Connect with us

ព័ត៌មានជាតិ

ក ប ប កំពុងប្រតិបត្តិការស្វែងរកផលិតផលទឹកដោះគោម្សៅ Babybio Optima នៅលើទីផ្សារដែលសង្ស័យមានសារធាតុពុល Cereulide

បានផុស

នៅ

មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ បានសហការជាមួយមន្ត្រីសាខា ក.ប.ប. មន្រ្តីនៃមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារចំនួន ៧៨ទីតាំងនៅតាមបណ្ដាផ្សាររដ្ឋ ផ្សារឯកជន តូបលក់ទំនិញ ម៉ាត ក្នុងបណ្តារាជធានី​ ខេត្តគោលដៅ បានចុះពិនិត្យ និងស្រាវជ្រាវបន្ទាន់ដើម្បីស្វែងរកផលិតផលទឹកដោះគោម្សៅ Babybio Optima ដែលសង្ស័យមានផ្ទុកសារធាតុពុល TOXIN ឈ្មោះ Cereulide ដែលកំពុងចរាចរណ៍នៅលើទីផ្សារកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាលទ្ធផលនៃការចុះស្រាវជ្រាវ មន្រ្តីជំនាញនៅមិនទាន់បានរកឃើញផលិតផលទឹកដោះគោម្សៅ Babybio Optima ទាំង៣ឡូត៍ដែលអាចមានវត្តTOXIN ឈ្មោះ Cereulide ដូចដែលអគ្គនាយកដ្ឋាន ក.ប.ប. បានជូនដំណឹងនោះនៅឡើយទេ។ មន្រ្តី ក.ប.ប. នៅតែបន្តសហការជាមួយមន្រ្តី នៃអង្គភាពពាក់ព័ន្ធ នឹងបន្តស៊ើបអង្កេតស្រាវជ្រាវស្វែងរកផលិតផលទឹកដោះគោម្សៅ Babybio Optima ទាំង៣ឡូត៍នោះ ដើម្បីការពារសុខភាព និងផលប្រយោជន៍អ្នកប្រើប្រាស់។

អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន កុំទិញ លក់ ឬប្រើប្រាស់ផលិតផលទឹកដោះគោម្សៅ Babybio Optima ទាំង៣ឡូត៍ដែលអគ្គនាយកដ្ឋានបានជូនដំណឹង និងក្នុងករណីប្រទះឃើញ សូមទំនាក់ទំនងតាមរយៈ CCF Complaint App, លេខទូរសព្ទ ១២៦៦ ដើម្បីមានវិធានការតាមនីតិវិធី ឱ្យបានទាន់ពេលវេលា។

កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម បានប្រកាសប្រមូលផលិតផលទឹកដោះគោម្សៅម៉ាក Babybio Optima 1 ដែលកំពុង​ចែកចាយនៅលើទីផ្សារកម្ពុជាមកវិញ ដោយសង្ស័យថា អាចមានវត្តមាន TOXIN ឈ្មោះ Cereulide នៅក្នុងផលិតផលនេះ ក្នុងគោលបំណងធានាសុវត្ថិភាពសុខភាពទារក និងកុមារ។

ការប្រកាសប្រមូលផលិតផលទឹកដោះគោម្សៅម៉ាក Babybio Optima 1 នេះ បន្ទាប់ពីក្រុមហ៊ុន កុងទ័រ ភើហ្វឹក ហ្វាមេដ ឯ.ក ដែលជាក្រុមហ៊ុនទទួលសិទ្ធិផ្តាច់មុខលក់ និងចែកចាយផលិតផលម៉ាក Babybio នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានជូនដំណឹងថា អាចមានវត្តមាន TOXIN ឈ្មោះ Cereulide នៅក្នុងផលិតផលទឹកដោះគោម្សៅម៉ាក Babybio Optima 1 ចំនួន ៣ប្រភេទ ដែលកំពុងចរាចរនៅលើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា។

តាមសេចក្ដីជូនដំណឹងរបស់ ក ប ប ផលិតផលទឹកដោះគោម្សៅម៉ាក Babybio Optima 1 ទាំង៣ប្រភេទដែលតម្រូវឲ្យប្រមូលមកវិញនោះ ទី១. ទឹកដោះគោម្សៅ Babybio Optima 1 ចំណុះ 800g មានលេខឡូតិ៍ Lot 894408 (Exp: 09/07/2027) ទី២. ទឹកដោះគោម្សៅ Babybio Optima 1 ចំណុះ 800g មានលេខឡូតិ៍ Lot 900035 (Exp: 12/08/2027) និងទី៣. ទឹកដោះគោម្សៅ Babybio Optima 1 ចំណុះ 400g មានលេខឡូតិ៍ Lot 900932 (Exp: 18/08/2027)។

Cereulide គឺជាជាតិពុលដែលមានស្ថេរភាពកម្ដៅខ្ពស់ emetic (ក្អួត) ដែលផលិតដោយបាក់តេរី Bacillus cereus ដែលជារឿយៗត្រូវបានរកឃើញនៅក្នុងអាហារម្សៅដែលមានមេរោគ ឬថ្មីៗនេះនៅក្នុងគ្រឿងផ្សំជាក់លាក់ (ប្រេង ARA) នៅក្នុងរូបមន្តទារក។ វាដើរតួជាប៉ូតាស្យូមអ៊ីយ៉ូណូហ្វ័រដែលរំខានដល់មុខងារ mitochondrial បណ្តាលឱ្យក្អួត និងឈឺពោះភ្លាមៗ (30នាទីដល់ 6 ម៉ោង)៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម