Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីកុំមិនវែលដូមីនីក គាំទ្រឱ្យកម្ពុជាដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយសន្តិវិធី

បានផុស

នៅ

នាយករដ្ឋមន្ត្រីកុំមិនវែលដូមីនីក លោក Roosevelt Skerrit  គាំទ្រឱ្យកម្ពុជាដោះស្រាយបញ្ហាព្រំដែនជាមួួយភាគីថៃ ដោយសុខសាន្ត និងស្ងប់ស្ងាត់ បញ្ចៀសបញ្ហានានាដែលបណ្ដាលឱ្យមនុស្សរងរបួស និងបាត់បង់ជីវិត។ នាយករដ្ឋមន្ត្រីកុំមិនវែលដូមីនីក បង្ហាញការគាំទ្រដូច្នេះ ​នៅក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ នេះ ស្របពេលដែលជម្លោះព្រំដែនកម្ពុជា-ថៃ នៅតាមបណ្ដោយព្រំដែនមិនទាន់ថមថយកម្ដៅ ចំណែកភាគីថៃបង្កហេតុឥតឈប់ឈរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសេចក្ដីប្រកាសព័ត៌មាន នៅក្នុងជំនួប សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានរៀបរាប់ប្រាប់នាយករដ្ឋមន្ត្រីកុំមិនវែលដូមីនីក អំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបានគូសបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃដោយសន្តិវិធី ផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា និង សន្ធិសញ្ញាដែលស្រាប់ និងច្បាប់អន្តរជាតិ។

សេចក្ដីប្រកាសព័ត៌មាន បានស្រង់សម្ដីនាយករដ្ឋមន្ត្រីកុំមិនវែលដូមីនីក យកមកសរសេរដូច្នេះ៖«ឯកឧត្តមបានយល់ច្បាស់ពីបញ្ហានេះ និងគាំទ្រចំពោះការដោះស្រាយបញ្ហាព្រំដែននេះដោយសន្តិវិធី។ »។

នៅលើបញ្ហាជម្លោះព្រំដែនជាមួយថៃ រដ្ឋាភិបាលកម្ពុជា មានជំហរដោះស្រាយបញ្ហាដោយសន្តិវិធី ប្រើប្រាស់យន្តការច្បាប់អន្តរជាតិ ពោលគឺទៅដោះស្រាយបញ្ហានៅតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីទទួលបានយុត្តិធម៌មួយដែលមានភាពយូរអង្វែង បញ្ចៀសសង្គ្រាម ស្រោចស្រង់ជីវិតមនុស្សស្លូតត្រង់ និងការខូចខាត​នានា ប៉ុន្តែរដ្ឋាភិបាលថៃ មានជំហរដោះស្រាយត្រឹមតែយន្តការទ្វេភាគី ពោលគឺការចរចា។ ការចរចារវាងភាគីកម្ពុជា ថៃ ជួបប្រទះភាពជាប់គាំងជាង១០ឆ្នាំមកហើយ ព្រោះតែកម្ពុជាប្រើប្រាស់ផែនទីខ្នាត១លើ២រយពាន់ ដែលបារាំងគូសបន្សល់ទុក និងអនុសញ្ញាបារាំង សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំងសៀមឆ្នាំ១៩០៧ ប៉ុន្តែភាគីថៃប្រើប្រាស់ផែនទីខ្នាត១លើ៥០ពាន់ ជាគូសស្រេចតែចិត្តឯងគ្មានការទទួលស្គាល់ពីអន្តរជាតិឡើយ។ នៅត្រង់ភាពខុសគ្នានេះហើយ ទើបកើតមានជម្លោះប្រដាប់អាវុធទ្រង់ទ្រាយធំនៅតាមបណ្ដោយព្រំដែនកាលពីចុងខែកក្កដា កន្លងទៅ។

ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីចុងខែកញ្ញា សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់បានគូសបញ្ជាក់សារជាថ្មី អំពីគោលជំហរដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលក្នុងការគោរពច្បាប់ អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។ សម្តេច ហ៊ុន ម៉ាណែត  បានគូសបញ្ជាក់ថា បទពិសោធនៃសង្គ្រាម ដ៏រ៉ាំរៃរបស់កម្ពុជាបានបង្ហាញថា សង្គ្រាមមិនអាចបញ្ចប់ដោយការធ្វើសង្គ្រាមបានទេ ពោលគឺមានតែការចរចា ដោយសន្តិវិធីប៉ុណ្ណោះដែលអាចរកដំណោះស្រាយបានប្រកបដោយសុខសន្តិភាព ដែលបង្កលក្ខណៈងាយស្រួល ឱ្យប្រជាពលរដ្ឋភៀសសឹកអាចត្រឡប់ទៅកាន់ភូមិឋានរបស់ខ្លួនវិញ៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម