Connect with us

ព័ត៌មានជាតិ

រដ្ឋសភាកម្ពុជាទាមទារឱ្យអាជ្ញាធរថៃ អនុវត្តច្បាប់ចំពោះជនដែលចាប់រំលោភនារីជាពលករខ្មែរ

បានផុស

នៅ

រដ្ឋសភាកម្ពុជា បានទទូចដល់អន្តរជាតិឱ្យជួយអន្តរាគមន៍ទៅរដ្ឋាភិបាលថៃ ក្នុងការអនុវត្តវិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ចំពោះក្រុមទាហានឈុតខ្មៅថៃ ដែលបានប្រើអំពើហិង្សា និងការចាប់រំលោភជាក្រុមដ៏សាហាវមកលើនារីជាពលករខ្មែរ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អំពើរបស់ទាហានឈុតខ្មៅថៃ ដែលបានប្រព្រឹត្តមកលើនារីជាពលករខ្មែរពេលនេះ ត្រូវបានរដ្ឋសភាកម្ពុជាប្រកាសថ្កោលទោស និងចាត់ទុកជាសកម្មភាពដ៏សាហាវយង់ឃ្នង ព្រៃផ្សៃ និងអនុស្សធម៌ ខណៈពេលដែលនារីរងគ្រោះ និងពលករផ្សេងទៀតបានកំពុងធ្វើដំណើរចូលមកប្រទេសកម្ពុជាវិញ តាមព្រំដែនកម្ពុជា-ថៃ។

ញត្តិថ្កោលទោសរបស់រដ្ឋសភា អះអាងថា នេះជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិមនុស្ស សិទ្ធិស្ត្រី ច្បាប់មនុស្សធម៌អន្តរជាតិ អនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រី ធម្មនុញ្ញ និងលិខិតុបករណ៍អាស៊ាន និងច្បាប់អន្តរជាតិនានា។

ចំពោះមុខអំពើដ៏សាហាវរបស់ទាហានថៃ រដ្ឋសភាកម្ពុជា បានអំពាវនាវដល់សហគមន៍អន្តរជាតិ ចាត់វិធានការជាបន្ទាន់ ដើម្បីផ្តល់យុត្តិធម៌ដល់នារីរងគ្រោះ និងបញ្ឈប់អំពើហិង្សា និងការរំលោភបំពានសិទ្ធិស្ត្រី កុំឱ្យករណីដូចនេះ កើតមានជាថ្មីទៀត។ ភ្ជាប់គ្នានេះ រដ្ឋសភាកម្ពុជា ក៏អំពាវនាវដល់អង្គការសិទ្ធិមនុស្ស ស្ថាប័នលើកកម្ពស់សិទ្ធិស្ត្រីជាតិ និងអន្តរជាតិជំរុញឱ្យរាជរដ្ឋាភិបាលថៃអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីចាប់ជនល្មើសមកផ្តន្ទាទោសតាមផ្លូវច្បាប់ ជាពិសេសត្រូវលុបបំបាត់វប្បធម៌និទណ្ឌភាព និងការរំលោភសិទ្ធិនារី ដែលប្រព្រឹត្តឡើងដោយកងកម្លាំងយោធាឈុតខ្មៅថៃ។

រដ្ឋសភាកម្ពុជា ក៏បានសម្ដែងការព្រួយបារម្ភចំពោះសុខសុវត្ថិភាពពលករកម្ពុជា ដែលកំពុងបម្រើការងារនៅក្នុងប្រទេសថៃផងដែរ ក្រោយមានអំពើហឹង្សា និងការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរពីសំណាក់យោធាឈុតខ្មៅថៃមកលើពលករកម្ពុជាជាបន្តបន្ទាប់មកនេះ ហើយក៏ជាអំពើហិង្សា ដែលបានកើតឡើងក្រោយពីការរំលោភកិច្ចព្រមព្រៀងសន្តិភាពរបស់ភាគីថៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម