KPT+
សណ្ឋាគារថ្លៃបំផុតលើលោក ឆ្នាំ២០២១ គេងមួយយប់ បុគ្គលធម្មតាចាយកន្លះជីវិត
ខាងក្រោមជាបញ្ជីរឈ្មោះសណ្ឋាគារថ្លៃបំផុតទាំង ១០ នៅលើពិភពលោក ក្នុងឆ្នាំ២០២១ ដែល កម្ពុជាថ្មី នឹងបង្ហាញជូន!
១០. សណ្ឋាគារ Burj Al Arab ទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម

វាជាសណ្ឋាគារលំដាប់ផ្កាយ៧ និងជាអគារខ្ពស់ជាងគេលំដាប់ទី៤ នៅលើពិភពលោក។ រូបរាងរបស់សណ្ឋាគារនេះត្រូវបានរចនាដោយវិស្វករ Tom Wright ក្នុងទម្រង់ជាសំពៅក្ដោង និងអាចចតឧទ្ធម្ភាគចក្របាន។ សម្រាប់ការស្នាក់មួយយប់នៃសណ្ឋាគាដ៏ប្រណីតនេះ ភ្ញៀវត្រូវចំណាយជាង ២៤០០០ដុល្លារអាមេរិក។
៩. សណ្ឋាគារ Plaza Athenèe ទីក្រុងប៉ារីស ប្រទេសបារាំង

Plaza Athenèe ជាសណ្ឋាគារលំដាប់កំពូលជាងគេ នៅទីក្រុងប៉ារីស។ ចំពោះភ្ញៀវដែលស្នាក់នៅជាន់ទី៥ អ្នកអាចទស្សនាទេសភាពនៃប៉ម Eiffel ពីសណ្ឋាគារនេះបាន។ ជាមួយនឹងបន្ទប់ធំទូលាយ និងគ្រឿងសង្ហារឹមប្រណីតៗ ភ្ញៀវត្រូវបង់ថ្លៃបន្ទប់ ២៧០០០ដុល្លារអាមេរិក សម្រាប់មួយយប់។
៨. រីសត Palms Casino ទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក

វាជាសណ្ឋាគារ និងកាស៊ីណូមាន ៦៥៣បន្ទប់ ដ៏ប្រណីត និងគ្របដណ្តប់លើផ្ទៃដីជាង ៨០០ ម៉ែត្រការ៉េ។ អ្នកចង់ស្នាក់នៅទីនេះ មួយយប់ត្រូវចំណាយប្រាក់ជាង ៣៥០០០ដុល្លារអាមេរិក។ រចនាបថរចនារបស់រីសតមួយនេះ ជាការលាយបញ្ចូលគ្នារវាងសម័យទំនើប និងបុរាណ។ គ្រឿងបរិក្ខាររួមមាន តុបៀរ ស្នាដៃសិល្បៈ អាងទឹក សុទ្ធសឹងលំដាប់ថ្នាក់ពិភពលោក ដែលវាបានក្លាយជាជម្រើសដ៏ពេញនិយមរបស់អ្នកមានៗ។
៧. សណ្ឋាគារ Martinez ទីក្រុង Cannes ប្រទេសបារាំង

លក្ខណៈលេចធ្លោនៃសណ្ឋាគារដ៏ប្រណីតនេះ គឺការរចនាតាមបែបរស់នៅរបស់ជនជាតិបារាំងបុរាណ។ វាបានបង្កើតឡើងក្នុងឆ្នាំ ១៩២៩ ដោយជនជាតិអ៊ីតាលី។ ភ្ញៀវដែលស្នាក់នៅទីនេះ អាចមើលឃើញទេសភាពនៃទីក្រុងភាគខាងត្បូងប្រទេសបារាំង និងឈូងសមុទ្រ Cannes ផងដែរ។ តម្លៃក្នុងមួយយប់ពី ២៧០០០-៣៦០០០ដុល្លារអាមេរិក។
៦. រមណីយដ្ឋានកោះ Laucala ប្រទេសហ្វីជី

វាជាវីឡាដ៏ប្រណីតមួយដែលមានទីតាំងនៅលើកោះ នៃប្រទេសហ្វីជី។ គ្រប់គ្នាដែលអាចទៅស្នាក់នៅទីនេះបាន លើកលែងតែមានការអនុញ្ញាតឬអញ្ជើញពីម្ចាស់កោះលោក Dietrick Mateschitz ។ មិនអ៊ីចឹងទេ អ្នកជាមនុស្សដែលស្គាល់គ្នាជាមួយដៃគូស្ថាបនារមណីយដ្ឋាននេះ គឺក្រុមហ៊ុន Red Bull ទើបមានឱកាសទទួលបានវិស្សមកាលនៅលើកោះនេះបាន។ តម្លៃរបស់វាចន្លោះពី ៧០០០-៣៦០០០ដុល្លារអាមេរិក។
៥. រីសត Lagonissi Royal Villa នៅទីក្រុង Athens ប្រទេសក្រិក

សណ្ឋាគារដ៏អស្ចារ្យមួយនេះដែលមានទីតាំងនៅតំបន់ Athenian Rivera មានភោជនីយដ្ឋានចំនួន ១០ បន្ទប់គេង ១៩៧ និងបន្ទប់ពិសេសចំនួន ៧៦។ ខាងក្នុងរីសតបំពាក់នូវគ្រឿងបរិក្ខារទំនើបៗ មានកន្លែងសម្រាប់ចតឧទ្ធម្ភាគចក្រ កន្លែងជួលកប៉ាល់ និងឡាន Limousine។ ការចំណាយនៅទីនេះមួយយប់ថ្លៃ ៤ម៉ឺនដុល្លារអាមេរិក។
៤. សណ្ឋាគារ Raj Palace ទីក្រុង Jaipur ប្រទេសឥណ្ឌា

Raj Palace ជាសណ្ឋាគារថ្លៃបំផុតនៅអាស៊ី ដែលភ្ញៀវនឹងចំណាយជាង ៤៣០០០ដុល្លារអាមេរិកសម្រាប់ការស្នាក់នៅមួយថ្ងៃ។ វាសាងសង់ឡើងក្នុងឆ្នាំ ១៧២៧ ហើយវាជាប់ឈ្មោះជាសណ្ឋាគារបេតិកភណ្ឌដ៏ចំណាស់របស់ឥណ្ឌាផងដែរ។
៣. សណ្ឋាគារ Four Seasons រដ្ឋ New York សហរដ្ឋអាមេរិក

អាគារមួយនេះបានចាប់ផ្តើមនៅឆ្នាំ ១៩៨៩ ដោយចំណាយពេល ៧ឆ្នាំក្នុងការសាងសង់និងទឹកប្រាក់ចំនួន ៥០លានដុល្លារអាមេរិក។ វាជាប់ឈ្មោះជាសណ្ឋាគារថ្លៃបំផុត នៅអាមេរិក ព្រោះបន្ទប់គេងអាចទស្សនាទេសភាព ៣៦០ដឺក្រេ គ្រឿងបរិក្ខារបំពាក់ដោយក្រណាត់តម្បាញ ទាំងមានស្រោបមាស និងផ្លាទីនផង។ ចំពោះអ្នកចង់ស្នាក់នៅទីនេះត្រូវចំណាយ ៥ម៉ឺនដុល្លារ ក្នុងមួយយប់។
២. សណ្ឋាគារ Wilson Royal Penthouse Suite ទីក្រុងហ្សឺណែវ ប្រទេសស្វីស

ឈ្មោះរបស់វាត្រូវបានយកតាមឈ្មោះប្រធានាធិបតីទី ២៨ របស់សហរដ្ឋអាមេរិក ដែលវាមានទីតាំងនៅជិតអគារអង្គការសហប្រជាជាតិ ទីក្រុងហ្សឺណែវ។ សាងសង់ក្នុងទំហំ ១៨០០ម៉ែត្រការ៉េ ជាមួយនឹងបង្អួចការពារគ្រាប់កាំភ្លើង ជណ្តើរយន្តឯកជន និងលម្អដោយវត្ថុប្រណីតផ្សេងៗទៀត។ មួយយប់នៃការស្នាក់នៅសណ្ឋាគារនេះថ្លៃ ៨ម៉ឺនដុល្លារអាមេរិក។
១. សណ្ឋាគារ Lover’s Deep Luxury Submarine សហរដ្ឋអាមេរិក

វាជាសណ្ឋាគារថ្លៃបំផុតលើលោក ក្នុងមួយយប់អាចចំណាយពី ១៥០០០០-២៩២០០០ដុល្លារអាមេរិក។ សណ្ឋាគារនេះ មិនមែនជាអគារនៅលើគោកទូទៅ ឬសង់លើផ្ទៃទឹកឡើយ តែវាជាបន្ទប់របស់នាវាមុជទឹកដ៏ប្រណីតបំផុតមានទីតាំងស្ថិតនៅក្នុងមហាសមុទ្រការ៉ាប៊ីន។ ភ្ញៀវភាគច្រើនដែលទៅជួលកន្លែងនេះ ជាគូស្នេហ៍ទើបរៀបការរួច ឬគូស្នេហ៍អភិជន មានទ្រព្យវាល់លានក្នុងដៃ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ អគារខ្ពស់ជាងគេទាំង ១០ នៅឌូប៉ៃ និងលេចធ្លោទូទាំងពិភពលោក
ចុចអាន៖ ស្គាល់ឬនៅ ធនាគារដែលមានវ័យចំណាស់ជាងគេលើពិភពលោក បច្ចុប្បន្ននៅតែដំណើរការដូចដើម

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?