Connect with us

ព័ត៌មានជាតិ

ព្រឹទ្ធសភាកម្ពុជារិះគន់កាសែតថៃ The Nation ដែលព្យាយាមផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធកិច្ចប្រជុំ IPU

បានផុស

នៅ

ព្រឹទ្ធសភាកម្ពុជា តាមរយៈអ្នកនាំពាក្យរបស់ខ្លួន បានចេញមកឆ្លើយតបទៅនឹងការចោទប្រកាន់មិនពិតរបស់កាសែតថៃ The Nation ពាក់ព័ន្ធនឹងកិច្ចប្រជុំសហភាពអន្តរសភា IPU ដែលបានរៀបចំឡើងនាទីក្រុងហ្សឺណែវ។ អ្នកនាំពាក្យព្រឹទ្ធសភា បានរិះគន់យ៉ាងចាស់ដៃលើកាសែតថៃមួយនេះ ដែលព្យាយាមផ្សាយព័ត៌មានមិនពិត ក្នុងចេតនាមូលបង្កាច់ឈ្មោះកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រតិកម្មនេះ គឺធ្វើឡើងក្រោយកាសែត The Nation របស់ថៃ បានបន្តចុះផ្សាយនូវព័ត៌មានដែលប្រឌិត និងបំភាន់ពាក់ព័ន្ធនឹងសកម្មភាពរបស់គណៈប្រតិភូព្រឹទ្ធសភានៃកម្ពុជានៅសន្និបាតសហភាពអន្តរសភា (IPU) លើកទី១៥១ ក្នុងប្រទេសស្វីស ជាពិសេសក្នុងអត្ថបទរបស់ខ្លួនចុះថ្ងៃពុធ ទី២៩ ខែតុលា ដែលមានខ្លឹមសារសរសេរថាប្រធានរដ្ឋសភាថៃហាក់ដើរក្រោយប្រធានរដ្ឋសភាកម្ពុជាមួយជំហានក្នុងការធ្វើទស្សនកិច្ចទៅប្រទេសហុងគ្រី សម្រាប់ការពិភាក្សាលើកិច្ចព្រមព្រៀងសន្តិភាព។

អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា តាមរយៈសេចក្ដីប្រកាសនៅថ្ងៃពុធ ទី២៩ បានចាត់ទុកអត្ថបទនេះមិនត្រឹមតែបំភ្លៃការពិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីកង្វះការយល់ដឹង ឬការបកស្រាយខុសដោយចេតនាអំពីនីតិវិធីផ្លូវការ និងឯកសារ នានារបស់សន្និបាត IPU ផងដែរ។

អ្នកនាំពាក្យព្រឹទ្ធសភាបានសម្តែងការខកចិត្តចំពោះការបន្តចុះផ្សាយនូវព័ត៌មានដែលប្រឌិត និងបំភាន់ដោយកាសែត The Nation បែបនេះ។ អ្នកនាំពាក្យ ថា «ជាការគួរឱ្យសោកស្តាយណាស់ដែលកាសែត The Nation ជាថ្មីម្តងទៀត ចាត់ទុកសេចក្តីសម្រេចរបស់ IPU ដែលទើបនឹងអនុម័តថ្មីៗនេះថា ជាសេចក្តីសម្រេចចិត្តរបស់ថៃ»។

ផ្ទុយទៅវិញ សម្រាប់អ្នកនាំពាក្យព្រឹទ្ធសភា បានគូសបញ្ជាក់ឱ្យដឹងថា សេចក្តីសម្រេចស្តីពីសកម្មភាពសភាប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន បទល្មើសសាយប័រ និងការគំរាមកំហែងគ្រប់ទម្រង់ចំពោះលទ្ធិប្រជាធិបតេយ្យ និងសន្តិសុខមនុស្ស ត្រូវបានផ្តួចផ្តើមរួមគ្នាដោយប្រទេសជាច្រើន រួមមាន ថៃ អាហ្សង់ទីន ឈីលី ប៉ូឡូញ និងស៊ុយអែត ដោយមានការគាំទ្រពីក្រុមប្រទេសមកពី តំបន់ពីរផ្សេងទៀត។

ការបកស្រាយខុសឆ្គងនៃឯកសារនេះ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានរិះគន់ដោយចំហរចំពោះអ្នកនិពន្ធ ដែលមិនបានយល់ពីអត្ថបទផ្លូវការនៃសេចក្តីសម្រេចចិត្ត ឬបំភ្លៃអត្ថន័យដោយចេតនាដើម្បីបំភាន់អ្នកអាន ឬដោយសារមកពីចំណេះដឹងភាសាអង់គ្លេសនៅទន់ខ្សោយ ឬជាចេតនាដើម្បីបំភ្លៃការពិត។

សម្រាប់ការអះអាងរបស់កាសែត The Nation ដែលថា កម្ពុជាបានព្យាយាមរារាំងសេចក្តីសម្រេច ឬការគ្រប់គ្រងសមាជិកភាពគណៈកម្មការនោះ អ្នកនាំពាក្យបានបដិសេធ និងអះអាងពីការចូលរួមប្រកបដោយស្ថាបនា និងតម្លាភាពរបស់កម្ពុជា ដែលអនុលោមយ៉ាងពេញលេញតាមនីតិវិធីរបស់ IPU និងដោយមានការមូលមតិគ្នាជាឯកច្ឆន្ទពីប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

ការផ្សព្វផ្សាយព័ត៌មានមិនពិតជាបន្តបន្ទាប់របស់សារព័ត៌មាន The Nation ព្រឹទ្ធសភាកម្ពុជាថា បានបំផ្លាញតម្លៃនៃសច្ចភាព ការសន្ទនា និងសន្តិភាព ដែលកម្ពុជា និងថៃ បានអះអាងថា ជាគុណតម្លៃដែលប្រទេសទាំងពីរប្រកាន់ខ្ជាប់ ដូចដែលបានបង្ហាញឱ្យឃើញតាមរយៈការចុះហត្ថលេខារវាងប្រទេសទាំងពីរ លើសេចក្តីប្រកាសរួមថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ។

កម្ពុជាផ្តល់តម្លៃដល់សារព័ត៌មានសេរី និងមានទំនួលខុសត្រូវ ប៉ុន្តែសេរីភាពសារព័ត៌មានមិន មានន័យថាជាសេរីភាពក្នុងការប្រឌិតរឿងនោះទេ។ នេះជាការបន្ថែមរបស់អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា ថ្លែងក្នុសេចក្ដីប្រកាសព័ត៌មាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម