ព័ត៌មានជាតិ
ក្រសួងបរិស្ថានគ្រោងរៀបចំតំបន់កោះស្រឡៅក្នុងខេត្តកោះកុង ឱ្យមានបរិស្ថានស្អាត ឆ្ពោះទៅកោះអព្យាក្រឹតកាបូនគំរូមួយនៅកម្ពុជា
«ការអភិវឌ្ឍន៍ជីវភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាអាទិភាពខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា។ ក្រសួងបរិស្ថាន ដោយមានការចូលរួម សហការពីក្រសួង ស្ថាប័ន អង្គភាព ពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងដៃគូពាក់ព័ន្ធ បាននិងកំពុងយកចិត្តទុកដាក់លើជីវភាពរបស់ប្រជាពលរដ្ឋ រស់នៅក្នុងតំបន់ការពារធម្មជាតិ ស្របតាមគោលនយោបាយនិងយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញកន្លងមក រួមជាមួយយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទីទិ១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ការណែនាំនិងគាំទ្រការដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន២០២៣-២០២៨។ »។ នេះគឺជាការលើកឡើងរបស់លោក អ៊ាង សុផល្លែត នៅក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានជំនាញ កាលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នាទីស្តីការក្រសួងបរិស្ថាន។

រដ្ឋមន្រ្តីបានថ្លែងបន្ថែមថា ក្រសួងបរិស្ថានគាំទ្រឱ្យមានការរៀបចំគម្រោងអភិវឌ្ឍន៍កោះស្រឡៅក្នុងភូមិសាស្រ្តឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ទៅជាកោះអព្យាក្រឹតកាបូន គំរូមួយនៅកម្ពុជា នៅពេលខាងមុខ តាមរយៈការគាំទ្រឱ្យមានកិច្ចសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធ ដើម្បីបង្កើតជម្រើសជីវភាព និងមុខរបរ ដែលចូលរួមចំណែកដល់ការអភិរក្ស បង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងអនាម័យបរិស្ថាន ឱ្យមានភាពស្អាតទាំងនៅលើដី លើមេឃ និងក្នុងទឹក និងការរៀបចំគោលដៅលំហែបៃតង ដែលដើរតួនាទីដ៏សំខាន់ ក្នុងការកាត់បន្ថយការដាក់សម្ពាធ លើធនធានធម្មជាតិ និងលើកកម្ពស់ការងារអភិរក្ស ធនធានធម្មជាតិ។

រដ្ឋមន្រ្តីក្រសួងបរិស្ថានបានណែនាំសកម្មភាពអាទិភាពមួយចំនួន ដើម្បីជួយឱ្យក្រុមការងារជំនាញក្រសួងបរិស្ថាន បំពេញការងារប្រកបប្រសិទ្ធភាព ឆ្ពោះទៅការរៀបចំសហគមន៍កោះស្រឡៅ ជាសហគមន៍អព្យាក្រឹតកាបូនគំរូមួយនៅកម្ពុជា រួមមាន៖១) ជំរុញការផ្សព្វផ្សាយចំណេះដឹងលើភាពស្អាត ភាពបៃតង ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ទប់ស្កាត់ការបោះសំរាមចោលផ្តេសផ្តាស ដើម្បីទប់ស្កាត់ការបំពុលទឹក ដី និងខ្យល់។ ទី២) រៀបចំសិក្សាលម្អិតលើផែនការធ្វើឱ្យកោះស្រឡៅមានភាពស្អាត ពង្រឹងគ្រប់គ្រងអនាម័យបរិស្ថាន រៀបចំកន្លែងទុកដាក់សំរាម បំពាក់ឧបករណ៍ត្រួតពិនិត្យគុណភាពខ្យល់ ដាក់ឡដុតសំរាមស្តង់ដារដើរដោយពន្លឺព្រះអាទិត្យ និងផ្តល់អំពូលសូឡា ជូនប្រជាពលរដ្ឋប្រើប្រាស់។

ទី៣) ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ដាំស្តារព្រៃ ជាពិសេសដើមកោងកាង ឱ្យកាន់តែច្រើន និងជួយបង្កើនគម្របព្រៃឈើ ដើម្បីធានាបាននូវបរិស្ថានបៃតងសម្រាប់រយៈពេលយូរអង្វែង។ ទី៤) ការអភិវឌ្ឍជីវភាពសហគមន៍ តាមរយៈករបង្កើនជម្រើសមុខរបរ ការចិញ្ចឹមពូជក្តាមធម្មជាតិ ការនេសាទដែលមិនប៉ះពាល់ដល់ធនធានធម្មជាតិ និងជួយកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការបង្កើតឱ្យទីផ្សារផលិតផលសម្គាល់ភូមិសាស្រ្តចេញពីកោះស្រឡៅ។ ទី៥) បង្កើតគោលដៅលំហែបៃតង មានលក្ខណៈស្តង់ដាទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកទស្សនាធម្មជាតិ ដ៏ស្រស់ត្រកាល នៅទីនេះ សំដៅលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងទី៦) និងផែនការផ្សេងៗទៀត ជួយឱ្យការគ្រប់គ្រងតំបន់ការពារធម្មជាតិមានប្រសិទ្ធភាព និងជួយបង្កើនជីវភាពសហគមន៍មូលដ្ឋានផងដែរ។

គួរឱ្យដឹងថា សហគមន៍កោះស្រឡៅ ស្ថិតក្នុងភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ដែលហ៊ុមព័ទ្ធដោយព្រៃកោងកាង និងជាទីកន្លែងសម្បូរទៅដោយគ្រឿងសមុទ្រធម្មជាតិស្រស់ៗ ជីវៈចម្រុះជាច្រើនប្រភេទ និងមានប្រជាសហគមន៍អាស្រ័យផលប្រមាណ៣០០គ្រួសារ៕

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


