Connect with us

ព័ត៌មានជាតិ

លោក កាំង តុងងី៖ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ នឹង​បន្ត​រៀប​ចំ​ឥណទាន​ឡើង​វិញ​ ដរាប​ណា​អតិថិជន​នៅ​តែ​រង​ផល​ប៉ះពាល់​ ដោយ​សារ​កូវីដ១៩

បានផុស

នៅ

ជំងឺកូវីដ១៩ដែលបានឆ្លងរីករាលដាលអស់រយៈពេលជាងមួយឆ្នាំកន្លងមកនេះបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អាជីវកម្មគ្រប់ប្រភេទ និងប្រជាពលរដ្ឋទូទៅនៅក្នុងប្រទេសកម្ពុជា ក្នុងនោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលប្រៀបបាននឹងឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិក៏បានរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩នេះផងដែរ។

តែទោះបីជាយ៉ាងណាក៏ដោយ ដោយមើលឃើញពីផលប៉ះពាល់នៃជំងឺកូវីដ១៩ គ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជាបានខិតខំចូលរួមយ៉ាងសកម្មក្នុងការជួយដល់អតិថិជនរបស់ខ្លួន ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩តាមរយៈការរៀបចំឥណទានឡើងវិញ អនុលោមតាមសារាចរណែនាំរបស់ធនាគារជាតិនៃកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីស្វែងយល់បន្ថែម និងកាន់តែលំអិតអំពីផលប៉ះពាល់នៃជំងឺកូវីដ១៩ទៅលើអាជីវកម្ម និងប្រជាពលរដ្ឋ សារព័ត៌មានកម្ពុជាថ្មីបានធ្វើបទសម្ភាសពិសេសមួយជាមួយលោក កាំង តុងងី ប្រធានសមាគមមីក្រូហិរញ្ញវត្ថកម្ពុជាដូចតទៅ៖

កម្ពុជាថ្មី៖ តើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាជួបបញ្ហាប្រឈម និងរងផលប៉ះពាល់អ្វីខ្លះអំឡុងកូវីដ១៩ក្នុងពេលបច្ចុប្បន្ននេះ?

លោក កាំង តុងងី៖ ក្នុងពេលបច្ចុប្បន្ននេះ ដោយសារជំងឺកូវីដ១៩គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាក៏រងផលប​៉ះពាល់មួយចំនួនដូចអាជីវកម្មផ្សេងៗទៀតដែរ ដោយសារយើងត្រូវធ្វើការជាមួយប្រជាពលរដ្ឋ ដូច្នេះនៅពេលប្រាក់ចំណូលរបស់គាត់ធ្លាក់ចុះ ហើយជីវភាពរបស់គាត់រងផលប៉ះពាល់ ឥណទានថ្មីៗរបស់យើងក៏មានការធ្លាក់ចុះច្រើនដែរ។ ការបញ្ចេញឥណទានថ្មីៗមានការធ្លាក់ចុះមានន័យថា ប្រាក់ចំណូលរបស់គ្រឹះស្ថានមីក្រូហរញ្ញវត្ថុក៏ធ្លាក់ចុះដែរ ហើយទន្ទឹមនេះ យើងសង្កេតឃើញថាការសងត្រឡប់មកវិញក៏ជួបបញ្ហាមួយចំនួនដែរ។ ក្រៅពីនេះ ការចំណាយរបស់យើងមានការកើនឡើងផងដែរ ដូចជាការចំណាយលើសម្ភារការពារជំងឺកូវីដ១៩ជាដើម។

កម្ពុជាថ្មី៖ តើសមាគមមីក្រូហិរញ្ញវត្ថុបានរួមចំណែកអ្វីខ្លះ ដើម្បីជួយសម្រាលដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំងឺកូវីដ១៩?

លោក កាំង តុងងី៖ រហូតមកដល់ពេលនេះ គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុបានរៀបចំឥណទានឡើងវិញជូនប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារជំងឺកូវីដ១៩បានចំនួន ៣៤ម៉ឺនគ្រួសារ ដែលគិតជាទឹកប្រាក់ប្រមាណ៤ពាន់លានដុល្លារអាមេរិក តាមសារាចរណែនាំរបស់ធនាគារជាតិនៃកម្ពុជា។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនឹងបន្តរៀបចំឥណទានឡើងវិញ ដរាបណាអតិថិជននៅតែរងផលប៉ះពាល់ដោយសារកូវីដ១៩។ លើសពីនេះ យើងក៏បានដាក់ចេញនូវគោលការណ៍ ៦ចំណុចបន្ថែមទៀតដើម្បីជួយគាំទ្រ និងសម្រួលដល់អតិថិជនរបស់យើងក្នុងគ្រាដ៏លំបាកនេះ៖

១, សម្រាប់អតិថិជនដែលឆ្លងកូវីដ១៩៖ លើកលែងការបង់ការប្រាក់ និងរាល់ការផាកពិន័យទាំងអស់រយៈពេលពីរខែ ព្រមទាំងទទួលបានការរៀបចំឥណទានឡើងវិញ ដោយស្វ័យប្រវត្តិ (ប្រសិនបើអតិថិជនយល់ព្រម) រួមទាំងការពន្យាការបង់ប្រាក់ដើមរយៈពេលបីខែ។ ២, សម្រាប់អតិថិជនដែលជាប់ធ្វើចត្តាឡីស័ក៖ ផ្ដល់ការរៀបចំឥណទានឡើងវិញដោយស្វ័យប្រវត្តិ (ប្រសិនបើអតិថិជនយល់ព្រម) រួមទាំងពន្យាការបង់ប្រាក់ដើម និងការប្រាក់រយៈពេលពីរខែ និងលើកលែងរាល់ការផាកពិន័យទាំងអស់។ ៣, បន្តការផ្ដល់ជូនការរៀបចំឥណទានឡើងវិញឱ្យបានឆាប់រហ័ស និងបង្កលក្ខណៈងាយស្រួលសម្រាប់អតិថិជន ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩។

៤, បញ្ចេញឥណទានសង្រ្គោះបន្ទាន់ ឫបន្ថែម ដោយបន្ធូរបន្ថយលក្ខខណ្ឌព្រមទាំងកាត់បន្ថយអត្រាការប្រាក់ដើម្បីជួយបន្ត និងស្ដារឡើងវិញនូវសេដ្ឋកិច្ចគ្រួសារ និងអាជីវកម្មមុន និងក្រោយពេលមានវិបត្តិ។ ៥, ធ្វើការរៀបចំឥណទានឡើងវិញ ព្រមទាំងលើកលែងរាល់ការផាកពិន័យទាំងអស់ សម្រាប់អតិថិជនដែលទិញផ្ទះផ្ទាល់ខ្លួនទីមួយសម្រាប់រស់នៅ។ ៦, ផ្ដល់នូវការអនុគ្រោះសម្រាប់អតិថិជន ដែលទទួលមរណភាពដោយសារជំងឺកូវីដ១៩តាមលទ្ធភាពជាក់ស្ដែងរបស់គ្រឹះស្ថាននីមួយៗ។

កម្ពុជាថ្មី៖ តើមានការជួយជ្រុមជ្រែង និងគាំទ្រអ្វីខ្លះពីធនាគារជាតិនៃកម្ពុជា និងរាជរដ្ឋាភិបាលដើម្បីជួយដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ឱ្យបន្តដំណើរការទៅមុខក្នុងគ្រាដ៏លំបាកនេះ?

លោក កាំង តុងងី៖ ធនាគារជាតិនៃកម្ពុជាបានជួយសម្របសម្រួលច្រើនដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ តាមរយៈការបន្ធូរបន្ថយចំពោះបទបញ្ញតិផ្សេងៗទាក់ទងនឹងការរៀបចំឱ្យមានឥណទានឡើងវិញ ដូចជាការបន្ធូបន្ថយអនុបាតទុនបំរុង ការពន្យាការអនុវត្តដើមទុនទ្រនាប់ និងការបន្ធូបន្ថយពន្ធកាត់ទុកសម្រាប់កម្ចីពីបរទេសជាដើម។ ធនាគារជាតិនៃកម្ពុជាបានទម្លាក់អត្រាប្រាក់បំរុងកាតព្វកិច្ចជារៀល និងជាដុល្លារអាមេរិកមកត្រឹម៧% ចាប់ពីខែមេសាឆ្នាំ២០២០ពីកម្រិត ៨%សម្រាប់ប្រាក់រៀល និង១២,៥%សម្រាប់រូបិយប័ណ្ណបរទេស ដើម្បីផ្ដល់សន្ទនីយភាពបន្ថែមដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ កម្រិតខ្ពស់នៃសន្ទនីយភាពបានផ្ដល់អំណោយផលដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដើម្បីបង្កើនឥណទាន និងការអនុគ្រោះនានាដល់អតិថិជនដែលរងគ្រោះដោយសារជំងឺកូវីដ១៩។

កម្ពុជាថ្មី៖ តើអ្នកវិនិយោគ (អ្នកផ្ដល់កម្ចីរយៈពេលវែង ភាគទុនិក និងអ្នកដាក់ប្រាក់សន្សំ) មានការបន្ធូរបន្ថយ និងយោគយល់ដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងគ្រាដ៏លំបាកនេះដែរឫទេ?

លោក កាំង តុងងី៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅតែរក្សាអត្រាការប្រាក់ដល់អ្នកដាក់ប្រាក់សន្សំ ឫវិនិយោគិនទាំងអស់ទាំងក្នុង និងក្រៅប្រទេស ដោយសារយើងមានកិច្ចសន្យាជាមួយគ្នាច្បាស់លាស់ ដូច្នេះយើងមិនអាចកែប្រែកិច្ចសន្យានោះបានទេ។ ទោះជាយ៉ាងណា យើងកំពុងពិចារណាដើម្បីទម្លាក់អត្រាការប្រាក់សម្រាប់ប្រាក់សន្សំថ្មីៗ ពីព្រោះយើងចង់ទម្លាក់អត្រាការប្រាក់កម្ចីដល់អតិថិជនក្នុងគ្រាដ៏លំបាកនេះដើម្បីឱ្យពួកគាត់អាចបន្ត និងស្ដារអាជីវកម្មរបស់គាត់ឡើងវិញ។

កម្ពុជាថ្មី៖ តើសេដ្ឋកិច្ចកម្ពុជានឹងត្រូវការពេលប៉ុន្មានឆ្នាំដើម្បីអាចរើបឡើងវិញបានដូចដើម តាម​ការ​ប៉ាន់​ស្មានរបស់លោក​?

លោក កាំង តុងងី៖ ជំងឺកូវីដ១៩អាចនឹងអូសបន្លាយយូរទៀត ដូច្នេះយើងត្រូវរៀនរស់ជាមួយជំងឺកូវីដ១៩ ហើយដំណោះស្រាយតែមួយគត់ដើម្បីអាចបន្ធូរបន្ថយបញ្ហានេះបានគឺតាមរយៈការចាក់វ៉ាក់សាំងដល់ប្រជាជនទាំងអស់ទូទាំងប្រទេស​កម្ពុជា។ បន្ទាប់ពីការចាក់វ៉ាក់សាំង អ្នកឆ្លងកូវីដ១៩នឹងថយចុះហើយសកម្មភាពសេដ្ឋកិច្ចនឹងអាចចាប់ផ្ដើមដំណើរការឡើងវិញម្ដងបន្តិចៗរហូតដល់ល្អដូចមុនផ្ទុះកូវីដ១៩។ នៅពេលដែលសេដ្ឋកិច្ចទូទៅមានដំណើរការឡើងវិញ ផលប៉ះពាល់ផ្សេងៗនឹងត្រូវកាត់បន្ថយបានច្រើន។

អត្ថបទ៖ វ៉ាត វិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទី មុន

ឆ្នាំមុន អាមេរិក កើបលុយច្រើនសន្ធឹក ពីការលក់សព្វាវុធ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អ៊ីស្រាអែល ថា នឹងមិនដកទ័ពចេញពីហ្កាហ្សាឡើយ ដរាបណាខ្លួនមិនទាន់ទទួលជ័យជម្នះ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ក្រុម​ប្រដាប់អាវុធ​ក្នុង​រដ្ឋកា​រ៉ែ​ន​បាន​បាញ់​ទម្លាក់​ឧទ្ធម្ភាគចក្រ​យោធា​មី​យ៉ាន់​ម៉ា​ ​បណ្តាលឱ្យ​ស្លាប់​ឧត្តម​សេនីយ៍​ត្រី​ម្នាក់ និង​មន្ត្រី​យោធា​៤​នាក់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អ៊ីតាលី រកឃើញថា កម្មវិធី ChatGPT កំពុងបំពានច្បាប់ការពារទិន្នន័យ

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្ពុជា- WFP ចុះកិច្ចព្រមព្រៀងកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា ទំហំទឹកប្រាក់៦៣លានដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម