ព័ត៌មានជាតិ
៦ ខែ ឆ្នាំនេះ មានកម្មករ-និយោជិតប្រមាណជិត ៣ ពាន់នាក់ ស្លាប់-របួស ដោយសារគ្រោះថ្នាក់ចរាចរណ៍
នៅក្នុងរយៈពេល ៦ ខែ ឆ្នាំ ២០២៥ នេះ មានកម្មករ-និយោជិតប្រមាណជិត ៣ ពាន់នាក់ បានស្លាប់ និងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងនោះមានអ្នកស្លាប់ជិត ១០០ នាក់។

លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ២ កក្កដា នេះថា ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករបស់កម្មករ-និយោជិត ឆមាសទី ១ ឆ្នាំ ២០២៥ ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងលើកម្មករ-និយោជិតមានចំនួន ២ ៣០៩ ករណី ជនរងគ្រោះសរុប ២ ៩៧៧ នាក់ ស្រី ១ ៦៩១ នាក់ ក្នុងនោះ ស្លាប់ ៩០ នាក់ រងរបួសធ្ងន់ ៩១២ នាក់ និងរងរបួសស្រាល ១ ៩៧៥ នាក់។

លោកបណ្ឌិត បានបន្តថា ក្នុងចំណោមករណីគ្រោះថ្នាក់លើរថយន្តដឹកទំនិញគ្រោះថ្នាក់ចំនួន ៤ ករណី ជនរងគ្រោះសរុប ៩៤ នាក់ ស្រី ៨៦ នាក់ ក្នុងនោះ ស្លាប់ ១ នាក់ រងរបួសធ្ងន់ ១១ នាក់ និងរងរបួសស្រាល ៨២ នាក់។

លោកបណ្ឌិត បានបន្តទៀតថា មានកត្តាសំខាន់មួយចំនួនដែលជំរុញឱ្យមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ក្នុងនោះ រួមមាន បើកបរលើសល្បឿនកំណត់ មិនប្រកាន់ស្តាំ (បញ្ច្រាសទិស) កត្តាមិនគោរពសិទ្ធិអាទិភាព ការបត់មិនត្រឹមត្រូវ និងកត្តាយានយន្ត។

លោកបណ្ឌិត បានបញ្ជាក់ថា ដើម្បីកាត់បន្ថយការរងហានិភ័យដោយសារគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវសម្រាប់កម្មករ-និយោជិត បេឡាជាតិសន្តិសុខសង្គម ដែលមានក្រុមការងារ ស.ផ.ក បាន និងកំពុងអនុវត្តសកម្មភាពរួមមាន បន្តចុះអប់រំផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកដល់អ្នកបើកបរយានយន្តដឹកកម្មករ និងកម្មករ-និយោជិត ជាពិសេសកម្មករ-និយោជិត ដែលធ្វើដំណើរតាមម៉ូតូ ជំរុញឱ្យពាក់មួកសុវត្ថិភាពឱ្យបានគ្រប់ៗ គ្នា។ ជំរុញការកែលម្អរថយន្តដឹកកម្មករ-និយោជិត ឱ្យកាន់តែមានផាសុកភាព និងសុវត្ថិភាព ឱ្យបានឆាប់រហ័ស។ ចុះអង្កេតសិក្សាស្រាវជ្រាវរកមូលហេតុចម្បងដែលបណ្តាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍មកលើកម្មករ-និយោជិត ឱ្យបានច្បាស់លាស់។ រៀបចំបទបង្ហាញជាមេរៀន វីដេអូណែនាំ ស្ពត និងជាសារសំឡេងសម្រាប់អប់រំផ្សព្វផ្សាយនៅតាមបណ្តារោងចក្រ សហគ្រាស គ្រឹះស្ថាន និងតាមរយៈបណ្ដាញសង្គមនានា ដល់អ្នកបើកបរយានយន្តដឹកកម្មករ និង កម្មករ-និយោជិត ជាពិសេសកម្មករ-និយោជិត ដែលប្រើប្រាស់ម៉ូតូ កង់ និង ថ្មើរជើង ឱ្យបានយល់ដឹងច្បាស់ពីច្បាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ ជំរុញរថយន្តប្រភេទដឹកទំនិញ និងម៉ូតូសណ្តោងរ៉ឺម៉កដែលដឹកកម្មករ-និយោជិត ប្តូរមកប្រើប្រាស់រថយន្តប្រភេទដឹកអ្នកដំណើរ និងជំរុញរថយន្តប្រភេទដឹកទំនិញដែលដឹកកម្មករ-និយោជិត ឈរ ឱ្យផ្លាស់ប្ដូរមកជារថយន្តប្រភេទដឹកអ្នកដំណើរ ឬ កែច្នៃឱ្យមានកៅអីអង្គុយ។
លោកបណ្ឌិត បានធ្វើការអំពាវនាវដល់កម្មករ-និយោជិត ទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្នុងការធ្វើដំណើរ ទាំងអ្នកធ្វើដំណើរដោយម៉ូតូ និងទាំងអ្នកធ្វើដំណើរដោយរថយន្តដឹកកម្មករ-និយោជិត ត្រូវគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដើម្បីចៀសវាងករណីគ្រោះថ្នាក់ជាយថាហេតុ និងក្រើនរំលឹកទៅកាន់អ្នកបើកបររថយន្តដឹកកម្មករ-និយោជិត ទាំងអស់ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ និងយកចិត្តទុកដាក់រាល់ពេលបើកបរផងដែរ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


