Connect with us

ព័ត៌មានជាតិ

ក្រោយគ្រោះថ្នាក់ចរាចរណ៍កើនឡើង នគរបាលជាតិ ប្រកាសវិធានការរឹតបន្តឹងច្បាប់

បានផុស

នៅ

ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រកាសថា នឹងចាប់ផ្តើមរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឡើងវិញ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៦ តទៅ បន្ទាប់ពីកត់សម្គាល់ឃើញថា គ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងគួរឱ្យព្រួយបារម្ភក្នុងរយៈពេលកន្លងមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីប្រកាសព័ត៌មាន អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្នុងរយៈពេល ១៦០ថ្ងៃ គិតចាប់ពីថ្ងៃទី២៥ ខែកក្កដា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ អំឡុងពេលមានជម្លោះប្រដាប់អាវុធនៅតំបន់ព្រំដែនកម្ពុជា–ថៃ ការត្រួតពិនិត្យ និងអនុវត្តច្បាប់ចរាចរណ៍ ត្រូវបានបន្ធូរបន្ថយជាបណ្តោះអាសន្ន។

ក្នុងអំឡុងពេលនោះ ករណីគ្រោះថ្នាក់ចរាចរណ៍បានកើនឡើងចំនួន ៣៤លើក ស្មើនឹង ៣ភាគរយ អ្នកស្លាប់កើន ៦២នាក់ ស្មើ ១០ភាគរយ និងអ្នករបួសកើន ២០៩នាក់ ស្មើ ១៥ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៤។ ដោយឡែក នៅក្នុងខែមករា ដើមឆ្នាំ២០២៦ បើធៀបនឹងខែមករា ឆ្នាំ២០២៥ ករណីគ្រោះថ្នាក់ចរាចរណ៍កើនឡើងដល់ ៤២លើក ស្មើ ១៩ភាគរយ អ្នកស្លាប់កើន ២៥នាក់ ស្មើ ១៨ភាគរយ និងអ្នករបួសកើន ៦៤នាក់ ស្មើ ២៣ភាគរយ។

អគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ថា មូលហេតុចម្បងនៃគ្រោះថ្នាក់ចរាចរណ៍ គឺការបើកបរល្មើសល្បឿន ដែលមានសមាមាត្រ ៤៧ភាគរយ បន្ទាប់មកជាការមិនគោរពសិទ្ធិ ២១ភាគរយ មិនប្រកាន់ស្តាំ ១០ភាគរយ ប្រជែង និងបត់គ្រោះថ្នាក់ ស្រវឹង មិនគោរពសញ្ញាចរាចរណ៍ ព្រមទាំងកត្តាយាន ផ្លូវ និងការងងុយ ជាដើម។

ដើម្បីរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា និងផែនការទស្សវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២០–២០៣០ អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្តេជ្ញាចិត្តបន្តពង្រឹងការអនុវត្តច្បាប់ និងលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ អ្នកស្លាប់ អ្នករបួស និងការខូចខាតទ្រព្យសម្បត្តិឱ្យបានអតិបរមា។

ជាមួយគ្នានេះ អគ្គស្នងការដ្ឋាននគរបាលជាតិ អំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន វិស័យឯកជន សង្គមស៊ីវិល និងសាធារណជនទាំងអស់ ដែលជាអ្នកប្រើប្រាស់ផ្លូវ ឱ្យចូលរួមដោយស្មារតីទទួលខុសត្រូវ ការប្រុងប្រយ័ត្ន និងស្វ័យម្ចាស់ការ ដើម្បីរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបង្កើនសុវត្ថិភាពក្នុងការធ្វើដំណើរ ស្របតាមពាក្យស្លោក
«ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម