Connect with us

ព័ត៌មានជាតិ

ប្រ​មុខការទូតកម្ពុជាប្រាប់ភាគីថៃនៅមុខអាមេរិក និងម៉ាឡេស៊ីថា«កម្ពុជាមិនចង់បានរបស់គេ តែក៏មិនឱ្យបាត់បង់របស់ខ្លួនឯងទៅគេ»ដែរ

បានផុស

នៅ

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់នៅចំពោះមុខភាគីថៃ អាមេរិក និងម៉ាឡេស៊ីថា កម្ពុជាអត់ចង់បានអ្វីដែលជារបស់គេទេ តែក៏មិនឱ្យអ្វីដែលជារបស់ខ្លូនឯងបាត់បង់ទៅឱ្យគេនោះដែរ។ ការបញ្ជាក់ច្បាស់នេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំចតុភាគីរវាងប្រទេសកម្ពុជា ថៃ ម៉ាឡេស៊ី និងសហរដ្ឋអាមេរិក តាមការអញ្ជើញរបស់លោក Dato’ Seri Anwar Bin Ibrahim នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ គឺជាជំនួបដ៏កម្រមួយរវាងរដ្ឋមន្រ្តីការបរទេសថ្មីរបស់ថៃជាមួយរដ្ឋមន្រ្តីការបរទេសកម្ពុជា ដោយមានការចូលរួមពីភាគីម៉ាឡេស៊ី និងសហរដ្ឋអាមេរិកដោយជជែកពិភាក្សាគ្នាអំពីបញ្ហាជម្លោះព្រំដែន​កម្ពុជា-ថៃ ជាពិសេស បញ្ហាការគោរពបទឈប់បាញ់។ អង្គប្រជុំនេះ បានបង្ហាញពីបំណងប្រាថ្នារួម ដើម្បីសន្តិភាព និងស្ថិរភាពរវាងកម្ពុជានិងថៃ ក៏ដូចជា នៅក្នុងតំបន់ទាំងមូល។ ការណ៍នេះបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ការមិនប្រើកម្លាំង និងការគោរពច្បាប់អន្តរជាតិ។

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានគូសបញ្ជាក់ពីសារៈសំខាន់នៃការធានាការអនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធភាព លើលក្ខខណ្ឌបទឈប់បាញ់ និងកិច្ចព្រមព្រៀងទាំងអស់ដែលសម្រេចបានក្រោមក្របខណ្ឌនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC)គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ(RBC) និងគណៈកម្មាការចម្រុះព្រំដែន(JBC) ដោយបានសង្កត់ធ្ងន់ថា  ភាពសុទ្ធចិត្ត ត្រូវតែបង្ហាញតាមរយៈសកម្មភាពពិតប្រាកដនៅទីកន្លែង។ លោក ប្រាក់ សុខុន បានគូសបញ្ជាក់ថា ក្នុងនាមជាប្រទេសដែលមានស្លាកស្នាមបង្កដោយជម្លោះជាច្រើនទសវត្សរ៍ ឬអាចថារាប់សតវត្ស ប្រទេសកម្ពុជាដឹងយ៉ាងច្បាស់អំពីផលវិបាកដ៏អាក្រក់នៃសង្គ្រាម ដែលលោកសង្កត់ធ្ងន់ថា«ការណ៍នេះបង្ហាញយ៉ាងច្បាស់ថាហេតុអ្វីបានជាយើងតែងតែចាត់ទុកសន្តិភាពជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់យើង»។

លោកឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់យ៉ាងច្បាស់លាស់ថា៖ «កម្ពុជាបានប្រកាន់ជំហរយ៉ាងខ្ជាប់ខ្ជួនក្នុងការដោះស្រាយវិវាទដោយសន្តិវិធី អនុលោមយ៉ាងពេញលេញតាមច្បាប់អន្តរជាតិ។ យើងគ្មានបំណងចង់យកអ្វីដែលមិនមែនជារបស់យើងទេ ប៉ុន្តែទន្ទឹមនឹងនោះ យើងនឹងមិនទទួលយកការបាត់បង់នូវអ្វីដែលជាកម្មសិទ្ធិរបស់យើងដោយត្រឹមត្រូវនោះទេ។ អ្វីដែលយើងស្វែងរក គឺដំណោះស្រាយប្រកបដោយយុត្តិធម៌ មិនលំអៀង និងផ្អែកលើច្បាប់ ដែលអាចធានាបាននូវសន្តិភាពយូរអង្វែងសម្រាប់ប្រជាជនយើង»។

ក្នុងន័យនេះ លោក ប្រាក់ សុខុន បានលើកឡើងពីការងារអាទិភាពសំខាន់ៗមួយចំនួន ដែលភាគីទាំងពីរកម្ពុជា-ថៃ បានឯកភាពនាពេលថ្មីៗនេះ ដើម្បីរួមគ្នាកាត់បន្ថយភាពតានតឹង កសាងទំនុកចិត្តឡើងវិញ ពង្រឹងកិច្ចសហប្រតិបត្តិការ រួមមានកា រដកទៅវិញនូវអាវុធធុនធ្ងន់ ការដោះមីនមនុស្សធម៌ ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការគ្រប់គ្រងការតាំងទីលំនៅរបស់ជនស៊ីវិលនៅតាមព្រំដែន និងការប្រឆាំងព័ត៌មានមិនពិត ជាដើម។ លោកឧបនាយករដ្ឋមន្រ្តីកម្ពុជា បានគូសបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការធ្វើការជាមួយប្រទេសថៃក្នុងនាមជាអ្នកជិតខាងអចិន្ត្រៃយ៍ ក្នុងការបំពេញនូវការទទួលខុសត្រូវរួម ដើម្បីស្តារប្រក្រតីភាព សន្តិភាព ស្ថិរភាព និងវិបុលភាពរវាងប្រទេស និងប្រជាជនទាំងពីរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម