KPT+
មិនធម្មតាខ្លឹមសារ មេដាយ តុក្កតា ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ពីកម្ពុជា
នៅថ្ងៃនេះ ប្រជាពលរដ្ឋកម្ពុជាជាច្រើនបានអបអរសាទរដល់យុវជនខ្មែរមួយរូបដែលបានទ្រ និងថែរក្សាមេដាយប្រាក់ ស៊ីហ្គេម ដែលកីឡាករបាល់ទាត់ថៃ បានបោះទៅមហាជន បន្ទាប់ពីប្រកួតផ្ដាច់ព្រ័ត្រចាញ់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះ។

យុវសិស្ស ឆាយ សត្យា ដែលបានរក្សាមេដាយនោះ បានបង្ហោះសារលើបណ្ដាញសង្គមហ្វេសបុកថា៖ “មេដាយប្រាក់ Sea Games ដែលកីឡាករថៃឈ្មោះ Jonathan Khemdee បានគប់ចោលនោះ នៅពេលនេះវាស្ថិតនៅជាមួយខ្ញុំ។ ខ្ញុំស្រឡាញ់មេដាយនេះណាស់ ព្រោះវាបានរំលេចនូវរូបអង្គរវត្ត និងរូបតំណាងជាតិផ្សេងៗ ទោះបីគេគប់ចោលមិនឱ្យតម្លៃមេដាយនេះក៏ដោយ ក៏ខ្ញុំមិនឱ្យវាធ្លាក់ដល់ដីបានដែរ ព្រោះមេដាយនេះតំណាងឱ្យដួងព្រលឹងជាតិខ្មែររបស់ខ្ញុំទាំងមូល”។

មេដាយសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅប្រទេសកម្ពុជាត្រូវបានផលិតដោយទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន។ បើតាម លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានឱ្យ “កម្ពុជាថ្មី” ថា មេដាយស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣នេះ ផលិតនៅប្រទេសសិង្ហបុរីដែលធ្វើពីដែកពិសេសបំផុត។ រូបរាងមេដាយល្អប្រណីតគួរឱ្យចាប់អារម្មណ៍ និងល្អឯក។

លោក វ៉ាត់ ចំរើន បានពន្យល់ថា រចនាបថលើមេដាយទាំងសងខាងមានរូបតំណាងជាច្រើន។ ក្នុងនោះ រូបភាពវិមានឯករាជ្យ តំណាងឱ្យឯករាជ្យជាតិ។ រូបភាពវិមានឈ្នះៗ តំណាងឱ្យនយោបាយឈ្នះ-ឈ្នះ ដែលនាំប្រទេសជាតិសុខសន្តិភាពបរិបូណ៍ រុងរឿង និងអភិវឌ្ឍលើគ្រប់វិស័យ។ រូបភាពធំកណ្តាល គឺពហុកីឡដ្ឋានជាតិមរតកតេជោ តំណាងសមិទ្ធផលកីឡាថ្មីសន្លាងដ៏ប្រណីតភាព ព្រមទាំងមានរចនាបថពិសេសៗទៀត។

នៅផ្នែកម្ខាងទៀតជារូបភាពនៃនិម្មិតសញ្ញាសម្រាប់ព្រឹត្តិការណ៍កីឡាទាំងពីរគឺ មេដាយស៊ីហ្គេម ត្រូវបានដាក់និម្មិតសញ្ញាកីឡាស៊ីហ្គេម។ រូបភាពនិម្មិតសញ្ញាគឺរូបនាគ៤ តំណាងឱ្យភាពអស្ចារ្យ រុងរឿងនៃទឹកដីកម្ពុជាដែលសម្បូរទៅដោយសម្បត្តិធម្មជាតិ។ នៅពីលើរូបនិម្មិតសញ្ញាមានរូបកំពូលប្រាសាទអង្គរវត្ត និងទង់ស៊ីហ្គេម។ ចំណែកមេដាយអាស៊ានប៉ារ៉ាហ្គេម ត្រូវបានដាក់និម្មិតសញ្ញាកីឡាអាស៊ានប៉ារ៉ាហ្គេម។ នៅជុំវិញនិម្មិតសញ្ញាកីឡាមានផ្ការំដួល ជាផ្កាតំណាងជាតិ ៧ទងតំណាងឱ្យថ្ងៃ៧ មករា។

កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះបានផលិតមេដាយចំនួន ៦០០០ គ្រឿង ដែលសរុបទាំងមាស ប្រាក់ និងសំរឹទ្ធសម្រាប់ជូនអត្តពលិកដែលជាជយលាភី និងគណៈប្រតិភូ។ ក្រៅពីប្រគល់ជូនមេដាយដល់ជយលាភី ក៏មានវត្ថុអនុស្សាវរីយ៍ទៀតគឺម៉ាស្កុត (តុក្កតា) ដែលជារូបសត្វទន្សាយពីរឈ្មោះ បុរី (ប្រុស) និង រំដួល (ស្រី) ដែលមានក្នុងក្បាច់គុនបុរាណខ្មែរ ល្បុក្កតោ។
ទន្សាយឈ្មោះ បុរី តំណាងឱ្យសាមគ្គីភាព ហើយទន្សាយឈ្មោះ រំដួល ជាផ្កាតំណាងឱ្យប្រទេសកម្ពុជា។ ទន្សាយទាំងពីរជាតួអង្គគួរឱ្យស្រឡាញ់នៅក្នុងរឿងព្រេងនិទានបុរាណខ្មែរ ដែលបង្ហាញពីតម្លៃនៅក្នុងការអប់រំតាមរយៈព្រះពុទ្ធសាសនា ជុំវិញការបំផុសគំនិតយុត្តិធម៌ មិនលំអៀង ចំណេះដឹង និងការជួយសង្គម។

កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះដែលមានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បានសម្រេចដាក់កីឡាចំនួន ៣៦ប្រភេទ និងកីឡាសម្តែង ១ប្រភេទដែលមាន វិញ្ញាសាចំនួន ៥៨១ គឺមេដាយមាស ៥៨១ មេដាយប្រាក់ ៥៨១ និងមេដាយសំរឹទ្ធ ៥៨១ ក្នុងនោះកីឡាខ្លះមានមេដាយសំរឹទ្ធស្ទួន។
គួររំលឹកថា ខ្សែការពារជម្រើសជាតិថៃ លោក ជូណាថាន ខេមឌី (Jonathan Khemdee) កីឡាបាល់ទាត់ថៃ ត្រូវបានអាជ្ញាកណ្តាល ឱ្យកាតក្រហម ហើយត្រូវបានបណ្តេញចេញក្នុងម៉ោងបន្ថែម ក្នុងពេលប្រកួតវគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីក្រុមបាល់ទាត់ជម្រើសជាតិថៃ-ឥណ្តូណេស៊ី ប៉ះទង្គិចគ្នា កាលពីយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។ ក្រោយចាញ់ក្រុមជម្រើសជាតិ ឥណ្ឌូណេស៊ី ៥ ទល់នឹង ២ លោក ជូណាថាន ខេមឌី បានដើរចូលយក តុក្កតាពីដៃគណៈកម្មាធិការរៀបចំប្រកួតដោយខ្លួនឯង និងកាន់តែធ្ងន់ធ្ងរជាងនេះ គឺកីឡាបាល់ទាត់រូបនេះបានគ្រវែង មេដៃប្រាក់ និងរូបតុក្កតា ចោលឱ្យទៅដល់ទស្សនិកជន។

ក្រោយពីមានការរិះគន់ Jonathan Khemdee បានចេញមុខបកស្រាយ ដោយបង្ហោះក្នុងគណនី Instagram របស់ខ្លួនថា ខ្លួនបានឱ្យមេដាយប្រាក់ និងតុក្កតាទៅអ្នកគាំទ្រ ព្រោះចង់ថ្លែងអំណរគុណចំពោះហ្វេន ដែលបានមកគាំទ្រ ដូចកាលពីស៊ីហ្គេមកន្លងទៅ ហើយខ្លួនគ្មានចេតនា មិនគោរពដល់ការប្រកួត និងមេដាយដែលបានឈ្នះនោះទេ៕

-
កីឡា៣ ថ្ងៃ មុន
Thiago បង្ហោះសារមួយ ក្រោយខ្សែការពារថៃ Jonathan គប់មេដាយទៅអ្នកគាំទ្រ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
James Ma សារភាពស្នេហ៍ Rinrada ចំពោះមុខឪពុកម្ដាយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
១៤ ឆ្នាំមុន លោកភីថាធ្លាប់និយាយថា ពេញចិត្តអត្តចរិតតារាសម្ដែង Aff Taksaorn ខ្លាំង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
រកឃើញសាកសពតារាចម្រៀងកូរ៉េ Haesoo នៅក្នុងបន្ទប់សណ្ឋាគារ មិនទាន់ដឹងមូលហេតុស្លាប់
-
វប្បធម៌ ជំនឿ៤ ថ្ងៃ មុន
ប្រវត្តិជីវិតពិត៖ តួអង្គនាងនាគ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមកម្ពុជា លើកទី១
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ព្រឹត្តិការណ៍ “Jennie for Calvin Klein” រងពាក្យរិះគន់ចាស់ដៃពីអ្នកកាសែត
-
កីឡា៣ ថ្ងៃ មុន
ថៃចេញសារសូមទោស និងបើកការស៊ើបអង្កេតអ្នកពាក់ព័ន្ធរកការពិតជាបន្ទាន់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន
ចលនាឆ្ពោះមុខ ភឿថៃ និងគណបក្ស៤ទៀត ចាប់ដៃគ្នា បង្កើតរដ្ឋាភិបាលចម្រុះថ្មី