Connect with us

ព័ត៌មានជាតិ

វេទិកាសន្តិភាពប៉ារីសលើកទី៨ គាំទ្រ និងអបអរសាទរកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ

បានផុស

នៅ

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅក្នុងកិច្ចប្រជុំតុមូលនៃវេទិកាសន្តិភាពប៉ារីសលើកទី៨ ដែលប្រារព្ធធ្វើឡើងក្នុងទីក្រុងប៉ារីស ប្រទេសបារំាង នៅថ្ងៃទី២៩ ខែតុលា បានលើកឡើងពីការឯកភាពរបស់កម្ពុជា-ថៃ លើកិច្ចព្រមព្រៀងសន្តិភាព ដោយមានការជួយសម្របសម្រួលពីប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ាន និងដោយមានការជួយគាំទ្រយ៉ាងខ្លាំងពីសហរដ្ឋអាមេរិក។ បន្ទាប់ពីការលើកឡើងនេះ សមាជិកចូលរួមកិច្ចប្រជុំ បានសម្តែងការអបអរសាទរចំពោះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា និងថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅចំពោះមុខសមាជិកវេទិកាសន្តិភាពប៉ារីសលើកទី៨ ប្រធានរដ្ឋសភាកម្ពុជា បានអះអាងថា ការចុះហត្ថលេខានៃកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ បានបិទទំព័រមួយដ៏លំបាក និងបើកនូវសករាជថ្មីមួយ ដែលមិនត្រឹមតែបញ្ចប់នូវជម្លោះនាពេលបច្ចុប្បន្នប៉ុណ្ណោះទេ ថែមទាំងបានធ្វើជាមូលដ្ឋានគ្រឹះសម្រាប់ធានាបាននូវសន្តិភាព ដោយដោះស្រាយនូវមូលហេតុនៃជម្លោះ និងបង្កើតលក្ខណ្ឌដ៏ចាំបាច់សម្រាប់ធានាបាននូវសន្តិភាពយូរអង្វែង សុខុដុមរមនា និងវិបុលភាពរួម។ សម្តេចប្រធានរដ្ឋសភា បានបន្តថា គោលការណ៍ដែលបានកំណត់នៅក្នុងកិច្ចព្រមព្រៀងសន្តិភាព គឺគោលការណ៍ដែលកម្ពុជាបានប្តេជ្ញាចិត្តដោយមោះមុត។ ទោះបីជាវាលំបាក ឬសាំញុំាប៉ុណ្ណាក៏ដោយ ក៏ជម្លោះនេះត្រូវតែដោះស្រាយតាមមធ្យោបាយសន្តិភាព ដោយគោរពទាំងស្រុងតាមសន្ធិសញ្ញា និងច្បាប់អន្តរជាតិ ដែលមានជាធរមាន។

កិច្ចពិភាក្សាតុមូលនៃវេទិកាសន្តិភាពប៉ារីស ជាកិច្ចប្រជុំដ៏មានសារៈសំខាន់ ដើម្បីផ្លាស់ប្តូរទស្សនៈដោយភាពស្មោះត្រង់ និងបើកចំហ លើបញ្ហាប្រឈមដ៏សំខាន់បំផុត ដែលពិភពលោកកំពុងជួបប្រទះ។ កិច្ចប្រជុំតុមូលបានប្រារព្ធធ្វើឡើង ក្រោមប្រធានបទ៖ «ចំពោះមុខនៃការបែកបាក់៖ អធិបតេយ្យភាពក្នុងកាលៈទេសៈដែលសណ្តាប់ធ្នាប់ពិភពលោកមានការបែកខ្ញែក»។ ក្រោយ​ពីការលើកឡើងរបស់សម្តេចប្រធាន សមាជិកចូលរួមកិច្ចប្រជុំ បានសម្តែងការអបអរសាទរចំពោះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជានិងថៃ។ កិច្ចប្រជុំវាយតម្លៃខ្ពស់ចំពោះសន្តិភាព។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា៖ «កម្ពុជា ជាប្រទេសតូច កម្ពុជាពឹងផ្អែកយ៉ាងខ្លាំងលើការទូត និងច្បាប់អន្តរជាតិ ដើម្បីការពារផលប្រយោជន៍ជាតិ។ ជាប្រទេសតូច មិនមែនមានន័យថា យើងមិនមានសិទ្ធិស្វ័យសម្រេចឡើយ ប៉ុន្តែបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់យើងចំពោះសន្តិភាព និងគោលនយោបាយការបរទេសជាគោល»។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភាកម្ពុជា ក៏បានលើកនូវយោបល់ចំនួន៣ចំណុចដល់អង្គប្រជុំ គឺ១.ប្រទេសទាំងអស់ ត្រូវវិនិយោគជាប្រចាំលើការកសាងសន្តិភាព ការទូតបង្ការ និងការគ្រប់គ្រងវិបត្តិដោយប្រសិទ្ធភាព។ ទី២.ត្រូវពង្រឹងប្រព័ន្ធពហុភាគីនិយមមានភាពបើកចំហ បរិយាបន្ន និងច្បាប់ជាធំ និងទី៣.ត្រូវលើកកម្ពស់អភិក្រមនិយមកណ្តាលយកប្រជាជនជាគោល ក្នុងការគ្រប់គ្រងវិបត្តិ និងដោះស្រាយជម្លោះ លើកកម្ពស់របៀបវារៈស្រ្តី សន្តិភាព និងសន្តិសុខ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម