Connect with us

សុខភាព

មន្ត្រីសុខាភិបាលណែនាំពលរដ្ឋតំបន់អាកាសធាតុចុះត្រជាក់ខ្លាំង ប្រយ័ត្នជំងឺផ្លូវដង្ហើម

បានផុស

នៅ

លោក វេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាន នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានណែនាំដល់ប្រជាពលរដ្ឋ ពិសេសទារក កុមារ និងមនុស្សវ័យចំណាស់ រស់នៅតំបន់ដែលមានអាកាសធាតុចុះត្រជាក់ខ្លាំង ត្រូវប្រុងប្រយ័ត្នចំពោះជំងឺផ្លូវដង្ហើម ខណៈអាកាសធាតុត្រជាក់ខ្លាំងនឹងចាប់ផ្តើមពីថ្ងៃស្អែក ថ្ងៃទី២១ ខែធ្នូ នេះតទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានមានប្រសាសន៍ នៅរសៀលថ្ងៃទី២០ ខែធ្នូ នេះថា ក្នុងចំណោម ជំងឺតាមរដូវកាល ដែលជួបញឹកញាប់ក្នុងអំឡុងពេលអាកាសធាតុត្រជាក់ ចន្លោះ ពីខែធ្នូ ដល់ខែមករា គឺ ជំងឺផ្លូវដង្ហើម បណ្តាលមកពីវីរុស ដូចជា គ្រុនផ្តាសាយ រលាកបំពង់កដោយមេរោគស្ត្រីបតូកូក និងរលាកក្រពះពោះវៀនដោយវីរុស។

លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ចំពោះទារក កុមារ និងមនុស្សមានវ័យចំណាស់ មានហានិភ័យខ្ពស់ទាក់ទងនឹងជំងឺ បណ្តាលមកពីអាកាសធាតុត្រជាក់ ដោយសារទារក បាត់បង់កំដៅរាងកាយ រហ័សជាងមនុស្សធំ។ លើសពីនេះទៅទៀត ទារក និងកុមារ តូចមិនអាចរក្សាកំដៅរាងកាយ ឱ្យបានគ្រប់បានទេ។ រីឯមនុស្សវ័យចំណាស់ ជាញឹកញាប់ មានកំដៅរាងកាយតិច ដោយសារតែការរំលាយអាហារ ក្នុងរាងកាយយឺត និងសកម្មភាពរាងកាយមានតិច។ មនុស្សវ័យចំណាស់ក៏មានហានិភ័យដែរ ដែលធ្វើឱ្យសីតុណ្ហភាពក្នុងរាងកាយថយចុះជាងធម្មតា ដែលអាចបណ្តាលឱ្យស្លាប់ដោយសារតែ ការឆ្លើយតបរបស់រាងកាយ ជាមួយភាពត្រជាក់ ជាពិសេស អ្នកមានជំងឺ ទឹកនោមផ្អែម។ ដូចនេះកុមារ និងមនុស្សមានវ័យចំណាស់ គួរតែស្លៀកសំលៀកបំពាក់ក្រាស់ៗនៅពេលអាកាសធាតុចុះត្រជាក់ដើម្បីឱ្យមានកំដៅក្នុងខ្លួន ពាក់មួក ស្លៀកសំលៀកបំពាក់ណាដែលមានភាពកក់ក្តៅ ពាក់ស្រោមជើងនៅពេលចេញទៅក្រៅនៅក្នុងអាកាសធាតុត្រជាក់ ដើម្បីរក្សាកំដៅរាងកាយដែលនឹងបាត់បង់តាមរយៈដៃ ក្បាល និងជើង។

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានណែនាំថា ប្រសិនបើ ពលរដ្ឋមាន រោគសញ្ញាពិបាកដកដង្ហើម គ្រុនក្តៅ ក្អក ឈឺក និងឈឺសាច់ដុំ ចូរស្វែងរកការព្យាបាលវេជ្ជសាស្ត្រ នៅគ្រឹះស្ថានសុខភាពសាធារណៈ។ ប្រសិនបើ ពលរដ្ឋមាន ជំងឺផ្តាសាយ ឬ មិនស្រួលខ្លួន (ឈឺ) សូមពន្យារផែនការធ្វើដំណើររហូតដល់ គ្រុនក្តៅបាត់ទៅវិញ យ៉ាងហោចណាស់ ២៤ម៉ោង។ ដោយមិនចាំបាច់ប្រើប្រាស់ឱសថបញ្ចុះកម្ដៅ ព្រោះថាជំងឺគ្រុនក្ដៅនឹងបាត់ទៅវិញ។ លោកវេជ្ជបណ្ឌិតបានបន្តថា ពេល ក្អក ឬ កណ្តាស់ សូមខ្ទប់មាត់ជាមួយក្រណាត់ ឬកន្សែង។ បើគ្មាន ក្រណាត់ ឬកន្សែង សូមក្អក ឬកណ្ដាស់ដោយយកដៃអាវខ្ចប់ មិនត្រូវប្រើដៃទេ។ ត្រូវលាងសម្អាតដៃ ឱ្យបានញឹកញាប់ ជាមួយសាប៊ូ និងទឹក។ ជៀសវាង ប៉ះ ភ្នែក ច្រមុះ និងមាត់ និងជៀសវាង ទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយអ្នកឈឺ។

គួររបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ថ្ងៃស្អែកនេះ ប្រព័ន្ធ នៃសម្ពាធខ្ពស់នៅលើប្រទេសចិនបង្កើនឥទ្ធិពលគ្របដណ្តប់លើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសាន បក់ពីបង្គួរទៅខ្លាំង។បាតុភូតនេះ នឹងធ្វើឱ្យអាកាសធាតុចុះត្រជាក់ខ្លាំងរយៈពេល ៤ថ្ងៃ រហូតដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣។ ខេត្តដែលចុះត្រជាក់ខ្លាំងជាងគេចំនួន ៥ គឺ ខេត្តមណ្ឌលគិរី ព្រះវិហារ ឧត្តរមានជ័យ រតនគិរី និងខេត្តប៉ៃលិន សីតុណ្ហភាពអប្បបរមាពី ១៥-១៦°C ជាសីតុណ្ហភាពនៅពេលព្រឹក៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម