វីរុសកូវីដ-១៩កំពុងដាក់កម្រិតលើទំនាក់ទំនងសង្គម ជាពិសេសនៅបណ្ដាកន្លែងណា ដែលមានមនុស្សចាប់ពី២នាក់ឡើង ព្រោះយើងមិនដឹងឡើយថា មុនពេលមកដល់គេឆ្លងកាត់អ្វីខ្លះនិង អ្នកណាខ្លះដែលគេបានប៉ះពាល់។
សម្រាប់មនុស្សមួយចំនួន ការបង្កើត Office ធ្វើការពីផ្ទះមិនមានអ្វីថ្មីទេ ព្រោះពួកគេចាប់ផ្ដើមធ្វើរបៀបនេះជាយូរមកហើយ ពិសេសនៅប្រទេសរីកចម្រើន។
ឥឡូវនេះ ជាមួយនឹងភាពមិនទៀងទាត់នៃស្ថានភាពកូវីដ-១៩គ្មានអ្នកណាម្នាក់ក្នុងពេលបច្ចុប្បន្នអាចទាយទុកជាមុនបានថា ការថប់បារម្ភនេះ នឹងត្រូវអូសបន្លាយូរប៉ុណ្ណាទៀតនោះឡើយ។
នោះមានន័យថា យើងត្រូវតែត្រៀម និងបំពាក់បរិដ្ឋានការងារដែលមានបរិយាកាសល្អ ពីផ្ទះរយៈពេលវែង និងកំណត់វិន័យផ្ទាល់ខ្លួនចាប់ពីពេលនេះតទៅ។
ប្រសិនបើអ្នកអាន មិនដែលមានបទពិសោធន៍ធ្វើការពីផ្ទះទេ អាចអានគំនិតចែករំលែក របស់ក្រុមអ្នកធ្វើការឯករាជ្យដែលបានធ្វើការពីផ្ទះអស់រយៈពេលជាយូរមកហើយ។ ពួកគេ ខ្លះមានបទពិសោធន៍ពី ៥ទៅ ១៥ ឆ្នាំដូច្នេះពួកគេដឹងថា អ្វីទៅជាប្រព័ន្ធការងារ ដែលប្រសើរបំផុត។ នេះគឺជាគន្លឹះខ្លះៗពីមនុស្សដែលធ្វើការនៅផ្ទះជាប្រចាំ៖
១ កំហិតម៉ោងពេលទៀងទាត់
ឈប់គិតថា ការងារនៅផ្ទះគ្មានម៉ោងពេល ធ្វើពេលណាក៏បាន ពុំនោះទេ អ្នកនឹងគ្មានអំណះអំណាង ការពារប្រាក់ខែរបស់អ្នកទេ។
២ គោរពតួនាទីដោយមិនចាំបាច់មានអ្នកតាមពិនិត្យ
យើងមិនចាំបាច់ពាក់អាវធំ តែក៏មិនមែនក្រោកមកសើងមើងឆ្លើយតបមែលពីគ្រែដេក ឬពីតុបាយដែរ។ ផ្លាស់ប្ដូររៀបចំឲ្យមានហោចណាស់ក៏ជាតុធ្វើការសមរម្យមួយ ប្រសិនបើអ្នកមិនមានលទ្ធភាព មានបន្ទប់ធ្វើការដាច់ដោយឡែកបាន សម្រាប់ប្រមូលអារម្មណ៍នោះទេ។
៣ សកម្មជានិច្ចមិនថាកំពុងនៅទីណា
កុំមើលទូរទស្សន៍ពេលកំពុងធ្វើការ ឬសូម្បីតែពេលហូបអាហារសម្រន់។ ចូរយកវាចេញពីតុ ហើយហូបរួចសឹមវិលមកវិញ បន្តការងារ។ កុំលេងបណ្តាញសង្គមរហូតដល់អ្នកអាចបញ្ចប់ហោចណាស់៧ម៉ោងកន្លះនៃការងារ។ ប្រសិនអ្នកចង់កេងចំណេញ ចូរសួរខ្លួនឯងថា ហេតុអ្វីបានជាគេព្រមឲ្យឈ្នួលយើង ទាំងដែលយើងមិនទៅធ្វើការ។
៤ ជៀសវាងអារម្មណ៍ឯកោ
តុធ្វើការរបស់អ្នកគួរតែនៅទីតាំងដែលអាចមើលឃើញទៅខាងក្រៅ មានផ្កាកំដរ មានកាហ្វេទឹកក្តៅឧណ្ឌៗ ឬទទួលបានខ្យល់អាកាសបរិសុទ្ធកាន់តែប្រសើរ។ វាចាំបាច់ណាស់ក្នុងការក្រោកឈរហើយដើរចុះឡើងជុំវិញតុ ឬសមាធិរៀងរាល់មួយម៉ោងម្តងហោចណាស់បាន១០នាទី។
៥ កំណត់លទ្ធផល
មានសៀវភៅបញ្ជីការងារត្រូវធ្វើប្រចាំសប្តាហ៍ ហើយបញ្ចប់ច្បាស់លាស់ក្នុងកាលកំណត់។ ប្រសិនអ្នកធ្វើបាន មិនបាច់ភ័យរឿងសេរីភាពទៀតឡើយចាប់ពីពេលនេះទៅ។ អ្នកនិងក្រុមការងារគួរតែកំណត់ពេលប្រជុំតាមអ៊ីនធឺណិតទៀងទាត់ ដើម្បីតាមដានលទ្ធផលការងារនិងផែនការថ្មី៕
ប្រែសម្រួល៖ចម្រើនតារា
ចុចអាន៖ចង់រកលុយបានច្រើន មើលរបៀបរកស៊ីរបស់ Fast-Food ទំាងនេះសិន!
ចុចអាន៖៥ យ៉ាង ជួយកូនៗឲ្យចេះដោះស្រាយសម្ពាធនៅសាលារៀន