ព័ត៌មានជាតិ
រដ្ឋនឹងបង្កើតរបៀងទេសចរណ៍នៅមណ្ឌលគិរី ដើម្បីឱ្យភ្ញៀវទស្សនាកម្សាន្តរយៈពេលយូរ ស្វែងយល់ពីប្រពៃណី វប្បធម៌ជនជាតិភាគតិចតាមលំដាប់លំដោយ
រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន កំពុងសហការជាមួយគម្រោងរេដបូកកែវសីម៉ា ក្នុងគោលដៅបង្កើត របៀងទេសចរណ៍នៅក្នុងខេត្តមណ្ឌលគិរី ដើម្បីជួយលើកកម្ពស់ជីវភាពរស់របស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ផង និងដើម្បីជួយឱ្យភ្ញៀវទេសចរណ៍អាចស្នាក់នៅ ទស្សនាកម្សាន្តតាមសហគមន៍រយៈពេលយូរ បានស្វែងយល់ពីប្រពៃណីវប្បធម៌ជនជាតិភាគតិចតាមលំដាប់លំដោយ ស្របពេលដែលសហគមន៍ក្នុងខេត្តមណ្ឌលគិរីកំពុងបង្កើនសក្ដានុពលរបស់ខ្លួនទាក់ទាញភ្ញៀវ។

ក្រសួងបរិស្ថាន តាមរយៈអ្នកនាំពាក្យ លោក ខ្វៃ អាទិត្យា ឱ្យដឹងអំពីគម្រោងដូច្នេះ៖«យើងនឹងរៀបចំឱ្យមានរបៀងទេសចរណ៍នៅក្នុងខេត្តមណ្ឌលគិរី ជាពិសេសគឺរបៀងសហគមន៍ទេសចរណ៍របស់យើង»។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានពន្យល់ថា របៀងទេសចរណ៍ធម្មជាតិ គឺជាការតភ្ជាប់ពីតំបន់អេកូទេសចរណ៍មួយ ទៅមួយទៀត ដែលមានសក្តានុពល និងលក្ខណៈខុសប្លែកគ្នា មិនប្រកួតប្រជែងគ្នា តែអាចបំពេញឱ្យគ្នាទៅវិញទៅមកបាន ហើយការអនុវត្តបែបនេះ ជាភាពទាក់ទាញថ្មីមួយ ដែលជំរុញឱ្យភ្ញៀវទេសចរ ចង់ដើរកម្សាន្តពីតំបន់ធម្មជាតិមួយទៅតំបន់ធម្មជាតិមួយទៀត។

តាមអ្នកនាំពាក្យគម្រោងបង្កើតរបៀងទេសចរណ៍នៅក្នុងខេត្តមណ្ឌលគិរីនេះ គឺតភ្ជាប់ពីជំរំចាហ៊ូ ផ្ទះស្នាក់របស់ជនជាតិពូនង(ព្នង) ទៅតំបន់ទឹកធ្លាក់ឡែងកៅ តំបន់សហគមន៍ពួតាំង តំបន់សហគមន៍ពួត្រុំ ដែលជាតំបន់ដែលមានសក្ដានុពលទេសចរណ៍ វប្បធម៌ ប្រពៃណីជនជាតិភាគតិច ដែលអ្នកទេសចរណ៍អាចលំហែរកម្សាន្ត ទស្សនាស្វែងយល់អំពីប្រពៃណី វប្បធម៌ជនជាតិភាគតិច ជាពិសេសធនធានធម្មជាតិ ដូចជាមើលសត្វព្រៃ និងធម្មជាតិ វាលស្មៅជាដើម។

គួរឱ្យដឹងថា ជំរំចាហ៊ូ មានលក្ខណៈពិសេស ជាតំបន់អេកូទេសចរណ៍ដែលមានសក្ដានុពល ជាជំរុំនៃសត្វទោចថ្ពាល់លឿង និងស្វាកន្ទុយស ដែលជាប្រភេទសត្វងាយរងគ្រោះបំផុត ជិតផុតពូជនោះ។ ជំរំចាហ៊ូនេះ គឺដែលកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរណ៍បរទេស ហ៊ានចំណាយប្រាក់ច្រើន ដើម្បីមកទស្សនា និងស្ដាប់សម្លេងសត្វទោចថ្ពាល់លឿង ស្វាកន្ទុយស សត្វស្លាបជាច្រើនប្រភេទ ទឹកធ្លាក់ និងដើមឈើធំៗ ជីវភាពរស់នៅរបស់ជនជាតិភាគតិចរបស់សហគមន៍ និងមើលការដើរដងជ័រទឹក។ មន្រ្តីហិរញ្ញវត្ថុ និងរដ្ឋបាលតំបន់អេកូទេសចរណ៍ជំរំ ចាហ៊ូ បានបញ្ជាក់ថាបើគិតចាប់ពីដើមឆ្នាំ២០២៥ មកដល់ចុងខែកញ្ញាកន្លងទៅ ជំរំចាហ៊ូ រកចំណូលជាថវិកាបានជាង ៦ម៉ឺនដុល្លារពីភ្ញៀវទេសចរណ៍។

ចំណែកទឹកធ្លាក់ «ឡែងកៅ» គឺមានទីតាំងស្ថិតនៅក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ជាតំបន់ទេសចរណ៍មួយដែលបង្កប់វប្បធម៌ទាក់ទងនឹងជនជាតិភាគតិចពូនង(ព្នង) ហើយមានទេសភាពស្រស់ស្អាត ជាមួយនឹងទឹកធ្លាក់មកពីលើភ្នំបែបធម្មជាតិ ជាទឹកធ្លាក់ដែលលាក់ខ្លួននៅក្នុងព្រៃភ្នំ ក្រំថ្មនេះប្រកបដោយសក្តានុពលបង្កើតបានជាសំឡេងយ៉ាងពីរោះ និងទេសភាពព្រៃភ្នំខៀវស្រងាត់ មានទឹកត្រជាក់ងូតលេងកម្សាន្ត ខ្យល់អាកាសបរិសុទ្ធ ស្តាប់នូវសំឡេងសត្វព្រៃយំ កំដរអារម្មណ៍របស់ទេសចរ ពេលមកលេងនៅទីនេះហើយពិតជាមានភាពស្រស់ស្រាយដក់ជាប់ជាមួយនឹងធម្មជាតិដ៏ស្រស់បំព្រងនៅទីនេះ។តំបន់កម្សាន្តនេះ មានបម្រើរបាំប្រពៃណីជនជាតិដើមភាគតិចពូនង ទស្សនា ផ្ទះស្នាក់ និងជាពិសេសជាងនេះគឺមានទទួលសេវាធ្វើម្ហូបអាហារបែបជនជាតិដើមភាគតិចផងដែរ។

អ្នកនាំពាក្យក្រសួងបរិស្ថាន អះអាងអំពីអ្វីដែលជាប្រយោជន៍នៃការទទួលបានអំពីការបង្កើតរបៀងទេសចរណ៍ដូច្នេះ៖« យើងកំពុងសហការជាមួយគំរោងរេដបូកកែវសីមា ដើម្បីប្រែក្លាយតំបន់ទេសចរណ៍ទៅជារបៀងមួយដែលអ្នកទេសចរអាចចំណាយពេលបានយូរ បានទស្សនាតាមលំដាប់លំដោយ ជាផ្លូវភ្ជាប់មួយរវាងសហគមន៍ជាច្រើន។ របៀងទេសចរណ៍ហ្នឹង គាត់អាចទស្សនាតាមសហគមន៍ជាច្រើន។ អ៊ីចឹងសហគមន៍មួយគាត់អាចបង្កើតសក្ដានុពលមួយៗ អ៊ីចឹងអ្នកទេសចរគាត់អាចស្វែងយល់បានគ្រប់សហគមន៍តាមរយៈរបៀងទេសចរណ៍»។
ដោយឡែកក្រៅពីខេត្តមណ្ឌលគិរី នៅខេត្តសៀមរាបវិញ ក្រសួងបរិស្ថាន ក៏បានកំពុងធ្វើការងារលើកិច្ចការនេះដែរ ដោយបានផ្ដល់ការគាំទ្រទៅកាន់សហគមន៍ចំនួន៥ ដូចជាបានផ្ដល់ហេដ្ឋារចនាសម្ព័ន្ធមួយ តង់លំហែបៃតងចំនួន១០ ដើម្បីទាក់ទាញភ្ញៀវទេសចរទៅសម្រាកលំហែរ។
នៅភាគនិរតីនៃប្រទេសវិញ ក្រសួងបរិស្ថានកំពុងសាងសង់របៀងទេសចរណ៍គោលដៅលំហែបៃតងភ្ជាប់តំបន់ខ្នងផ្សារទៅតំបន់ទេទឹកពុះ តទៅទស្សនាថ្ងៃលិចនៅមាត់សមុទ្រ លេងកម្សាន្តនៅព្រៃកោងកាងជាប់មាត់សមុទ្របន្តទៀត៕
ដោយ៖ ង៉ិល ណារ៉ាត់


-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


