ព័ត៌មានជាតិ
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សហការជាមួយសាលាមេគង្គកម្ពុជា កសាងធនធានមនុស្ស អភិវឌ្ឍវិជ្ជាជីវៈ
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) បានចុះអនុស្សរណៈយោគយល់គ្នាស្តីពី “កម្មវិធីអភិវឌ្ឍធនធានមនុស្សសម្រាប់វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា” ជាមួយសាកលវិទ្យាល័យមេគង្គកម្ពុជា(MCU) ក្នុងគោលបំណងបង្កើនឱកាសអភិវឌ្ឍអាជីពវិជ្ជាជីវៈ កសាងធនធានមនុស្ស និងផ្តល់ឱកាសការងារដល់និស្សិត ដើម្បីចូលរួមអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាប្រកបដោយនិរន្តរភាព កាលពីថ្ងៃទី ០៧ ខែ កក្កដា។

ថ្លែងក្នុងពិធីនេះ លោកស្រី ឌិត នីតា អនុប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានគណៈកម្មការអប់រំ និងមូលនិធិអភិវឌ្ឍបុគ្គលិក នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបញ្ជាក់ថា កិច្ចសហការនេះ គឺដើម្បីកសាងភាពជាដៃគូ ដែលជាយន្តការ តភ្ជាប់សម្ព័ន្ធភាពទំនាក់ទំនងទ្វេរភាគី រវាងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ជាមួយនឹងសាកលវិទ្យាល័យមេគង្គ កម្ពុជា បង្កលក្ខណៈងាយស្រួលក្នុងកិច្ចការសហការរវាងសមាគមនិងសាកលវិទ្យាល័យ ដើម្បីជួយ ជំរុញ និងបង្កើនឱកាសកម្មសិក្សា ឱកាសការងារ ជាពិសេសឱកាសអភិវឌ្ឍអាជីពវិជ្ជាជីវៈរបស់សិស្សនិស្សិតដែលកំពុងសិក្សា និងបញ្ចប់ការសិក្សានាពេលខាងមុខ។
ជាមួយគ្នានេះ បាន ថេរ៉ូ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យមេគង្គកម្ពុជា បានបង្ហាញនូវសុទិដ្ឋិនិយមថា៖ «ការចុះអនុស្សារណៈយោគយល់នាថ្ងៃនេះនឹងផ្តល់ប្រយោជន៍យ៉ាងច្រើនសម្រាប់ស្ថាប័នយើងទាំងពីរ ហើយជាពិសេសបានជួយតម្រង់ទិសនៃការបណ្តុះបណ្តាលនិស្សិតតាមរយៈការសហការរៀបចំវគ្គសិក្សា ឬសិក្ខាសាលា ជំនាញឯកទេស ជំនាញការងារ ការចុះកម្មសិក្សាស្រាវជ្រាវ និងការហាត់ការ ដើម្បីជាមូលដ្ឋាន សម្រាប់និស្សិតរៀបចំលក្ខណៈសម្បត្តិ និងការត្រៀមខ្លួនឆ្ពោះទៅអាជីពការងារទាំងក្នុងអំឡុងពេលសិក្សា និងក្រោយពេលបញ្ចប់ការសិក្សា ក៏ដូចជាឆ្លើយតប និងបំពេញតម្រូវការធនធានមនុស្សដែលមានសមត្ថភាពវិជ្ជាជីវៈ សម្រាប់បម្រើក្នុងវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាផងដែរ។
លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបញ្ជាក់ថា អនុស្សារណៈនៃការយោគយល់រវាងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសាកលវិទ្យាល័យមេគង្គកម្ពុជា ក្រោមប្រធានបទ «កម្មវិធីអភិវឌ្ឍធនធានមនុស្សសម្រាប់វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា» មានគោលបំណងចំនួនបី គឺ៖
១. ស្វែងរកលទ្ធភាពធ្វើការរួមគ្នាដើម្បីផ្តល់វគ្គសិក្សាជំនាញបច្ចេកទេស ឬសិក្ខាសាលាស្តីពីជំនាញការងាររបស់វិស័យមីក្រូហិរញ្ញវត្ថុ, ២. ជំរុញលើកទឹកចិត្តសិស្សនិស្សិតឱ្យចូលរួមក្នុងកម្មវិធីសិក្សាផ្សេងៗដែលរៀបចំដោយសមាគម និងសាកលវិទ្យាល័យដើម្បីអភិវឌ្ឍចំណេះដឹង និងជំនាញរបស់ប្អូនៗសិស្សនិស្សិតដែលជាទំពាំងស្នងឫស្សី និង៣. សម្របសម្រួលក្នុងការផ្តល់ឱកាសចុះកម្មសិក្សា ឱកាសចូលបម្រើការងារ ក៏ដូចជាឱកាសអភិវឌ្ឍសមត្ថភាពអាជីពវិជ្ជាជីវៈនៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាង១២២ នៅទូទាំងប្រទេសដែលជាសមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។
សូមបញ្ជាក់ថា គិតត្រឹមដំណាច់ត្រីមាសទី១ឆ្នាំ២០២២ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទ ដែលជាសមាជិករបស់សមាគម បន្តប្រកាន់ខ្ជាប់នូវទស្សនៈវិស័យរបស់ខ្លួន តាមរយៈការជួយឱ្យប្រជាជនកម្ពុជា ចំនួនជិត ២លាននាក់ ទទួលបានឥណទានសរុប ជាង ៨.៣៥៥ លានដុល្លារ ខណៈអតិថិជនបញ្ញើសរុបមានចំនួនជិត ២,៧លាននាក់ បានដាក់ប្រាក់បញ្ញើសរុបជាង ៤.៤០៣ លានដុល្លារ តាមរយៈការិយាល័យតំណាងចំនួនប្រមាណ ១.៩៤៥ កន្លែង និងមានបុគ្គលិកបម្រើការងារសរុបប្រមាណ ២៩.៤២៥ នាក់ នៅទូទាំង២៥ រាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា។ ទិន្នន័យនេះមិនបានរាប់បញ្ចូលទិន្នន័យពីធនាគារទាំង៥ ដែលជាសមាជិកនោះទេ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


