្សេង​ទៀត​ដែរ មាន​ដូច​ជា សរសៃឈាម​អាក់​ទែ​តម្រង​នោម​រួម​តូច​ ដែល​អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​កើន​ឡើង និង​កាត់​បន្ថយ​ដំណើរ​ការ​របស់​តម្រង​នោម​។

១. រោគ​សញ្ញា​ខ្សោយ​តម្រង​នោម

សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម បញ្ហា​តម្រង​នោម​ជា​ធម្មតា​អាច​រក​ឃើញ​នៅ​ពេល​អ្នក​ជំងឺ​ទៅ​ពិនិត្យ​សុខ​ភាព​។ យ៉ាងណា អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ មិន​សូវ​ដឹង​ថា​ខ្លួន​មាន​ជំងឺ​មួយ​នេះ​ទេ​។ ការណ៍​នេះ​មាន​ន័យ​ថា ការ​មិន​បាន​ត្រួត​ពិនិត្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម យូរ​ៗ​ទៅ​កម្រិត​ជាតិ​ស្ករ​ខ្ពស់​អាច​នឹង​ធ្វើ​ឲ្យ​តម្រង​នោម​អ្នក​ជំងឺ​ខូច​បន្តិច​ម្ដងៗ​។ ជា​ដំបូង​ៗ រោគ​សញ្ញា​អាច​មាន​ត្រឹម​តែ​ការ​កើន​ឡើង​ប្រូតេអ៊ីន​នៅ​ក្នុង​ទឹក​នោម ប៉ុន្តែ​មិន​មាន​រោគ​សញ្ញា​ផ្សេង​ទៀត​ទេ​។ មុន​នឹង​តម្រង​នោម​​​រង​ការ​ខូច​ខាត​ធ្ងន់​ធ្ងរ​ អាច​ត្រូវ​ការ​រយៈ​ពេល​យូរ​ឆ្នាំ និង​អាច​មាន​ចេញ​រោគ​សញ្ញា​មួយ​ចំនួន​​ដូ​ច​ជា៖​​

  • ​ចាល់​សារធាតុ​រាវ​ក្នុង​ខ្លួន​​
  • អស់កម្លាំង
  • ឈឺ​ក្បាល
  • ចង្អោរ
  • ក្អួត​

២. មូល​ហេតុ​ជំងឺ​ទឹក​នោម​ផ្អែម​ធ្វើ​ឲ្យ​ខូច​តម្រង​នោម​

គេ​ដឹង​ច្បាស់​ថា​ជំងឺ​ទឹក​នោម​ផ្អែម​អាច​នាំ​ឲ្យ​កើត​ជំងឺ​តម្រង​នោម ប៉ុន្តែ​មូល​ហេតុ​កម្រិត​ជាតិ​ស្ករ​ខ្ពស់​ក្នុង​ឈាម​ធ្វើ​ឲ្យ​តម្រង​ច្រោះ​ឈាម​ក្នុង​ទឹក​នោម​ខូច​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​។ សម្ពាធ​ឈាម​ខ្ពស់​ ក៏​ជា​កត្តា​ប្រឈម​មួយ​ធ្វើ​ឲ្យ​មាន​ជំងឺ​តម្រង​នោម​ដែរ ហើយ​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ក៏​ងាយ​នឹង​កើត​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​។

ដូច​គ្នា​ដែរ ការ​ជក់​បារី និង​ប្រវត្តិ​គ្រួសារ​ ក៏​ជា​កត្តា​ប្រឈម​នៃ​ជំងឺ​តម្រង​នោម​ដែរ។ ជំងឺ​តម្រង​នោម​បង្ក​ដោយ​ជំងឺ​ទឹក​នោម​ផ្អែម​នឹង​វិវត្ត​ទៅ​មុខ​ជា​និច្ច ទោះ​ជា​ប្រើ​ប្រាស់​ថ្នាំ​ព្យាបាល​ក៏​ដោយ​ តែ​ថា​ការ​ព្យាបាល​នឹង​ជួយ​ពន្យឺត​ការ​ខូច​ខាត​នេះ​។

៣. ការ​ធ្វើ​រោគ​វិនិច្ឆ័យ​

What is diabetes and what is its origin? | FIFARMA

ជំងឺ​តម្រង​នោម​បង្ក​ដោយ​ជំងឺ​ទឹក​នោម​ផ្អែម​អាច​​ធ្វើ​រោគ​វិនិច្ឆ័យ​ដឹង​តាម​វិធី​មួយ​ចំនួន​៖

  • តេស្ត​ទឹក​នោម៖ តេស្ត​ទឹក​នោម​ធ្វើ​ឡើង​ដើម្បី​ពិនិត្យ​កម្រិត​ប្រូតេអ៊ីន​។ កម្រិត​ប្រូតេអ៊ីន​ក្នុង​ទឹក​នោម​ឡើង​ខ្ពស់​ខុស​ធម្មតា គឺ​ជា​សញ្ញា​ដំបូង​មួយ​នៃ​ជំងឺ​តម្រង​នោម​បង្ក​ដោយ​ជំងឺ​ទឹកនោម​ផ្អែម​។
  • វាស់​សម្ពាធ​ឈាម​៖ ការ​ពិនិត្យ​តាម​ដាន​សម្ពាធ​ឈាម​ឲ្យ​បាន​ទៀង​ទាត់​គឺ​ជា​រឿង​សំខាន់។ សម្ពាធ​ឈាម​ឡើង​ខ្ពស់​ ក៏​ជា​មូល​ហេតុ​នាំ​ឲ្យ​មាន​ជំងឺ​តម្រង​នោម​លើ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម ហើយ​សម្ពាធ​ឈាម​ខ្ពស់​ក៏​រួម​ចំណែក​ធ្វើ​ឲ្យ​ជំងឺ​តម្រង​នោម​វិវត្ត​ទៅ​មុខ​ដែរ​។
  • តេស្ត​ឈាម៖ តេស្ត​ឈាម​ធ្វើ​ឡើង​ដើម្បី​ពិនិត្យ​លើ​កម្រិត​នៃ​ដំណើរ​ការ​របស់​តម្រង​នោម​។
  • ច្រឹប​សាច់​៖ ការ​ច្រឹប​សាច់​នេះ គឺ​ច្រឹប​​យក​ជាលិកា​តូច​មួយ​ពី​តម្រង​នោម ដើម្បី​ធ្វើការ​ពិនិត្យ​ក្នុង​មន្ទីរ​ពិសោធន៍​។ ការ​ធ្វើ​បែប​នេះ អាច​ធ្វើ​ឡើង​ក្នុង​ករណី​សង្ស័យ​ថា​តម្រង​នោម​ខូច​ដោយ​សារ​ជំងឺ​ទឹក​នោម​ផ្អែម ឬ​មូលហេតុ​ផ្សេងៗ​ទៀត​។
  • ឆ្លុះ​អេកូ​តម្រង​នោម៖ ឆ្លុះ​អេកូ អាច​ឲ្យ​ដឹង​ពី​ទំហំ​របស់​តម្រង​នោម និង​អាច​ឲ្យ​យើង​ឃើញ​ពី​សរសៃឈាម​អាក់​ទែ​រត់​ទៅ​តម្រង​នោម​មាន​សភាព​រួម​តូច ឬ​យ៉ាងណា ដែល​ការណ៍​នេះ​អាច​​បន្ថយ​សមត្ថភាព​ដំណើរ​ការ​នៃ​តម្រង​នោម​។

៤. ការ​ព្យាបាល

ជំងឺ​តម្រង​នោម​បង្ក​ដោយ​ជំងឺ​ទឹក​នោម​ផ្អែម​មិន​មាន​ការ​ព្យាបាល​ឲ្យ​ជា​សះស្បើយ​នោះ​ទេ​។ ការ​ព្យាបាល​ត្រូវ​ធ្វើ​ឲ្យ​បាន​លឿន​ជាង​ការ​វិវត្ត​របស់​តម្រង​នោម​ទៅ​រក​ការ​ខូច​ខាត​។ វិធី​សាស្រ្ត​ព្យាបាល​មាន​ដូច​ជា៖

  • ​ការ​ពារ៖ ការពារ ជា​វិធី​សាស្រ្ត​មួយ​ល្អ​បំផុត​នៃ​ការ​ព្យាបាល និង​រួម​ទាំង​ការ​គ្រប់​គ្រង​​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​សម្ពាធ​ឈាម​បាន​ល្អ​។
  • ប្រើ​ប្រាស់​ថ្នាំ៖ ថ្នាំ​មួយ​ចំនួន​អាច​ត្រូវ​គ្រូពេទ្យ​ចេញ​វេជ្ជ​បញ្ជា​ឲ្យ​ប្រើ​ប្រាស់ ដើម្បី​ទប់​ស្កាត់​ការ​ខូច​ខាត​តម្រង​នោម​​។
  • លាង​ឈាម​៖ ការ​លាង​ឈាម​គឺ​ប្រៀប​ដូច​ជា​ការ​ប្រើ​តម្រង​នោម​សិប្បនិម្មិត​អ៊ីចឹង​ដែរ​ ដើម្បី​ច្រោះ​យក​សារធាតុ​ពុល ឬ​កាក​សំណល់​ផ្សេងៗ​ចេញ​​ពី​ក្នុង​ឈាម និង​បញ្ជូន​ឈាម​ល្អ​ត្រឡប់​ទៅ​រាង​កាយ​វិញ​។ ការ​ខូច​តម្រង​​នោម​ដំណាក់​កាល​ចុង​ក្រោយ គឺ​ជា​ការ​ខូច​ខាត​ដែល​តម្រង​នោម​មិន​អាច​ដំណើរ​ការ​ទៀត​បាន​តែ​ម្ដង​ ដែល​ជា​ហេតុ​នាំ​ឲ្យ​អ្នក​ជំងឺ​ត្រូវ​ការ​ការ​លាង​ឈាម​។
  • ដូរ​តម្រង​នោម​៖ ការ​ដូរ​តម្រង​នោម គឺ​ជា​ការ​ទទួល​យក​ការ​បរិច្ចាគ​តម្រង​នោម​ពី​អ្នក​មាន​សុខ​ភាព​ល្អ ដូច​ជា​មិត្ត​ភក្តិ ឬ​សាច់​ញាតិ ដើម្បី​ដូរ​ជំនួស​តម្រង​នោម​ដែល​ខូច​។

៥. កាត់​បន្ថយ​កត្តា​ប្រឈម​

The evolution of care for different types of diabetes

អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម អាច​កាត់​បន្ថយ​កត្តា​ប្រឈម​កើត​ជំងឺ​តម្រង​នោម​ ឬ​ក៏​អាច​ពន្យារ​ពេល​កើត​ជំងឺ​នេះ​បាន ដោយ​អនុវត្ត​តាម​វិធី​សាស្រ្ត​មួយ​ចំនួន​៖

  • គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​បាន​ត្រឹម​ត្រូវ​
  • គ្រប់​គ្រង​សម្ពាធ​ឈាម​ឲ្យ​បាន​ល្អ​
  • ចៀសវាង​ប្រើ​ប្រាស់​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់(NSAIDS)
  • ព្យាបាល​ការ​ឆ្លង​រោគ​ផ្លូវ​ទឹកនោម​ដោយ​ថ្នាំ​ផ្សះ​តាម​វេជ្ជបញ្ជា
  • ​ញ៉ាំទឹក​ឲ្យ​បាន​ច្រើន​
  • តាម​ដាន​សុខ​ភាព​តម្រង​នោម​ឲ្យ​បាន​ទៀង​ទាត់៕

អត្ថទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ កើតទឹកនោមផ្អែម ព្យាបាលដោយថ្នាំបុរាណ ដូចសម្លាប់អ្នកជំងឺ

ចុចអាន៖ អ្នកមានជំងឺទឹកនោមផ្អែម ហូបស៊ុតបានឬអត់?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម