Connect with us

ព័ត៌មានជាតិ

លោក យឿន យឿត៖ ទង្វើលើរូបភាពសម្តេចតេជោនៅប្រទេសថៃ គឺអសីលធម៌បំផុត និងប្រមាថលើប្រជាជាតិខ្មែរទាំងមូល

បានផុស

នៅ

ដោយអត់ទ្រាំលែងបាននឹងការប្រមាថមើលងាយពីសំណាក់ក្រុមជ្រុលនិយមថៃមួយចំនួនមកលើសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃពុធនេះ លោក យឿន យឿត បានចេញមកថ្កោលទោស និងហៅទង្វើរបស់ក្រុមជ្រុលនិយមថៃថា អសីលធម៌ជាទីបំផុតចំពោះថ្នាក់ដឹកនាំកម្ពុជា។ លោក យឿន យឿត លើកឡើងថា តើក្រុមជ្រុលនិយមថៃដែលធ្វើបែបនេះ មានខួរក្បាលចេះគិតដែរ ឬទេ? បើសិនគេធ្វើទង្វើបែបនេះដាក់មេដឹកនាំរបស់ខ្លួនវិញ តើនឹងមានអារម្មណ៍បែបណា?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិកម្មរបស់លោក យឿន យឿត ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងជាទីប្រឹក្សាសម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ធ្វើឡើង បន្ទាប់ពីក្រុមជ្រុលនិយមរបស់ថៃមួយចំនួន បានយករូបភាពសម្តេចតេជោ ហ៊ុន សែន ប្រធានមុខរដ្ឋស្តីទី និងជា​ប្រធានព្រឹទ្ធសភាកម្ពុជា ទៅដាក់តាំងបាញ់យករង្វាន់បែបលេងសើចនៅក្នុងប្រទេសថៃ។ វាអាចជាល្បែងលេងសើចរបស់ជនជាតិថៃ ប៉ុន្តែ វាជាការមិនឱ្យតម្លៃ និងប្រមាថមើលងាយមកលើសម្តេចតេជោ ហ៊ុន សែន និងមកលើប្រជាជនខ្មែរទាំងមូលយ៉ាងដូច្នោះដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍នៅព្រឹកថ្ងៃពុធនេះ លោក យឿន យឿត​ បានរៀបរាប់ថា៖ «ក្នុងនាមជាពលរដ្ឋកម្ពុជាមួយរូប ខ្ញុំបាទមានការឈឺចាប់យ៉ាងជ្រាលជ្រៅជាទីបំផុត និងខឹងសម្បាចិត្តឥតឧបមាចំពោះការយករូបភាព«បុរសរដ្ឋនៃកម្ពុជា»ទៅប្រើប្រាស់យ៉ាងអសីលធម៌ និងប្រឆាំងនឹងមនុស្សធម៌ ដូចជា ការដាក់តាំងបាញ់យករង្វាន់ ជាទង្វើដ៏អសីលធម៌បំផុតរបស់ក្រុមជ្រុលនិយមថៃ»។ ជាមួយនឹងការឈឺចាប់ លោក យឿន យឿត បានចាត់ទុកការប្រព្រឹត្តអំពើបែបនេះរបស់ក្រុមជ្រុលនិយមថៃថា ជាទង្វើអមនុស្ស និងអន់ជាងសត្វទៅទៀត ដែលវាមិនត្រឹមតែបញ្ចេញនូវអាកប្បកិរិយាមិនគោរពទេ ប៉ុន្តែ ជាការមើលងាយលើអត្តសញ្ញាណជាតិខ្មែរទាំងមូលដែលយើងគ្រប់គ្នាមានក្តីគោរពស្រឡាញ់បំផុត។ លោកអំពាវនាវឲ្យមានការគោរពសិទ្ធិមនុស្ស មនុស្សធម៌ និងមិត្តភាពរវាងប្រជាជាតិទាំងអស់ ហើយបញ្ឈប់អំពើដែលប៉ះពាល់ដល់កិត្តិយស និងអត្តសញ្ញាណរបស់ប្រជាជាតិខ្មែរ។

ក្រៅពីលោក យឿន យឿត​ ថ្នាក់ដឹកនាំ មន្រ្តីជាន់ខ្ពស់ និងស្ថាប័នជាតិដទៃទៀត ក៏បានចេញមកប្រកាសថ្កោលទោសចំពោះការប្រមាថមកលើសម្តេចតេជោ ហ៊ុន សែន ពីសំណាក់ក្រុមជ្រុលនិយមថៃនេះផងដែរ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះសកម្មភាពអសីលធម៌របស់ជនជាតិថៃមួយចំនួន ដែលបានយករូបថតរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា ទៅធ្វើសកម្មភាពមិនគួរគប្បីជាសាធារណៈ ដោយចាត់ទុកទង្វើនេះ ជាអំពើថោកទាប និងខ្វះភាពថ្លៃថ្នូរក្នុងនាមជាមនុស្សជាតិ ដែលមិនអាចទទួលយកបាន។

ចំណែក ព្រឹទ្ធសភាកម្ពុជាវិញ បានចេញសេក្តីថ្លែងការណ៍សម្តែងនូវការសោកស្តាយជាពន់ពេក និងប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះទង្វើវាយប្រហារ និងគ្មានការគោរព ប្រព្រឹត្តមកលើសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងឥស្សរជនកម្ពុជាផ្សេងទៀតនាពេលថ្មីៗនេះ។ ព្រឹទ្ធសភាកម្ពុជាចាត់ទុកថា អាកប្បកិរិយាបែបនេះ ជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ តម្លៃសីលធម៌ និងការគោរពគ្នាទៅវិញទៅមករវាងប្រជាជាតិ និងប្រជាជាតិ ហើយក៏បានធ្វើឱ្យប៉ះពាល់ដល់ស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាព និងសន្តិសហវិជ្ជមាន ដែលជាគោលការណ៍គ្រឹះក្នុងការដឹកនាំទំនាក់ទំនងរវាងកម្ពុជា-ថៃក្នុងនាមជាសមាជិកក្នុងអាស៊ាន និងសហគមន៍អន្តរជាតិ។

ព្រឹទ្ធសភាកម្ពុជាបានគូសបញ្ជាក់អំពីទំនួលខុសត្រូវរបស់រដ្ឋាភិបាលថៃក្នុងការចាត់វិធានការដោះស្រាយបញ្ហានេះក្នុងលក្ខណៈជាប្រទេសជាតិមួយដែលមានអរិយធម៌ និងថ្លៃថ្នូរ ដើម្បីទប់ស្កាត់កុំឱ្យអំពើស្រដៀងគ្នានេះកើតឡើងនៅពេលអនាគត។ ព្រឹទ្ធសភា សង្កត់ធ្ងន់ថា មិត្តភាពរវាងកម្ពុជា និងថៃ គឺត្រូវតែផ្អែកលើគុណតម្លៃការយោគយល់គ្នា ការគោរពគ្នាទៅវិញទៅមក និងសមភាព ដែលជាកត្តាចាំបាច់ ដើម្បីទ្រទ្រង់សន្តិភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។

ប៉ុន្តែយ៉ាងណា នៅចំពោះមុខការបង្កហេតុដោយចេតនារបស់ជនជាតិថៃនេះ សម្តេចតេជោ បានអំពាវនាវដល់ប្រជាជនខ្មែរទាំងអស់ឱ្យរក្សាភាពស្ងប់ស្ងាត់ ចៀសវាងការសងសឹក និងប្រកាន់ខ្ជាប់នូវស្មារតីនៃការឯកភាពជាតិ និងការអត់ធ្មត់។ ការអំពាវនាវនេះ គឺបានបង្ហាញពីចរិតថ្លៃថ្នូរ និងសីលធម៌ដែលបន្តជំរុញឱ្យមានសន្តិភាព និងភាពសុខដុមរមនានៅក្នុងប្រទេសកម្ពុជា និងតំបន់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម