នយោបាយ
សម្ដេចសភាធិបតីប្រាប់ប្រធានសភាអារ៉ាប៊ីសាអូឌីតពីការបង្ករឿងរបស់ថៃលើបញ្ហាព្រំដែន
ប្រធានសភាកម្ពុជា សម្ដេចសភាធិបតី ឃួន សុដារី បានបន្តប្រើនយោបាយការទូតជម្រាបដល់ភ្ញៀវជាមិត្តពីការបង្ករឿងរបស់ថៃលើបញ្ហាព្រំដែនជាមួយកម្ពុជា។ ការលើកនេះគឺក្នុងពេលដែលសម្ដេច ជួបពិភាក្សាការងារជាមួយប្រធានសភាប្រទេសអារ៉ាប៊ីសាអូឌីតលោក អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីម អាល សេក្ខ (Abdullah Bin Mohammed Bin Ibrahim Al-Sheikh) នៅវិមានរដ្ឋសភា ព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ។

នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យប្រធានសភាលោក កែវ ពិសិដ្ឋ បានប្រាប់អ្នកយកព័ត៌មានថាការបន្តប្រើនយោបាយការទូតដើម្បីជម្រាបពីការបង្ករឿងរបស់ថៃនេះ ជាការឆ្លើយតបនឹងការលាបព័ណ៌របស់ថៃលើកម្ពុជា ដែលថៃជាអ្នកបង្ករឿងហើយបែរជាតាំងខ្លួនជាជនរងគ្រោះទៅវិញនោះ។
លោកថា៖ «វាជាឱកាសដែលសម្ដេចអាចរាយការណ៍ឱ្យដៃគូរបានដឹងពីរឿងកើតមានឡើងរវាងកម្ពុជានិងថៃ។ ព្រោះក្នុងសារព័ត៌មានអន្តរជាតិជាច្រើនថៃតែងតែធ្វើខ្លួនឯងជាជនរងគ្រោះនៃបញ្ហាដែលខ្លួនបង្កើតឡើង អ៊ីចឹងគ្រប់ឱកាសជំនួបទាំងអស់គឺជាឱកាសដែលថ្នាក់ដឹកនាំតែងតែបញ្ជាក់ឱ្យបានច្បាស់អំពីរឿងពិតដែលកើតមានឡើង»។
ក្នុងជំនួបនោះ សម្ដេចសភាធិបតី ឃួន សុដារី បានជម្រាបប្រធានសភាអារ៉ាប៊ីសាអូឌីតពីការឈ្លានពានរបស់ថៃប្រើប្រាស់ផែនទីរំលោភលើសន្និសញ្ញាបារាំង-សៀម ការលួចចូលដីខ្មែរបាញ់សម្លាប់ទាហានខ្មែរ បិទព្រំដែនដោយឯកតោភាគី មិនគោរពសេចក្ដីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិឆ្នាំ១៩៦២ជាដើម។ សម្ដេចបញ្ជាក់ថាកម្ពុជាស្រលាញ់សន្ដិភាពនិងបានជ្រើសរើសការដោះស្រាយទំនាស់នេះទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ។
បើតាមលោក កែវ ពិសិដ្ឋ ក្រោយពីសម្ដេចសភាធិបតីបានជម្រាបមក ប្រធានសភាអារ៉ាប៊ីសាអូឌីតបានទទួលយក និងបានកោតសរសើរប្រជាជនកម្ពុជាពីភាពថ្លៃថ្នូរ និងក្រមសីលធម៌ផងដែរ។

លោក អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីម អាល សេក្ខ បានលើកឡើងក្នុងជំនួបនោះថាដំណើរទស្សនកិច្ចនៅកម្ពុជាពេលនេះបានធ្វើឱ្យបានស្គាល់ច្បាស់ពីប្រទេសកម្ពុជា រួមជាមួយភាពស្មោះត្រង់ ថ្លៃថ្នូរ និងក្រមសីលធម៌ខ្ពស់របស់ប្រជាជនកម្ពុជាផងដែរ ដែលមានតម្លៃសម្រាប់ការបង្កើនទំនាក់ទំនង និងការតភ្ជាប់មិត្តភាពរវាងប្រទេសទាំងពីរ។
គួរឱ្យដឹងផងដែរថាប្រធានសភាអារ៉ាប៊ីសាអូឌីតលោក អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីម អាល សេក្ខ មកបំពេញទស្សនកិច្ចរយៈពេល៥ថ្ងៃនេះកម្ពុជាចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី៤ ខែកក្កដា តបតាមការអញ្ជើញរបស់ប្រធានសភាកម្ពុជា។ ក្រៅពីជួបប្រធានរដ្ឋសភានៅថ្ងៃនេះលោកក៏នឹងមានជំនួបជាប្រធានព្រឹទ្ធសភាសម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ផងដែរ៕



អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បីមានច្រកទ្វារព្រំដែន ៤ កន្លែងសម្រាប់ទំនាក់ទំនងជាមួយថៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោកស្រី បាន ស្រីមុំ៖ អភិបាលខេត្តស្រះកែវ អត់ដឹងប្រវត្តិស្ពានព្រំ-បានប៉ាក់កាដ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យសម្តេចតេជោ ពន្យុះបាវបម្រើនាយករដ្ឋមន្រ្តីថៃថា បើចិត្តសឿង មិនខ្លាចច្បាប់អន្តរជាតិទេ ប្តឹងសម្តេចតេជោ ទៅតុលាការអន្តរជាតិទៅ