ព័ត៌មានជាតិ
មន្រ្តីជំនាញ កំពុងធ្វើសេចក្តីព្រាងលក្ខន្តិកៈចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តក្តាមថ្មកោះកុង
កោះកុង ៖ ក្រសួងពាណិជ្ជកម្ម អង្គការដៃគូ អាជ្ញាធរពាក់ព័ន្ធ ពិសេសតំណាងសហគមន៍នេសាទក្នុងខេត្តកោះកុង បាននឹងកំពុងធ្វើសេចក្តីព្រាងអំពីលក្ខន្តិកៈសមាគម និងសៀវភៅបន្ទុកម៉ាកសម្គាល់ភូមិសាស្រ្តទំនិញក្តាមថ្មកោះកុង ដើម្បីត្រៀមចុះបញ្ជីម៉ាក។

បន្ទប់ពីមានការចុះពិនិត្យសិក្សាស្រាវជ្រាវយ៉ាងល្អិតល្អន់ជាង៣ឆ្នាំមក ក្រសួងពាណិជ្ជកម្ម អង្គការដៃគូអភិវឌ្ឍន៍ អាជ្ញាធរមន្រ្តីជំនាញ និងតំណាងសមាគម បានរួមគ្នាពិគ្រោះយោបល់ឡើងវិញ ដើម្បីធ្វើយ៉ាងណាឱ្យមានសេចក្តីព្រាងលក្ខន្តិកៈ និងសៀវភៅបន្ទុកសម្គាល់ភូមិសាស្រ្តទំនិញក្តាមថ្មកោះកុងចេញជារូបរាងឡើង។

លោក សួន វិជ្ជា ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញាក្រសួងពាណិជ្ជកម្ម ថ្លែងថា ប្រសិនបើគ្មានម៉ាកសម្គាល់ភូមិសាស្រ្តនោះទេ ផលិតផលដែលកំពុងមានសក្តានុពលទាំងឡាយនឹងរាយប៉ាយ មិនអាចចូលរួមប្រកួតប្រជែង គ្មានស្តង់ដារអនាម័យ លំបាកតាំងលក់នៅលើទីផ្សារ និងនាំចេញទៅបរទេសជាដើម។

បើតាមប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញាដដែល ជាក់ស្តែងសមាគម និងសហគមន៍ផលិតផលនីមួយ គប្បីរៀបចំលក្ខន្តិកៈសមាគម និងសៀរភៅបន្ទុកម៉ាកសម្គាល់ភូមិសាស្រ្តទំនិញក្តាមថ្មកោះកុងអោយត្រឹមត្រូវសមស្រប និងអនុលោមទៅតាមច្បាប់កំនត់។

លោក សួន វិជ្ជា អះអាងទៀតថា ក្រសួងពាណិជ្ជកម្ម អង្គការដៃគូ និងស្ថាប័នពាក់ព័ន្ធនឹងកំពុងពន្លឿនឱ្យមានការចុះបញ្ជីម៉ាកក្តាមថ្មកោះកុងឱ្យបានឆាប់រហ័សប្រកបដោយភាពជោគជ័យ សំដៅជួយលើកកម្ពស់ផលិតផលក្នុងស្រុក សេដ្ឋកិច្ចជាតិ និងជីវភាពរស់នៅរបស់ប្រជាសហគមន៍ក្នុងខេត្តកោះកុង។

ដោយឡែកលោក ឈេង សុវណ្ណដា អភិបាលរងខេត្តកោះកុង បានលើកឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ថា ខេត្តកោះកុងសម្បូរទៅដោយភោគផលនេសាទ ដូចជា ក្តាមថ្ម បង្គារ មឹក ត្រីសមុទ្រ គ្រំចំពុះទា កាពិ ជាដើម រួមទាំងផលិតផលសក្តានុពលពីវិស័យកសិកម្ម ផងដែរ។ ក្នុងនោះមាន ម្រេច ទុរេន សាវម៉ាវ ផ្លែចេក ទឹកឃ្មុំតំបន់ឆ្នេរ ។ល។

លោកអភិបាលរងខេត្តកោះកុង យល់ថាអ្នកផលិត ឬអ្នកនេសាទ សហគមន៍ពាក់ព័ន្ធ អាជីវករ ម្ចាស់ភោជនីយដ្ឋាន និងភាគីពាក់ព័ន្ធ នឹងរួមគ្នាដើម្បីពិនិត្យ និងផ្តល់មតិយោបល់ទៅលើសេចក្តីព្រាងលក្ខន្តិកៈសមាគមនិងសៀវភៅបន្ទុកម៉ាកសម្គាល់ភូមិសាស្រ្តទំនិញក្តាមថ្មកោះកុងប្រកបដោយការទទួលខុសត្រូវ និងផលចំណេញដល់សហគមន៍។

លោក ឈេង សុវណ្ណដា ជឿជាក់ថា នៅពេលចុះបញ្ជីម៉ាកសម្គាល់ក្តាមថ្មកោះកុង រួចរាល់ហើយ ក្តេរី៍ក្តាមថ្ម ដែលជានិមិត្តរូបរបស់ខេត្តត្រូវបានលើកកម្ពស់ និងប្រើប្រាស់ម៉ាក់សម្គាល់ស្របច្បាប់ស្តង់ដារគុណភាព ដើម្បីញែកអោយដាច់ពីផលិតផលក្តាមថ្មីពីតំបន់ផ្សេងៗទៀត។
បញ្ហានេះដែរ ត្រូវបានលោក កឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ចាត់ទុកថា វិស័យកម្មសិទ្ធិបញ្ញា ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ បង្កើតការងារក្នុងតំបន់ បង្កើនច្រវាក់តម្លៃ ទាក់ទាញភ្ញៀវទេសចរ លើកកម្ពស់គុណភាពស្តង់ដារអនាម័យ និងជីវភាពរស់នៅរបស់ប្រជាកសិករក្នុងសហគមន៍នីមួយៗ។

បច្ចុប្បន ក្រសួងពាណិជ្ជកម្មបានទទួលពាក្យស្នើសុំចុះបញ្ជីម៉ាកបានកើនឡើងរហូតដល់ជាង១០ម៉ឺនម៉ាក និងបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញចំនួន៨ ដូចជា៖ ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ ក្រូចថ្លុងកោះទ្រង់ ទឹកឃ្មុំព្រៃមណ្ឌលគិរី អំបិលកំពតកែប ទឹកត្រីកំពត បង្កងតាកែវ និងប្រហុកសៀមរាប៕
អត្ថបទ ៖ សិរីវឌ្ឍនៈ


-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


