Connect with us

ព័ត៌មានជាតិ

កំណាត់ផ្លូវតូច ធំ ១០៨ខ្សែ ត្រូវ​គេរំលោភធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់និងរបៀបរៀបរយ

បានផុស

នៅ

លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំ​ឱ្យអភិបាលខណ្ឌទាំង១៤ យកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត លើក​ការ​ដោះស្រាយការកកស្ទះចរាចរ ពិសេស​ការ​ចត​យានយន្ត​គ្មាន​សណ្តាប់ធ្នាប់ និង​ការ​រំលោភ​ទ្រូង​ផ្លូវ​និង​ចិញ្ចើម​ផ្លូវពីសំណាក់អាជីវករមួយចំនួន ខណៈកំណាត់ផ្លូវតូចធំ ចំនួន១០៨ផ្លូវ ត្រូវបានគេរំលោភធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់និងរបៀបរៀបរយ បណ្តាល​ឱ្យ​មាន​ការកកស្ទះចរាចរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ណែនាំ​បែប​នេះ​បាន​ធ្វើ​ឡើង នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំស្តីពីការងាររៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុង​ភូមិសាស្ត្ររាជធានីភ្នំពេញជាមួយកងកម្លាំងនិងអាជ្ញាធរខណ្ឌទាំង១៤នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា តាម​ការ​សង្កេតជាក់ស្តែងក្នុង១សប្តាហ៍​កន្លងមកនេះ នៅរាជធានីភ្នំពេញមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ពិសេស​នៅ​លើបណ្តោយផ្លូវធំៗនិងផ្លូវចេញចូលរាជធានីភ្នំពេញ។ តាម​ការ​សិក្សា ការកកស្ទះចរាចរណ៍នេះ គឺបណ្តាលមកពីការចតយានយន្តមិនមានសណ្តាប់ធ្នាប់និងមួយចំនួនទៀតបណ្តាលមកពីប្រជាពលរដ្ឋមកពីប្រទេសថៃនិងមកពីបណ្តាខេត្តផ្សេងៗទៀត សម្រុកមកភ្នំពេញដើម្បីរកការងារធ្វើ។

លោក ឃួង ស្រេង បានបន្តថា ចំពោះការកកស្ទះចរាចរណ៍នេះ អភិបាលខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុតក្នុងការស្រាយឱ្យប្រសើរឡើង ជៀសវាង​ឱ្យបាននូវការថ្នាំងថ្នាក់ពីសំណាក់ប្រជាពលរដ្ឋ ពិសេសមើលនៅតាមសាលារៀនឯកជនមួយចំនួន ដោយសាលា​ទាំង​នេះ ក្នុង១ថ្ងៃបានស្ទះចរាចរណ៍រហូត៤ដង។

បន្ថែម​ពី​នេះ​ត្រូវត្រួតពិនិត្យនិងចាត់វិធានការចំពោះការចតយានយន្ត មិនមានសណ្តាប់ធ្នាប់និងការយកទ្រូងផ្លូវពីសំណាក់អាជីវករលក់ដូរអនាធិបតេយ្យ។ លោក ឃួង ស្រេង បានមានប្រសាសន៍ណែនាំថា ការចតយានយន្តមិនមានសណ្តាប់ធ្នាប់​និងការ​លក់ដូរ​រំលោភ​លើ​ទ្រូង​ផ្លូវ ចិញ្ចើម​ផ្លូវ​វា​ជារឿងដដែលៗ ដូច្នេះ អាជ្ញាធរ​ខណ្ឌទាំងអស់​ត្រូវយកចិត្តទុកដាក់ក្នុងការចាត់វិធានការ ដើម្បី​រំដោះ​កំណាត់​ផ្លូវ​ទាំង​នោះ​ឱ្យ​មាន​សណ្តាប់ធ្នាប់និងកាត់បន្ថយបាននូវការកកស្ទះចរាចរ យើងមិនអាចទុកឱ្យអាជីវករប៉ុន្មាននាក់ ធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋរាប់លាននាក់នោះទេ។

លោក ឃួង ស្រេង បានរំលឹកថា មុន​នៃការ​អនុវត្តវិធានការរំដោះផ្លូវឱ្យបានសណ្តាប់ធ្នាប់ពីសំណាក់អ្នករំលោភនេះ ដាច់ខាតត្រូវ​តែ​មានការផ្សព្វផ្សាយនិងណែនាំពួកគាត់ជាមុន ដើម្បីឱ្យពួកគាត់ទទួលយកនិងចូលរួម ហើយនៅពេលអនុវត្តការងារនេះ គឺទទួលយកបានទាំងអស់គ្នា។

លោក ឃួង ស្រេងបានបញ្ជាក់ថា​ នៅរាជធានីភ្នំពេញមានកំណាត់ផ្លូវតូច ធំចំនួន១០៨ផ្លូវ ត្រូវបានគេរំលោភធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់របៀបរៀបរយ។តែទោះបីជាយ៉ាងណាក្តី អាជ្ញាធររាជធានីភ្នំពេញបានណែនាំនិងអនុវត្តលើការងារនេះបានល្អប្រសើរបានមួយកម្រិតហើយ។ជាមួយគ្នានេះ លោកអភិបាលរាជធានីភ្នំពេញ ណែនាំឱ្យអាជ្ញាធរខណ្ឌបន្ត​អនុវត្តការងារនេះឱ្យកាន់តែល្អប្រើសើរថែមទៀត។

ក្រៅពីកិច្ចការងារលើការរៀបចំសណ្តាប់ធ្នាប់សាធារណៈ លោកឃួង ស្រេង ក៏បានណែនាំឱ្យពិនិត្យឡើងវិញ លើការ យកភាស៊ីនៅតាមផ្សារ និងការតាមដានត្រួតពិនិត្យ ជន​អនាថា គឺ​មិន​អាច​ឱ្យពួកគេធ្វើសកម្មភាព នាំ​ឱ្យ​បាត់បង់សោភណ្ឌភាពនិងរបៀបរៀបរយសាធារណៈ​នោះឡើយ៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម