Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌសែនសុខ ដាក់គ្រឿងចក្រស្តារប្រឡាយមេមួយខ្សែ ដំណាក់កាលទី១ សម្រេចបាន ១០០ ភាគរយ

បានផុស

នៅ

រដ្ឋបាលខណ្ឌសែនសុខ ដឹកនាំដោយលោក ចេង មុនីរ៉ា អភិបាលខណ្ឌ បានដាក់គ្រឿងចក្រចុះស្តារប្រឡាយមេមួយខ្សែ អបនិងផ្លូវរថភ្លើង ស្ថិតក្នុងភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដើម្បីសម្រួលលំហូរទឹកឱ្យហូរបានលឿន ទៅកាន់ស្ថានីយ៍បូមសាក់សំពៅ ត្រៀមបញ្ចៀសការលិច ក្នុងរដូវវស្សា និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ធាម ច័ន្ទសេរីវុឌ្ឍ ប្រធានការិយាល័យសាធារណការ និងដឹកជញ្ជូន ខណ្ឌសែនសុខ បានឱ្យដឹងថា ដោយសារការយកចិត្តទុកដាក់ខ្ពស់ពីលោកអភិបាលខណ្ឌ ចំពោះការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន កាលពីអំឡុងខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារជំនាញបានចុះពិនិត្យ វាស់វែង និងរៀបចំផែនការស្តារប្រឡាយមេ អបផ្លូវរថភ្លើង ក្នុងដំណាក់កាលទី១ ដែលបច្ចុប្បន្នសម្រេចបាន ១០០ ភាគរយ។

លោកបន្តថា ប្រឡាយមេមួយខ្សែនេះ មានប្រវែងសរុបជាង ១០ គីឡូម៉ែត្រ និងភ្ជាប់ទៅកាន់ស្ថានីយ៍បូមទួលសំពៅ ដែលមានតួនាទីសំខាន់ក្នុងការបង្ហូរទឹកភ្លៀងចេញពីតំបន់សែនសុខ ឱ្យបានទាន់ពេលវេលា កាត់បន្ថយហានិភ័យលិចលង់ និងការខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។

លោក សុខ វណ្ណា ប្រជាពលរដ្ឋរស់នៅភូមិដំណាក់ សង្កាត់គោកឃ្លាង បានលើកឡើងថា ពីមុនពេលភ្លៀងធ្លាក់ខ្លាំងម្តងៗ ទឹកលិចផ្លូវ និងចូលផ្ទះប្រជាពលរដ្ឋ ធ្វើឱ្យការរស់នៅមានការលំបាក ក្រោយពីអាជ្ញាធរចុះស្តារប្រឡាយ ឃើញថាទឹកហូរលឿនជាងមុនច្រើន។ ប្រជាពលរដ្ឋយើងសូមអរគុណចំពោះអាជ្ញាធរខណ្ឌសែនសុខ ដែលបានយកចិត្តទុកដាក់លើបញ្ហានេះ។

លោក ញ៉ែម ស្រីពៅ អាជីវករលក់ដូរនៅជិតតំបន់ប្រឡាយ បានបញ្ជាក់ថា ការស្តារប្រឡាយនេះ ជួយឱ្យបរិស្ថានស្អាត និងបញ្ហាទឹកលិចត្រូវបានកាត់បន្ថយ។ យើងសង្ឃឹមថា អាជ្ញាធរនឹងបន្តដំណាក់កាលបន្ទាប់ទៀត ដើម្បីឱ្យតំបន់នេះមានការអភិវឌ្ឍកាន់តែល្អ។

អាជ្ញាធរខណ្ឌ បានបញ្ជាក់ថា រដ្ឋបាលខណ្ឌនឹងបន្តពិនិត្យ និងអនុវត្តដំណាក់កាលបន្តទៀត ស្របតាមផែនការអភិវឌ្ឍន៍របស់រាជធានីភ្នំពេញ ដើម្បីធានាថាប្រព័ន្ធបង្ហូរទឹកមានប្រសិទ្ធភាព និងការរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ៕អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម