Connect with us

ព័ត៌មានជាតិ

កម្ពុជាទទូចដល់ភាគីថៃកុំយករឿងផ្ទុះមីន បង្កើតជាបញ្ហារាំងស្ទះការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព

បានផុស

នៅ

កម្ពុជាទទូចដល់ភាគីថៃកុំយករឿងផ្ទុះមីនតាមបន្ទាត់ព្រំដែន មកបង្កើតជាបញ្ហារាំងស្ទះដល់ការអនុវត្តនូវកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសទាំងពីរដែលត្រូវបានចុះហត្ថលេខាដោយមានវត្តមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលជាប្រធានប្ដូរវេនអាស៊ាន ធ្វើជាសាក្សី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះជាសេចក្ដីថ្លែងការណ៍របស់អាជ្ញាធរមីនកម្ពុជា ក្រោយមេដឹកនាំរបស់ថៃបានប្រកាសផ្អាកអនុវត្តជាឯកតោភាគីនូវកិច្ចព្រមព្រៀងសន្តិភាពខាងលើនេះ ដោយចោទកម្ពុជា ថា បានដាក់មីនថ្មីនៅតាមព្រំដែន ដែលបណ្ដាលឱ្យទាហានថៃពីរនាក់រងរបួស។

សេចក្ដីថ្លែងការណ៍របស់អាជ្ញាធរមីនកម្ពុជា នាថ្ងៃទី១១ ខែវិច្ឆិកា បានគូសបញ្ជាក់ដូច្នេះថា៖ «កម្ពុជា ក្នុងនាមជាប្រទេសស្រលាញ់សន្តិភាព ទទូចដល់ភាគីថៃចៀសវាងការយកបញ្ហាផ្ទុះមីន នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងតំបន់ព្រំដែន ដែលបានធ្វើឱ្យទាហានថៃពីរនាក់រងរបួស ជាមូលហេតុនៃការផ្អាកអនុវត្តជាឯកតោភាគីនូវកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥»

អាជ្ញាធរមីន ថា ការចោទប្រកាន់គ្មានមូលដ្ឋាននេះ ក៏ប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារសម្របសម្រួលរួម (JCTF) ដែលបានបង្កើតឡើងដោយប្រទេសទាំងពីរ ដើម្បីជំរុញដល់ការបោសសម្អាតមីនមនុស្សធម៌ និងបង្កើននូវទំនុកចិត្តរវាងគ្នា នៅតាមបណ្តោយព្រំដែនផងដែរ។

អាជ្ញាធរមីន ដែលជាស្ថាប័នទទួលបន្ទុកលើការគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន បានអះអាងពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការលុបបំបាត់គ្រាប់មីន និងទុក្ខវេទនារបស់សហគមន៍ ដែលបង្កឡើងដោយមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ហើយត្រូវបានទទួលស្គាល់ពីសហគមន៍អន្តរជាតិថា កម្ពុជាជាប្រទេសគំរូ និងឈានមុខក្នុងវិស័យសកម្មភាពមីនសាកល។

ក្នុងនាមជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា​ អាជ្ញាធរ ថា កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍ និងគោរពយ៉ាងខ្ជាប់ខ្ជួនតាមបទដ្ឋានរបស់អនុសញ្ញានេះ ហើយកម្ពុជាបានចាត់ទុកសកម្មភាពមីន ជាការចូលរួមចំណែកក្នុងការកសាងសន្តិភាព និងជាស្នូលនៃការអភិវឌ្ឍជាតិ។

ជាថ្មីម្តងទៀត អាជ្ញាធរមីនកម្ពុជា បានគូសបញ្ជាក់ថា ក្នុងនាមជាប្រទេសដែលបានគាំទ្រយ៉ាងមុតមាំ និងជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា កម្ពុជាមិនបានប្រើប្រាស់ ហើយនឹងមិនប្រើប្រាស់មិនថ្មីឡើយ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម