Connect with us

ព័ត៌មានជាតិ

បងប្អូនពលករ! កុំភ្លេចចូលរួមពិព័រណ៍ការងារ នៅខេត្តសៀមរាប នាចុងសប្ដាហ៍នេះ

បានផុស

នៅ

ភ្នំពេញ ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តសៀមរាប នាចុងសប្ដាហ៍នេះ ដោយនាំយកឱកាសការងាររាប់ម៉ឺនកន្លែង ជូនបងប្អូនពលករត្រឡប់មកពីថៃ និងយុវជនដែលកំពុងស្វែងរកការងារធ្វើ។ នេះបើតាមការឱ្យដឹងពីលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុន មេសា បានឱ្យដឹងបន្តថា ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តសៀមរាបនេះ នឹងត្រូវធ្វើឡើងរយៈពេល ៣ថ្ងៃ គឺនៅថ្ងៃទី ១៧ ខែតុលា រៀបចំនៅសាលាស្រុកអង្គរជុំ, ថ្ងៃទី ១៨ ខែតុលា នៅវិទ្យាល័យក្រឡាញ់ ស្រុកក្រឡាញ់ និងនៅថ្ងៃទី ១៩ ខែតុលា នៅមុខផ្សារកំពង់ក្តី ស្រុកជីក្រែង។

អ្នកនាំពាក្យក្រសួងការងារ បានឱ្យដឹងបន្ថែមថា នៅក្នុងពិព័រណ៍នេះ បងប្អូនពលករ ក៏ដូចជាយុវជនអាចដាក់ពាក្យ និងអាចសម្ភាសន៍ការងារភ្លាមៗ ហើយ​ក៏​អាច​ចុះ​ឈ្មោះ​ចូលរៀន​ជំនាញដែលស័ក្តិសម សម្រាប់បងប្អូនចំនួន ១២ជំនាញ ដោយឥតគិតថ្លៃ ហើយ​ក៏​ទទួល​បាន​នូវ​ព័ត៌មាន​អំពីអត្ថប្រយោជន៍ ប.ស.ស. នៅពេលចូលធ្វើការងារ ដែលរួមមាន៖ អត្ថប្រយោជន៍ហានិភ័យការងារ, ថែទាំសុខភាព និងប្រាក់សោធន។

សម្រាប់​ពិព័រណ៍​នៅខេត្តសៀមរាបនេះ លោក ស៊ុន មេសា បាន​អំពាវនាវ​ដល់បងប្អូនពលករខ្មែរត្រឡប់មកពីថៃ ក៏​ដូច​ជាយុវជន​ដែល​មិនទាន់​ទទួលបានការងារធ្វើ សូម​ទៅ​ចូល​រួម​ឱ្យ​បាន​គ្រប់ៗគ្នា ដើម្បីទទួលបានឱកាសការងារធ្វើក្នុងស្រុក ដែល​មានអត្ថប្រយោជន៍ជាច្រើន។

គួរ​ឱ្យ​ដឹង​ថា ខេត្តសៀមរាប គឺជាខេត្តទី៣ ហើយ ដែលទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្ទាប់ពីខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម