Connect with us

KPT+

រឿង ៧ យ៉ាង​ដែល​អ្នក​ជា​ឪពុក​គួរ​តែ​បង្រៀន​ទៅ​កាន់​កូនប្រុស

បានផុស

នៅ

ការ​សិក្សា​ថ្មីៗ​បាន​បង្ហាញ​ថា ​ឪពុក​កាន់​តែ​ចូលរួម​ជជែក​ជាមួយ​កូន​ច្រើន​ប៉ុណ្ណា​ គេ​និង​ទទួល​បាន​ភាព​ស្និទ្ធ​ស្នាល​ជាមួយ​ឪពុក​ប៉ុណ្ណឹង​ដូចគ្នា។ និយាយ​ជា​មួយ​កូន​មុន​ពេល​ចូល​គេង នោះគេនឹង​ស្ងប់ស្ងៀម​ដើម្បីត្រៀម​ខ្លួន​ស្ដាប់ ។ ចំណាយ​ពេល​នៅ​ចុង​សប្ដាហ៍ជាមួយកូន​ ហើយ​ធ្វើអ្វី​ដែល​រីករាយ​ជា​មួយ​គេ ក៏ជាការអប់រំយ៉ាងសម្ងាត់មួយផងដែរ។ ទាំងនេះហៅថា វិធី​​បង្រៀន​កូនប្រុស​ពីរបៀប​រស់នៅ​តាមរយៈសកម្មភាពប្រចាំថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅពីនោះ មានរឿងសំខាន់ ៧ យ៉ាង​ទៀតដែល​ឪពុក​គួរ​តែ​បង្រៀន​កូនប្រុស​ដើម្បីយចាប់ផ្ដើម​ទំនាក់ទំនង​ល្អជាមួយ​គេ ក៏ដូចជាជំរុញគេឲ្យក្លាយមនុស្សល្អទាំងពេលបច្ចុប្បន្ន និងអនាគត។

១. ប៉ាស្រឡាញ់កូន

ប្រហែលជារឿងពិបាកមួយសម្រាប់​ឪពុក​ក្នុង​ការ​និយាយ​ពាក្យ​នេះ។ លោកអាចរឹងអណ្ដាត តែចំពោះកូន​ប្រុស​​គេត្រូវ​ការ​ស្ដាប់វា​ខ្លាំងណាស់។ ដូច្នេះគួរពោលពាក្យបីម៉ាត់នេះរាល់ថ្ងៃឲ្យកូនបានឮ ដើម្បីឲ្យគេកក់ក្ដៅផ្លូវចិត្ត​និងចេះចែកក្ដីស្រឡាញ់ទៅកាន់មនុស្សជុំវិញខ្លួនគេដែរ។

២. “មិនអីទេ” និយាយនៅពេលកូនធ្វើខុស

ប្រាប់​កូន​ថា​ ការ​ធ្វើ​ខុស​ជាមេរៀន​ដែលត្រូវ​រៀន​សូត្ររបស់​មនុស្ស​គ្រប់គ្នា។ តែក៏ត្រូវបង្រៀន​គេឱ្យ​ចេះ​កែ​កំហុស​និងជួសជុល​ការ​ខូចខាត​ដូចគ្នាដែរ។ រំឭក​ពួកគេរឿយ​ៗថា ​កំហុស​តែងបង្រៀន​យើងឱ្យ​ក្លាយ​ជា​មនុស្ស​ល្អ ករណីយើងចេះកែប្រែវា។ ចៀសវាងស្ដីបន្ទោស ជេរប្រទេច នាំឲ្យគេធ្វើខុសលើសដើម។

៣. ប្រកាន់ភាពស្មោះត្រង់

ប្រសិន​បើ​ចង់​ឲ្យកូន​ប្រុស​ស្វែង​រក​ភាព​ជោគជ័យ​ពិត​នៅ​ក្នុង​ជីវិត​ សូម​បង្រៀន​គេពីភាព​ស្មោះត្រង់​ដោយ​ធ្វើ​ជា​គំរូ​ដល់​គេរាល់ថ្ងៃ។ ប្រាប់​កូន​ថា​ ការរក្សាភាព​ស្មោះត្រង់​នឹង​ធ្វើ​ឱ្យ​គេ​ក្លាយ​ជា​បុរស​អស្ចារ្យនាពេលអនាគត ព្រោះសុចរិតភាពរមែងតបស្នងនូវការគោរពកគ្រប់ពេល។

៤. ធ្វើរឿងត្រឹមត្រូវ ទោះបីលំបាកក៏ដោយ

ធ្វើ​ជា​បុរស​ពិត​គឺចាំបាច់​ប្រកាន់​រឿង​ត្រឹមត្រូវ​ ទោះបី​​លំបាក​ក៏ដោយ កុំ​យក​លេស​ឲ្យសោះ ហើយ​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​សកម្មភាព​ខ្លួនឯង។ ទោះបី​ជា​រឿង​ខ្លះ​ពិបាក​សម្រាប់​គេក្នុង​ការ​រៀន​ពី​ដំបូង​ក៏​ដោយ​ តែវា​នឹង​មាន​តម្លៃ​នៅ​ពេល​ពួកគេ​ធំ​ឡើង។

៥. ការ​ខិតខំ​ធ្វើ​ការ​ និង​តស៊ូ

អប់រំកូនឱ្យ​ខិតខំ​បញ្ចប់​ការងារ​ ដើម្បី​ជួយ​គេឲ្យចេះរស់នៅដោយខ្លួនឯង ពេលណាគ្មានឪពុកម្ដាយ។ គេនឹង​រៀន​សម្រេច​គោលដៅ​ ហើយ​ថែម​ទាំង​ប្រឹងសម្រេច​ក្ដី​សុបិន​របស់​គេ​ថែមទៀត។ ការ​រៀន​ដោយមិន​ចុះចាញ់​នឹង​ធ្វើ​ឱ្យគេនៅ​តែ​តស៊ូ​សូម្បី​តែ​ពេល​លំបាក​ខ្លាំងក៏​ដោយ។

៦. គោរពស្ត្រីភេទ

បង្ហាញ​កូនប្រុស​ពី​របៀប​មើល​ថែ​អនាគត​ភរិយា​ដោយ​ការ​គោរព​ ផ្ដល់សេចក្ដី​ថ្លៃថ្នូរ​ និង​ឲ្យតម្លៃចំពោះនាង។ ប្រាប់គេ​ក្នុង​នាម​ជា​បុរស​ម្នាក់​ត្រូវ​មាន​ទំនួល​ខុស​ត្រូវ​ ស្រឡាញ់​ប្រពន្ធ និងគ្រួសារ​។ បង្ហាញ​គេ​ច្បាស់ៗពី​ទំនាក់ទំនង​ជាមួយគ្រួសារ​​ថាជា​រឿង​សំខាន់​បំផុត​នៅ​ក្នុង​ពិភពលោក​ ដែល​ជាអាទិភាព​ មុនធ្វើអ្វីផ្សេង។

៧. តួនាទីកូនប្រុសដែលជាមេគ្រួសារ

មិនថា​មាន​អ្វី​កើតឡើង​ អ្នកជាឪពុកនឹង​នៅ​ទីនោះ​សម្រាប់​កូនជានិច្ច។ ជីវិត​នឹង​ជួបឧបសគ្គ​សម្រាប់​កូនៗ ហើយ​គេ​នឹង​អាច​យក​ឈ្នះ​បាន​ ប្រសិន​បើ​​ដឹង​ថា​ គេ​តែងតែ​មាន​ការ​គាំទ្រ​ពី​ឪពុក​ក្នុង​គ្រា​លំបាកនានា។ ចូរក្លាយ​ជា​អ្នក​គាំទ្រ​ដ៏​ធំ​បំផុត​សម្រាប់គេ ​នោះទំនាក់ទំនង​ឪពុកកូននឹង​កាន់​តែ​រឹងមាំ​ ជាពិសេសកូនៗនឹងមើលគំរូតាមសកម្មភាពអ្នកមានគុណដែលពោរពេញដោយទំនួលខុសត្រូវ និងប្រកបជាមួយភាពកក់ក្ដៅជានិច្ច៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ ពាក្យថា «ឪពុក» ភ្ជាប់លក្ខខណ្ឌនិងកាតព្វកិច្ច​អ្វីខ្លះសម្រាប់គ្រួសារ?​

ចុចអាន៖ សកម្មភាព​ចិញ្ចឹម​កូន​៤យ៉ាងដែល​ឪពុក​ម្ដាយ​សម័យ​ថ្មី​និយមធ្វើ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម