ព័ត៌មានជាតិ
នាយករដ្ឋមន្រ្តីកម្ពុជា គូស«បន្ទាត់ក្រហម»និងព្រមានកងទ័ពថៃថា នឹង«មានរឿងហើយ» បើហ៊ានបិទប្រាសាទតាមាន់ធំ
ពីវេទិកា«ទិវាមច្ឆជាតិ ១កក្កដា ២០២៥» នៅក្នុងខេត្តតាកែវ នាព្រឹកថ្ងៃអង្គារ ទី១ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូស«បន្ទាត់ក្រហម» និងបានព្រមានខ្លាំងៗទៅកងទ័ពថៃថា នឹងមានរឿងជាមួយកម្ពុជាហើយ បើហ៊ានបិទប្រាសាទតាមាន់ធំ និងហាមមិនឱ្យពលរដ្ឋខ្មែរឡើងទៅលេង។ សម្រាប់នាយករដ្ឋមន្រ្តីកម្ពុជា បើថៃចង់បិទច្រក គឺបិទច្រកខាងថៃចុះ ប៉ុន្តែ កុំមកចង់បិទច្រកទាំងខាងកម្ពុជាឱ្យសោះ ព្រោះតំបន់នេះ ជាតំបន់មិនទាន់ដាច់ស្រេច ដែលមិនកម្ពុជាមិនអាចទទួលយកបានឡើយចំពោះការចង់បិទច្រកដោយឯកតោភាគីបែបនេះ។

ការព្រមានខ្លាំងៗ និងដាច់ណាត់របស់សម្តេចធិបតី នាយករដ្ឋមន្រ្តី នាពេលនេះ គឺជាការឆ្លើយតបទៅកាន់ថ្នាក់ដឹកនាំបស់ថៃផង និងជាការព្រមានទៅដល់កងទ័ពថៃផង។ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ លោក Phumtham Wechayachai ដែលជារដ្ឋមន្រ្តីការពារជាតិថៃ បានអះអាងចង់ប្រគល់សិទ្ធិទៅមេទ័ពភូមិភាគ២ ដើម្បីពិចារណាបិទប្រាសាទតាមាន់ធំ បើសិនស្ថានការព្រំដែនជាមួយកម្ពុជា នៅតែបន្តកើនឡើងនូវភាពតានតឹង។ មិនតែប៉ុណ្ណោះ ថៃក៏ថែមទាំងចង់ហាមឃាត់មិនឱ្យប្រជាពលរដ្ឋខ្មែរឡើងទៅលេងប្រាសាទតាមាន់ធំថែមទៀតផង។ សម្រាប់នាយករដ្ឋមន្រ្តីកម្ពុជា នេះ គឺជារឿងដែលមិនអាចទទួលយកបានឡើយ ហើយបើកងទ័ពថៃហ៊ានបិទប្រាសាទតាមាន់ធំមែន ច្បាស់ជានឹងមានរឿងជាមួយកងទ័ពកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ច្បាស់ថា៖ «ខ្ញុំថាអ្នកឯងប្រកាសនេះ នេះបន្ទាត់ក្រហម ឱ្យច្បាស់! កន្លែងនេះ ជាកន្លែងដែលមិនទាន់ដាច់ស្រេច ការសម្រេចចិត្តបិទ បិទតែខាងថៃ តែកុំមកបិទច្រកខាងខ្មែរ ខ្មែរមានសិទ្ធិគ្រប់គ្រងច្រកនេះ។ អ៊ីចឹង ខ្ញុំសូមជូនប្រកាសឱ្យហើយ កន្លែងតាមាន់ធំ គឺជាកន្លែងដែលនៅមិនទាន់ដាច់ស្រេច តាមាន់តូច តាក្របី មុំ៣ យើងទៅរកប្រព័ន្ធតុលាការអន្តរជាតិដោះស្រាយ គ្មានពីណាមានសិទ្ធិឯកតោភាគីប្រកាសបិទកន្លែងហ្នឹងឈប់ឱ្យមនុស្សចូលទេ រក្សាស្ថានភាពដដែល។ ជាឯកតោភាគី ហ៊ានតែបិទទ្វាមិនឱ្យប្រជាពលរដ្ឋខ្មែរឡើង នឹងមានរឿង បន្ទាត់ក្រហមច្បាស់»។

បើតាមប្រមុខដឹកនាំកម្ពុជា បើកម្ពុជាឱ្យថៃធ្វើរបៀបនេះបាន មានន័យថា ថៃបានដាក់ច្រកឯកតោភាគីយកកន្លែងហ្នឹងហើយ ហើយបើសិនជាគេអាចយកកន្លែងហ្នឹងបានដោយផែនទីឯកតោភាគី គឺស្មើនឹងកម្ពុជាទទួលស្គាល់ផែនទីឯកតោភាគី១លើ៥០ពាន់របស់ថៃ ហើយក៏មិនដឹងថា នៅព្រំដែនជាមួយថៃជាង៨០០គ.ម មានកន្លែងណាទៀត ដែលថៃគូសចូលយក។ ត្រង់ចំណុចនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា គឺត្រូវយកអនុស្សណៈនៃការយោគយល់គ្នា(MOU) ឆ្នាំ២០០០ សន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ដែលជាផែនទីដើមមកដោះស្រាយគ្នា។ ចំពោះនាយករដ្ឋមន្រ្តីកម្ពុជា កម្ពុជាចង់បានតែភាពត្រឹមត្រូវ ហើយអ្វីដែលកម្ពុជា-ថៃ ចុះហត្ថលេខាហើយ យកមកអនុវត្តទៅ កុំចុះហត្ថលេខានឹងដៃ តែលុបនឹងជើង។
គិតមកដល់ពេលនេះ គឺមានរយៈពេលជាង១ខែហើយដែលកម្ពុជា និងថៃ មានភាពតានតឹងព្រំដែនជាមួយគ្នា ពោល គឺចាប់តាំងពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដែលទាហានថៃបានលបចូលមកបាញ់ប្រហារសម្លាប់ទាហានកម្ពុជាម្នាក់នៅតំបន់មុំ៣។ ហេតុការណ៍នេះ ជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជា ត្រូវបញ្ជូនកងទ័ពទៅតំបន់ជួរមុខ ដើម្បីត្រៀមទប់ទល់ និងការពារដែនអធិបតេយ្យភាពរបស់ខ្លួន។ បញ្ហាដែលបង្កឡើងដោយកងទ័ពថៃនេះ បានរាលដាលដល់តំបន់ផ្សេងៗទៀត ដូចជា ប្រាសាទតាមាន់ធំ តាមាន់តូច ប្រាសាទតាក្របី និងឈានទៅដល់ការបិទច្រកព្រំដែនដោយឯកតោភាគីរបស់ថៃ ដើម្បីដាក់សម្ពាធសេដ្ឋកិច្ចមកលើកម្ពុជា។ តែមិនអី កម្ពុជា មានជំហរច្បាស់លាស់ និងម៉ឺងម៉ាត់ បានឆ្លើយតបទៅវិញដោយបិទការនាំចូលបន្ថែ ផ្លែឈើតាមច្រកព្រំដែនជាមួយថៃ និងប្រកាសផ្តាច់លែងប្រើប្រាស់ភ្លើងអគ្គិសនី សេវាអ៉ីនធើណែត ព្រមទាំង ប្រេងឥន្ធនៈពីប្រទេសថៃថែមទៀត ធ្វើឱ្យអ្នករកស៊ី និងប្រជាពលរដ្ឋថៃនៅតាមតំបន់ព្រំដែនមានការជ្រួលច្របល់យ៉ាងខ្លាំង។ បើតាមរាជរដ្ឋាភិបាលកម្ពុជា កម្ពុជា នឹងបើកច្រកព្រំដែនឱ្យមានស្ថានភាពដូចដើមឡើងវិញនៅក្នុងអំឡុងពេលតែ៥ម៉ោងប៉ុណ្ណោះ ក្រោយពីថៃសម្រេចបើកច្រកព្រំដែនឱ្យដូចដើមដូចនៅមុខថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានអះអាងថា កម្ពុជាតូច តែតាន់ ថៃគ្រាន់តែថា តែកម្ពុជាធ្វើមែន។ លោកសង្កត់ធ្ងន់ថា ថៃបានរាយអន្ទាក់ និងរៀបក្រឡាអុកឱ្យកម្ពុជាធ្លាក់ចូល និងលេងជាមួយ ប៉ុន្តែ កម្ពុជា បានស្គាល់អន្ទាក់ និងដឹងក្រឡាអុករបស់ថៃច្បាស់ណាស់ ទើបបានជាដាក់វិធានការតបតទៅវិញបានយ៉ាងមានប្រសិទ្ធិភាពបែបនេះ៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


