Connect with us

ព័ត៌មានជាតិ

ពលរដ្ឋសាទរ! គម្រោងលូរំដោះទឹកភ្ជាប់ទៅស្ថានីយបូមទឹកបុរី ១០០ ខ្នង សង្កាត់ទឹកថ្លា ចាប់ផ្តើមដំណើរការ

បានផុស

នៅ

គម្រោងដាក់លូមូលរំដោះទឹកថ្មី ១ ខ្សែ ប្រវែងសរុប ៥៤០ ម៉ែត្រ និង ទំហំមុខកាត់ ១.៥ ម៉ែត្រ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានចាប់ផ្តើមដំណើរការសាងសង់ជាផ្លូវការហើយ ដើម្បីបង្កើនប្រសិទ្ធភាពការរំដោះទឹកភ្លៀង និង កាត់បន្ថយការជន់លិចនៅតំបន់ភូមិចុងថ្នល់ខាងលិច វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសមៈ និង ភូមិបុរី ១០០ ខ្នង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោងនេះ ត្រូវបានអនុវត្តដោយភ្ជាប់ប្រព័ន្ធលូរំដោះទឹកពីភូមិចុងថ្នល់ខាងលិច ឆ្លងកាត់តំបន់វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសមៈ និង ភូមិបុរី ១០០ ខ្នង ទៅកាន់ស្ថានីយបូមទឹកបុរី ១០០ ខ្នង ដើម្បីធានាឱ្យការបង្ហូរទឹកមានល្បឿនលឿន និង ប្រសិទ្ធភាពជាងមុន នារដូវវស្សា។

គម្រោងសាងសង់នេះ ត្រូវបានគាំទ្រដោយរដ្ឋបាលខណ្ឌសែនសុខ និង អនុវត្តក្រោមថវិកាមូលនិធិអភិវឌ្ឍន៍ ឆ្នាំ ២០២៦ ដើម្បីលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និង ដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ទឹកថ្លា បានសម្តែងការសាទរ និង ក្តីរីករាយចំពោះការចាប់ផ្តើមអនុវត្តគម្រោងនេះ ដោយរំពឹងថា នឹងអាចកាត់បន្ថយបញ្ហាទឹកជន់លិចដែលធ្លាប់កើតមានរៀងរាល់រដូវវស្សា និង ធ្វើឱ្យការធ្វើដំណើរ ក៏ដូចជាការរស់នៅប្រចាំថ្ងៃកាន់តែងាយស្រួល។

លោក សុខ វណ្ណៈ ប្រជាពលរដ្ឋរស់នៅក្បែររបងវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសមៈ បានលើកឡើងថា «កន្លងមក ពេលមានភ្លៀងធ្លាក់ខ្លាំង តំបន់នេះតែងមានទឹកលិច បង្កការលំបាកក្នុងការធ្វើដំណើរ និង ប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ។ ឥឡូវនេះ ឃើញអាជ្ញាធរចាប់ផ្តើមសាងសង់ប្រព័ន្ធលូថ្មី យើងខ្ញុំពិតជាមានក្តីសង្ឃឹមថា បញ្ហានេះ នឹងត្រូវបានដោះស្រាយជាបណ្តើរៗ»។

ចំណែក អ្នកស្រី លី សុភា ប្រជាពលរដ្ឋរស់នៅភូមិចុងថ្នល់ខាងលិច លើកឡើងដែរថា «ខ្ញុំសូមថ្លែងអំណរគុណដល់លោករដ្ឋបាលខណ្ឌសែនសុខ ដែលតែងតែយកចិត្តទុកដាក់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ។ គម្រោងនេះ មានសារៈសំខាន់ណាស់សម្រាប់អ្នករស់នៅក្នុងតំបន់ ហើយយើងសង្ឃឹមថា នឹងបញ្ចប់តាមផែនការដែលបានកំណត់»៕
អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម