ព័ត៌មានជាតិ
អាជ្ញាធរជំរុញមន្រី្តមូលដ្ឋានយកចិត្តទុកដាក់ជនភៀសសឹកស្នាក់នៅបណ្ដោះអាសន្នក្នុងភូមិសាស្ត្រខេត្តកណ្ដាល
លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំដោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋភៀសសឹកដែលបានភៀសខ្លួនមកស្នាក់នៅបណ្ដោះអាសន្នក្នុងភូមិសាស្ត្រខេត្តកណ្ដាល។

លោកអភិបាលខេត្តកណ្ដាលលើកឡើងថា៖ គិតត្រឹមថ្ងៃនេះរដ្ឋបាលខេត្តកណ្ដាល មានប្រជាពលរដ្ឋជាជនភៀសសឹក ដែលភៀសខ្លួនមកពីតាមព្រំដែន មកជ្រកស្នាក់ជាមួយក្រុមគ្រួសារ បងប្អូន នៅតាមក្រុង-ស្រុកទូទាំងខេត្តកណ្ដាល មានប្រមាណជិត ៣ពាន់គ្រួសារ ហើយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន បានរួមគ្នាធ្វើការចុះសួរសុខទុក្ខ និងនាំយកនូវស្បៀងអាហារសម្រាប់ផ្ដល់ជូនបងប្អូនជនភៀសសឹកទាំងអស់ ដើម្បីបន្តការស្នាក់នៅក្នុងមូលដ្ឋានរបស់យើង។


លោកអភិបាលខេត្ត បានបន្តទៀតថា៖ ស្បៀងអាហារទាំងអស់នេះមិនអាចដោះស្រាយជាអចិន្ត្រៃយ៍ជូនពលរដ្ឋភៀសសឹកបាននោះទេ ជាបណ្ដោះអាសន្នសូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តការយកចិត្តទុកដាក់គិតគូររកការងារធ្វើជូនពួកគាត់ ត្រូវមានការបង្កបង្កើនផល ការដាំដុះប្រសិនបើមានដីធ្លី ដើម្បីដោះស្រាយជីវភាពរបស់ពួកគាត់ជាអចិន្ត្រៃយ៍ ព្រោះថាយើងមិនអាចប្រមើលមើលបានទេថា តើការឈ្លានពានរបស់យោធាថៃនៅពេលនេះអាចមានរយៈពេលខ្លី ឬរយៈពេលវែងបន្តទៅទៀតនោះទេ។


លោកអភិបាលខេត្តកណ្ដាលបានបន្ថែមទៀតថា៖ ជនភៀសឹកទាំងអស់មានទាំងចាស់ មានទាំងក្មេង ចំពោះពួកគាត់ជរា ដែលមានតម្រូវការក្នុងការពិនិត្យ និងព្យាបាលសុខភាពនានា សូមឱ្យមណ្ឌលសុខភាព និងមន្ទីរពេទ្យរបស់យើងនៅក្នុងខេត្ត ខិតខំពិនិត្យព្យាបាលដោយគ្មានការបែងចែកឡើយ ពីព្រោះពួកគាត់កំពុងរងគ្រោះដោយសារសង្គ្រាមហើយ ដូច្នេះយើងត្រូវតែផ្ដល់ការគាំទ្រនិងលើកទឹកចិត្តសម្រាប់បងប្អូនជនភៀសសឹករបស់យើង។ ហើយចំពោះក្មេងៗកំពង់ស្ថិតក្នុងវ័យសិក្សា មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ការិយាល័យអប់រំក្រុង-ស្រុក ត្រូវស្រង់ស្ថិតិឱ្យបានច្បាស់ ហើយខិតខំសម្របសម្រួលចុះឈ្មោះឱ្យពួកគាត់បានចូលរៀននៅតាមសាលា តាមកម្រិតសិក្សាររបស់គាត់ ដែលមានសាលានៅជិតទីកន្លែងស្នាក់នៅរបស់ពួកគាត់បំផុត។


ការណែនាំនេះធ្វើឡើងនៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ០២ភូមិ សរុបចំនួន ២៧៦៣បណ្ណ ស្ថិតនៅភូមិសំបូរ ភូមិព្រែកចារ ឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្តាល ក្រោមអធិបតីភាពលោក ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតនៅបរិវេណវត្តសំបួរ ក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកល្វាឯម ខេត្តកណ្តាល៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


