ព័ត៌មានជាតិ
បណ្ឌិត ហង់ជួន ណារ៉ុន៖ ការប្រកួតសំណេរអង្គរ បង្ហាញពីមនសិការជាតិក្នុងការរួមគ្នាថែរក្សាអត្តសញ្ញាណអក្សរសាស្ត្រ
ឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការប្រកួតសំណេរអង្គរ គឺជាការបង្ហាញពីមនសិការជាតិក្នុងការរួមគ្នាថែរក្សាអត្តសញ្ញាណអក្សរសាស្ត្រ ដែលជាភារកិច្ចចម្បងរបស់ប្រជាជនខ្មែរគ្រប់រូប ដើម្បីឱ្យកូនចៅជំនាន់ក្រោយបានស្គាល់ពីឫសគល់ដ៏រឹងមាំរបស់ខ្លួន។ លោកបានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាសហធិបតី ក្នុងកម្មវិធីប្រកួតសរសេរតាមអាន “សំណេរអង្គរ” លើកទី៣ នៅស្ពានហាល ខាងលិចប្រាសាទអង្គរវត្ត ខេត្តសៀមរាប នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៦។

ក្នុងឱកាសនេះ លោករដ្ឋមន្រ្តី បានកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះស្មារតីសាមគ្គីភាពរបស់ក្រុមការងារ ក្នុងការរៀបចំព្រឹត្តិការណ៍នេះឡើងប្រកបដោយការទទួលខុសត្រូវ និងជាពិសេស ការចូលរួមដោយចេញពីបេះដូងរបស់បងប្អូនប្រជាពលរដ្ឋខ្មែរក្នុងព្រឹត្តិការណ៍សំណេរអង្គរនេះ ដែលជានិមិត្តរូបដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។ ទីតាំងស្ពានហាលនៃប្រាសាទអង្គរវត្តនេះ មិនមែនគ្រាន់តែជាសំណង់បេតិកភណ្ឌពិភពលោកនោះទេ ថែមទាំងជាមជ្ឈមណ្ឌលវប្បធម៌ដ៏ធំធែង និងជាបណ្ណាល័យសិលាចារឹកដ៏រស់រវើក ដែលឆ្លុះបញ្ចាំងពីមោទនភាព និងការវិវត្តដ៏រុងរឿងនៃអក្សរសាស្ត្រខ្មែរតាំងពីបុរាណកាលមកដល់ពេលបច្ចុប្បន្ននេះ។

លោកបញ្ជាក់ថា ការពង្រឹងការអាន ការសរសេរភាសាខ្មែរតាំងពីកម្រិតថ្នាក់ដំបូង គឺជាមូលដ្ឋានគ្រឹះក្នុងការចាប់យកមុខវិជ្ជាដទៃទៀតមកសិក្សា និងធានាភាពជោគជ័យក្នុងការសិក្សានៅកម្រិតថ្នាក់បន្តបន្ទាប់ទៀត។ ក្នុងន័យនេះ ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងអនុវត្តយ៉ាងសកម្មនូវកញ្ចប់សម្ភារៈអំណានថ្នាក់ដំបូង ដែលជាយុទ្ធសាស្ត្រកំណែទម្រង់ដ៏មុតស្រួចបំផុតមួយសម្រាប់ការលើកកម្ពស់គុណភាពអប់រំបឋមសិក្សា។ ការរៀបចំព្រឹត្តិការណ៍ក្នុងការប្រកួតសរសេរតាមអាន ក្រោមប្រធានបទ «សំណេរអង្គរ» នាពេលនេះ ក៏ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា ក្រសួងស្ថាប័នពាក់ព័ន្ធ ពិសេសអ្នកស្រលាញ់ចូលចិត្តការសរសេរអក្សរខ្មែរ សំដៅលើកកម្ពស់សមត្ថភាពការសរសេរឱ្យបានត្រឹមត្រូវតាមអក្ខរាវិរុទ្ធ ក្បួនខ្នាតវេយ្យាករណ៍ និងចេះពីរបៀបសរសេរអត្ថបទឱ្យបានច្បាស់លាស់ ដែលទាំងអស់នេះជាបំណិនដ៏សំខាន់ក្នុងការសិក្សាភាសាខ្មែរ និងអក្សរសាស្ត្រខ្មែរ។
លោករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន បានយកឱកាសនេះ លើកទឹកចិត្តដល់គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលគ្រប់លំដាប់ថ្នាក់ ជាពិសេសគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ឱ្យរៀបចំការប្រឡងប្រណាំងអំណាន និងសំណេរ ឬបង្កើតព្រឹត្តិការណ៍អប់រំនានា ដើម្បីជំរុញដល់ការរៀនសូត្ររបស់សិស្សានុសិស្ស និងអ្នកចូលចិត្តអក្សរសាស្រ្តខ្មែរ អាចបញ្ចេញសមត្ថភាពប្រកបដោយភាពក្លាហាន ទំនុកចិត្ត និងទទួលយកការពិតអំពីសមត្ថភាពពិតប្រាកដដែលខ្លួនមាន ព្រមទាំងខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងពង្រឹងការអាន សរសេរ និងនិពន្ធបន្ថែមទៀត សម្រាប់ត្រៀមខ្លួនក្នុងការប្រឡងប្រណាំងនានាក្នុងពេលខាងមុខ។

តាងនាមឱ្យក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន ថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកដែលធ្វើឱ្យកម្មវិធីប្រព្រឹត្តទៅបានយ៉ាងរលូន និងសូមកោតសរសើរចំពោះការលះបង់ និងភាពក្លាហានរបស់បេក្ខជនបរទេសក៏ដូចជាមាតាបិតាបេក្ខជនដែលមានអាយុក្រោម១៨ឆ្នាំដែលបានលើកទឹកចិត្តនិងជូនកូនៗមកចូលរួមការប្រកួតនាពេលនេះ និងសូមបួងសួងឱ្យសេចក្ដីស្រឡាញ់អក្សរសាស្ត្រខ្មែរយើងរឹងមាំ ប្រៀបដូចប្រាង្គប្រាសាទដែលកំពុងឈរយ៉ាងស្កឹមស្កៃនេះ។
គួរបញ្ជាក់ដែរថា ការប្រកួតសរសេរតាមអាន «សំណេរអង្គរ» លើកទី៣នេះ មានបេក្ខជន និងបេក្ខសមណសរុបចំនួន ១៨៦០អង្គ/នាក់។ សម្រាប់ការប្រកួតនៅឆ្នាំនេះមានវត្តមានព្រះសង្ឃចំនួន ២៣១អង្គ។ ចំណែកបេក្ខជន ចាស់ជាងគេអាយុ ៨២ឆ្នាំ និងក្មេងជាងគេ៥ឆ្នាំ៕
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


