Connect with us

ព័ត៌មានជាតិ

សួនឌីជីថលលើកដំបូង​ជិត​ចេញ​រូបរាងនៅ​កម្ពុជា គ្រោង​អភិវឌ្ឍ​នៅ​លើផ្ទៃដីទំហំ ១០០ ហិកតា

បានផុស

នៅ

កម្ពុជា​កំពុង​រៀបចំ​បង្កើត និងអភិវឌ្ឍន៍​សួន​ឌីជីថលជា​លើកដំបូង ​ក្នុងគោលដៅគាំទ្រ​ដល់ធុរកិច្ចថ្មីឌីជីថល និង​​ប្រែក្លាយប្រទេស​កម្ពុជាទៅជាមជ្ឈមណ្ឌលឌីជីថល សំដៅរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា។

ថ្លែង​នៅក្នុងពិធីបើកវេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល​ដែល​រៀបចំ​ឡើង​នៅព្រឹកមិញនេះ​ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ និងទូរគមនាគមន៍​បានលើកពី​ចក្ខុវិស័យរបស់ក្រសួងគឺប្រែក្លាយកម្ពុជាជាបណ្តើរៗឱ្យទៅជាប្រទេសដែលពុំនិយមប្រើប្រាស់ក្រដាសបន្តទៀត ដោយ​ឈរ​លើ​ការប្រើប្រាស់បច្ចេកវិទ្យា​ឌីជីថល ដែលប្រជាពលរដ្ឋមានទំនុកចិត្ត ព្រមទាំងអាចលើកតម្កើងតួនាទីរបស់កម្ពុជា​លើ​ឆា​កអន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​រដ្ឋមន្រ្តីបញ្ជាក់ថា តាមរយៈ​គម្រោង​អភិវឌ្ឍ​សួនឌីជីថល ( Digital Hub) នឹងជួយជំរុញដល់ការធ្វើបរិវត្តកម្ម សហគ្រិន​ភាព នវានុវត្តន៍ ជាពិសេសការបង្កើតជាប្រព័ន្ធអេកូឡូស៊ីមួយ ដែលផ្សារភ្ជាប់ការអប់រំបណ្តុះបណ្តាលជំនាញទៅនឹងឧស្សាហកម្មក្នុងវិស័យឌីជីថល។

ប្រភពពីមន្រ្តី​​ក្រសួង​ប្រៃសណីយនិងទូរគមនាកមន៍បាន​​ប្រាប់កម្ពុជាថ្មី​ សួនឌីជីថលដែលប្រកាស​បង្កើត​ឡើង​ ត្រូវបាន​អភិវឌ្ឍ​នៅ​លើផ្ទៃដីទំហំ ១០០ ហិកតា ស្ថិត​នៅ​តាមបណ្តោយផ្លូវជាតិ​លេខ ៦។

សួនបច្ចេកវិទ្យា​​នេះ នឹងក្លាយជាមជ្ឈមណ្ឌលទិន្នន័យជាតិទី ១ ជា​កន្លែង​ផ្តល់សេវា Data Hosting មួយប្រកបដោយសុវត្ថិភាព ជា​មជ្ឍមណ្ឌល​បណ្តុះបណ្តាល ជា​កន្លែងប្រមូលផ្តុំ​ដោយ​​ក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅ​ក្នុងតំបន់ និងលើ​ពិភពលោកមកដាក់ប្រតិបត្តិការនៅកម្ពុជា។

រាជរដ្ឋាភិបាលបានកំណត់ «បច្ចេកវិទ្យា» ជាអាទិភាពគន្លឹះថ្មីមួយ និង «ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល» ជារបៀបវារៈគោលនយោបាយថ្មីមួយទៀតក្នុង «យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១»។

បច្ចេកវិទ្យាឌីជីថល ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បានវិវត្តយ៉ាងលឿន និងបានជ្រាបចូលក្នុងគ្រប់មជ្ឈដ្ឋាន​​និងគ្រប់ស្រទាប់នៃសង្គមសេដ្ឋកិច្ច ស្របជាមួយនឹងការប្រែប្រួលជាបន្តបន្ទាប់នៃរបៀបរបបរស់នៅ របៀបរបបធ្វើការ ឬធ្វើពាណិជ្ជកម្ម និងរបៀបរបបប្រាស្រ័យទាក់ទងគ្នាជាប្រចាំថ្ងៃ​។

ចូលរួមជាអធិបតីភាព​ក្នុងកម្មវិធីបើកនៃ «វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ» ក្រោមប្រធានបទ «ការពន្លឿន​អនាគតឌីជីថល៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល» លោក​ វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ និង​រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រីបាន​គូស​បញ្ជាក់ថា បច្ចេកវិទ្យាបាននាំមកនូវកាលានុវត្តភាពផង និងហានិភ័យផង ហើយការចាប់​យក​បច្ចេកវិទ្យា​ឌីជីថល បានក្លាយជាកត្តាកំណត់ឧត្តមភាពប្រកួតប្រជែង និងជោគវាសនារបស់ប្រទេសជាតិ ស្ថាប័ន សហគ្រាស ក៏ដូចជាបុគ្គលនីមួយៗ។

លោកថា សម្រាប់ប្រទេសកម្ពុជានិងប្រទេសកំពុងអភិវឌ្ឍ បច្ចេកវិទ្យាអាចត្រូវបានចាត់ទុកជាយានមួយសម្រាប់ពន្លឿន​ការធ្វើទំនើបកម្ម ការ​អភិវឌ្ឍ និងបង្កើនតម្លៃបន្ថែមក្នុងសង្គមសេដ្ឋកិច្ចរបស់ខ្លួន ជាពិសេសលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែ​បើសិនជាការចាប់យកបច្ចេកវិទ្យាប្រព្រឹត្តទៅមិនទាន់ពេល ខុសទិសដៅ មិនទាន់ការប្រកួតប្រជែង ឬមិនទាន់​តម្រូវការនៃស្ថានភាពជាក់ស្តែង គម្លាតនៃការអភិវឌ្ឍ (development gap) នឹងកាន់តែរីកធំឡើងទាំងក្នុងកម្រិតរវាងប្រទេសនិងប្រទេស និងរវាងប្រជាជននិងប្រជាជន។

ក្នុង​ឱកាស​នោះ លោក​ជំរុញ​ដល់​គ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ សហការលើកកម្ពស់សមត្ថភាពចាប់​យក​បច្ចេកវិទ្យា​ឌីជីថល ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត សំដៅបង្កើនប្រសិទ្ធភាពក្នុងការ​ផ្តល់និងទទួលសេវាសាធារណៈ និង​ទាញយកប្រយោជន៍ឱ្យបានជាអតិបរមាពីចរន្តសេដ្ឋកិច្ចឌីជីថលសកល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម