ព័ត៌មានជាតិ
កំណាត់ផ្លូវជាតិលេខ ៧៨C ក្នុងខេត្តរតនគិរី ត្រូវបានបើកការដ្ឋានជួសជុលលើកកម្រិតគុណភាព
កំណាត់ផ្លូវជាតិលេខ ៧៨C ប្រវែង២៨០០ម៉ែត្រ ទទឹង ៧ម៉ែត្រ ត្រូវបានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តរតនគិរី បើកការដ្ឋានជួសជុលលើកកម្រិតគុណភាពទៅជាផ្លូវប្រភេទគ្រឹះថ្មម៉ិច និងក្រាលកៅស៊ូពីរជាន់ (DBST) នៅថ្ងៃទី ៣ ខែធ្នូនេះ ដើម្បីបម្រើឱ្យផលប្រយោជន៍សាធារណៈ ជាពិសេសពលរដ្ឋក្នុងមូលដ្ឋានចំនួន២ស្រុក ដែលធ្វើដំណើរជាប្រចាំ។
ផ្លូវជាតិលេខ ៧៨C នេះ ពិតជាបម្រើផលប្រយោជន៍ ដល់ស្រុកអូរជុំ និងស្រុកវើនសៃ រួមមានប្រជាជន ក្នុងឃុំកាឡៃ និងឃុំអូរជុំ ដែលតភ្ជាប់ពីស្រុកអូរជុំ ស្រុកវើនសៃ ទៅកាន់ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង និងពីស្រុកវើនសៃ ស្រុកអូរជុំ មកកាន់ផ្លូវជាតិលេខ ៧៨ ទីរួមខេត្តរតនគិរី។

នាឱកាសអញ្ជើញចូលរួមពិធីបើកការដ្ឋាននេះ អភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន មានប្រសាសន៍ថា ផ្លូវជាតិលេខ ៧៨C (អូរជុំ-វើនសៃ) ជាផ្លូវសេដ្ឋកិច្ចមួយដ៏សំខាន់ដើម្បីបម្រើឱ្យផលប្រយោជន៍ប្រជាពលរដ្ឋក្នុងស្រុកទាំង២ ក្នុងការដឹកកសិផលផ្សេងៗ ដែលប្រមូលផលបាន ទៅកាន់ទីផ្សារ ក៏ដូចជាការងាយស្រួលក្នុងការដឹកសម្ភារឧបភោគបរិភោក និងសម្ភារសំណង់ ដែលផ្គត់ផ្គង់ដល់ជីវភាពរស់នៅ ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ដើម្បីដំណើការជួសជុល ផ្លូវនេះអោយទទួលបានជោគជ័យ លោក ញ៉ែម សំអឿន បានស្នើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជួយ សហការ កុំដឹកជញ្ជូនសំពីងសំពោង និងដឹកគ្រួស ថ្ម ខ្សាច់ ដោយធ្វើការវិចខ្ចប់ឱ្យបានត្រឹមត្រូវ ។ លោកសង្កត់ធ្ងន់ថា៖«ពិសេសអាជ្ញាធរដែនដី នៃ ស្រុកទាំង២ មេត្តាផ្សព្វផ្សាយអោយបានទូលំទូលាយ ដល់ប្រជាពលរដ្ឋរបស់ខ្លួនដែលរស់នៅ តាមបណ្តោយផ្លូវ សូមចូលរួម សហការសម្របសម្រួលរាល់បញ្ហា ដែលប៉ះពាល់ដល់ផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ» ។

បើតាម លោក សាយ សាមាន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី គម្រោងជួសជុលផ្លូវជាតិលេខ ៧៨C ប្រវែង ២៨០០ម និង ទទឹង៧ម ពី PK 125+900 ដល់ PK 128+700 ជាប្រភេទគ្រឹះថ្មម៉ិច និងក្រាលកៅស៊ូពីរជាន់ (DBST) មានពីរគន្លងដោយប្រើប្រាស់កញ្ចប់ថវិកាជាតិ តាមរយៈក្រសួងសាធារណការនិងដឹកជញ្ជូន និង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជួសជុលដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី តាមកិច្ចសន្យាដែលបានកំណត់ក្នុងគម្រោង សម្រាប់ឆ្នាំ២០២៦៕
ដោយ៖ ខៀវ ចាប
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


