Connect with us

ព័ត៌មានជាតិ

ទស្សនកិច្ចផ្លូវរដ្ឋរបស់លោក តូ ឡឹម នឹងធ្វើឱ្យទំនាក់ទំនងកម្ពុជា-វៀតណាម កាន់តែមានភាពរឹងមាំ និងកាន់តែជិតស្និទ្ធ

បានផុស

នៅ

តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក តូ ឡឹម នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៦ ខាងមុខនេះ។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក តូ ឡឹម នេះឆ្លុះបញ្ចាំងឱ្យឃើញពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងវៀតណាម និងធ្វើឱ្យទំនាក់ទំនងទ្វេភាគីនេះកាន់តែមានភាពរឹងមាំ និងកាន់តែជិតស្និទ្ធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្ពុជា និង វៀតណាម បានភ្ជាប់ទំនាក់ទំនងការទូតផ្លូវការនៅថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ១៩៦៧។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ ធ្វើឡើងចំពេលដែលទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម កាន់តែមានភាពល្អូកល្អឺនជាបន្តបន្ទាប់ ដោយភាគីទាំងពីរបន្តរក្សាបាននូវទំនាក់ទំនងកម្រិតខ្ពស់ និងគ្រប់កម្រិត ទាំងក្នុងក្របខណ្ឌទ្វេភាគី និងនៅក្នុងវេទិកាពហុភាគី។ កិច្ចសហប្រតិបត្តិការរវាងបក្ស និងបក្ស បានដើរតួនាទីយ៉ាងសំខាន់បំផុក្នុងការកំណត់ទិសដៅនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ បានបន្តអភិវឌ្ឍឥតឈប់ឈរ និងប្រកបដោយទំនុកចិត្ត នារយៈពេលចុងក្រោយនេះ ហើយចំណងមិត្តភាពរវាងថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរកាន់តែមានភាពរឹងមាំ និងកាន់តែជិតស្និទ្ធ។

កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ នៅតែបន្តជាមូលដ្ឋានគ្រឹះដ៏សំខាន់ កាន់តែមានភាពជិតស្និទ្ធ និងប្រកបទៅដោយប្រសិទ្ធភាពកាន់តែខ្លាំងឡើង។ ភាគីទាំងពីរតែងតែបានអះអាងពីគោលការណ៍មិនអនុញ្ញាតឱ្យកងកម្លាំងអមិត្តណាមួយប្រើប្រាស់ទឹកដីនៃប្រទេសមួយ ដើម្បីបំផ្លិចបំផ្លាញសន្តិសុខរបស់ប្រទេសមួយទៀត។ ដោយផ្អែកលើសន្ធិសញ្ញា កិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់គ្នារបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ស្ថាប័នក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ និងប្រជាជនដែលរស់នៅតាមតំបន់ជាប់ព្រំដែននៃប្រទេសទាំងពីរតែងតែសម្របសម្រួលគ្នាយ៉ាងសកម្មក្នុងការអនុវត្តកិច្ចការបោះបង្គោលខ័ណ្ឌសីមាព្រំដែនគោកនៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារផ្លូវច្បាប់ចំនួនពីរទទួលស្គាល់ការសម្រេចបាននូវការបោះបង្គោលខ័ណ្ឌសីមាចំនួន ៨៤% នៃព្រំដែនគោកកម្ពុជា-វៀតណាម ហើយកំពុងបន្តចរចាជាបន្តបន្ទាប់ ដើម្បីឈានទៅសម្រេចឱ្យបានទាំងស្រុងនៃការបោះបង្គោលខ័ណ្ឌសីមាដែលនៅសល់ចំនួន១៦% ឱ្យបានឆាប់ៗ។

កិច្ចសហប្រតិបត្តិការវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ គឺជាចំណុចដ៏ភ្លឺស្វាង និងមានកំណើនប្រកបដោយស្ថិរភាព។ ការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគី មានការកើនឡើងដល់១១,៣៣ ពាន់លានដុល្លារអាម៉េរិកនៅក្នុង២០២៥ គឺកើនឡើងជាង ១១,៧% បើធៀបនឹងឆ្នាំ២០២៤។ បច្ចុប្បន្ន វៀតណាម គឺជាដៃគូពាណិជ្ជកម្មធំបំផុតទីបីរបស់កម្ពុជា (បន្ទាប់ពីចិន និងសហរដ្ឋអាម៉េរិក) និងជាដៃគូពាណិជ្ជកម្មធំបំផុតនៅក្នុងតំបន់អាស៊ាន។ ភាគីទាំងពីរកំពុងសម្របសម្រួលយ៉ាងសកម្ម ដើម្បីឱ្យសម្រេចបានគោលដៅនៃការសម្រេចបាននូវពាណិជ្ជកម្មទ្វេភាគីចំនួន ២០ ពាន់លានដុល្លារអាម៉េរិកក្នុងពេលឆាប់ៗនេះ។

ទាក់ទងនឹងការវិនិយោគ  បច្ចុប្បន្ន ប្រទេសវៀតណាម មានគម្រោងវិនិយោគសកម្មចំនួន២២៩ នៅកម្ពុជា មានដើមទុនចុះបញ្ជីសរុបប្រមាណ ២,៩៤ ពាន់លានដុល្លារអាម៉េរិក ស្ថិតក្នុងចំណាត់ថ្នាក់លេខពីរក្នុងចំណោមប្រទេសចំនួន៨៥ ដែល វៀតណាមបានដាក់ទុនវិនិយោគនៅបរទេស (បន្ទាប់ពីឡាវ) ហើយស្ថិតក្នុងចំណោមប្រទេសកំពូលទាំង៥ ដែលដាក់ទុនវិនិយោគផ្ទាល់ច្រើនជាងគេនៅកម្ពុជា បន្ទាប់ពីចិន កូរ៉េខាងត្បូង សិង្ហបុរី និងជប៉ុន។

ក្នុងឆ្នាំ២០២៥ ប្រទេសវៀតណាម ជាប្រទេសនាំមុខគេ ដែលមានភ្ញៀវទេសចរប្រមាណ១,២ លាននាក់ចូលមកទស្សនាប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់លេខមួយក្នុងចំណោមប្រទេសដែលមានភ្ញៀវទេសចរមកទស្សនាប្រទេសកម្ពុជាច្រើនជាងគេ ហើយវៀតណាម បានស្វាគមន៍ភ្ញៀវទេសចរកម្ពុជាជាង៦០០,០០០ នាក់ ទៅទស្សនានៅប្រទេសជិតខាងមួយនេះ។ ចំណែក វិស័យនៃសហប្រតិបត្តិការផ្សេងទៀត ដូចជា អប់រំ និងបណ្តុះបណ្តាល ដឹកជញ្ជូន វប្បធម៌ សុខភាព និងទូរគមនាគមន៍ ក៏កំពុងត្រូវបានលើកកម្ពស់យ៉ាងសកម្មផងដែរ។ ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងសមាគម និងអង្គការមហាជនត្រូវបានបន្តរក្សា និងបន្តលើកកម្ពស់ប្រកបដោយការច្នៃប្រឌិតថ្មី។

ប្រទេសទាំងពីរក៏បានសហការគ្នាយ៉ាងជិតស្និទ្ធ ទាំងនៅក្នុងវេទិកាអន្តរជាតិ តំបន់ និងអនុតំបន់ ជាពិសេសនៅក្នុងយន្តការអង្គការសហប្រជាជាតិ អាស៊ាន និងយន្តការដឹកនាំដោយអាស៊ាន យន្តការសហប្រតិបត្តិការអនុតំបន់មេគង្គ ដែលរួមចំណែកដល់ការលើកកម្ពស់កិត្យានុភាព និងតួនាទីរបស់ប្រទេសនីមួយៗ នៅក្នុងតំបន់ និងនៅលើពិភពលោក។

គួរជម្រាបជូនថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់ព្រះរាជាណាចក្រកម្ពុជា ធ្វើឡើងក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោកអគ្គលេខាធិការបក្ស តូ ឡឹម បន្ទាប់ពីលោកត្រូវបានជ្រើសតាំងជាថ្មី ជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នៅក្នុងមហាសន្និបាតបក្សលើកទី១៤ ។ នេះ ក៏បានបង្ហាញអំពីសារៈសំខាន់របស់បក្ស និងរដ្ឋវៀតណាម ក៏ដូចជា ក្នុងនាមលោកអគ្គលេខាធិការ តូ ឡឹម ផ្ទាល់ ក្នុងការភ្ជាប់ និងលើកកម្ពស់ទំនាក់ទំនងយ៉ាងជិតស្និទ្ធ រវាងវៀតណាម និងកម្ពុជា។ ដំណើរទស្សនកិច្ចនេះ ក៏បានបង្ហាញពីការប្តេជ្ញាចិត្តខាងនយោបាយយ៉ាងមុតមាំបំផុតរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ របស់បក្សទាំងពីរ និងប្រទេសទាំងពីរ ក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរឱ្យកាន់តែមានសារៈសំខាន់ មានប្រសិទ្ធភាព និងសមស្របទៅនឹងតម្រូវការនៃការអភិវឌ្ឍនិងផលប្រយោជន៍ជាយុទ្ធសាស្ត្ររយៈពេលវែងរបស់ប្រទេសនីមួយៗ។

នៅក្នុងដំណើរទស្សនកិច្ចនេះ លោកអគ្គលេខាធិការ តូ ឡឹម នឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលរវាងការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ព្រមទាំង ធ្វើជាសហប្រធាននៃកិច្ចប្រជុំរវាងប្រមុខបក្សនៃបក្សទាំង៣របស់វៀតណាម កម្ពុជា និងឡាវ នៅប្រទេសកម្ពុជា តបតាមការអញ្ជើញដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចតេជា ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៕

ដោយ៖ វណ្ណ​​ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម