ព័ត៌មានជាតិ
វៀតណាមអះអាងពីការជំរុញកិច្ចសហប្រតិបត្តិការខាងសាសនាជាមួយកម្ពុជា និងឡាវ
សាធារណរដ្ឋសង្គមនិយមវៀតណាមបានអះអាងពីការត្រៀមខ្លួនក្នុងការជំរុញកិច្ចសហប្រតិបត្តិការខាងសាសនារួមទាំងការផ្លាស់ប្ដូរការសិក្សាពីព្រះពុទ្ធសាសនាក្នុងប្រទេសកម្ពុជា និងឡាវ ដែលជាផ្នែកមួយដ៏សំខាន់នេះទំនាក់ទំនងការទូតប្រជាជន និងប្រជាជន ។

សារព័ត៌មានវៀតណាម Vietnam Plus បានចុះផ្សាយដោយដកស្រង់ប្រសាសន៍របស់អនុរដ្ឋមន្ត្រីក្រសួងកិច្ចការជនជាតិ និងសាសនាវៀតណាមលោក Nguyen Hai Trung ដែលបានថ្លែងក្នុងកិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា៣ប្រទេស កម្ពុជា វៀតណាម ឡាវ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែតុលាយកមកចុះផ្សាយថាក្នុងពិធីនោះលោក Nguyen បានលើកឡើងថាប្រទេសវៀតណាមផ្ដល់តម្លៃ និងត្រៀមខ្លួនរួចជាស្រេចក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការព្រះពុទ្ធសាសនាជាមួយ កម្ពុជា និងឡាវ ជាផ្នែកនៃការទូតប្រជាជនដែលរួមចំណែកដល់សាមគ្គីភាព កិច្ចសហប្រតិបត្តិការ ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់ផងដែរ។ លោកបន្ថែមថាគោលនយោបាយការបរទេសរបស់វៀតណាមគឺ ឯករាជ្យ ភាពខ្លួនទីពឹងខ្លួន សន្តិភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍន៍ ការធ្វើពិពិធកម្ម និងពហុភាគីនៃទំនាក់ទំនងខាងក្រៅ។

លោកថា៖ «រដ្ឋវៀតណាមជានិច្ចកាលគោរព និងធានាសិទ្ធិសេរីភាពខាងសាសនា ឬជំនឿរបស់ប្រជាជនទាំងអស់ដោយបានបង្កើតលក្ខខណ្ឌយ៉ាងខ្ជាប់ខ្ជួនសម្រាប់អង្គការសាសនាដើម្បីធ្វើប្រតិបត្តិការស្របតាមរដ្ឋធម្មនុញ្ញ និងសីលធម៌ល្អ ពង្រឹងសាមគ្គីភាពរវាងសាសនា និងនាំមកនូវតម្លៃវប្បធម៌ និងសីលធម៌ល្អ ព្រមទាំងធនធានសាសនាសម្រាប់អភិវឌ្ឍន៍ជាតិ»។
កម្ពុជាបានរៀបចំកិច្ចប្រជុំកំពូលព្រះពុទ្ធសាសនាបីប្រទេស កម្ពុជា ឡាវ វៀតណាម លើកទី៣ក្រោមមូលបទ «សុខដុមនីយកម្មព្រះពុទ្ធសាសនា ដើម្បីសន្តិភាព និងការអភិវឌ្ឍ ប្រកបដោយចិរភាព» ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។

ក្នុងពិធីនោះរដ្ឋមន្ត្រីធម្មការ និងសាសនា លោក ចាយ បូរិន មានប្រសាសន៍កិច្ចប្រជុំនេះមិនត្រឹមតែឆ្លុះបញ្ចាំងពីការវិវិត្តន៍នៃការអនុវត្តព្រះពុទ្ធសាសនាក្នុងប្រទេសទាំង៣ប៉ុណ្ណោះទេ ថែមទាំងបានលើកឡើងនូវសេចក្ដីប្រាថ្នារួមគ្នារបស់ពុទ្ធសាសនិកក្នុងការលើកកម្ពស់សន្តិភាព និងសុខុមាលភាពសង្គមផងដែរ។ លោកបន្ថែមថាព្រឹត្តិការណ៍នៃនឹងរឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស កម្ពុជា ឡាវ និងវៀតណាម បន្ថែមទៀត ទន្ទឹមនឹងការផ្សព្វផ្សាយតម្លៃព្រះពុទ្ធសាសនានៅទូទាំងតំបន់ និងពិភពលោក។
សមាជិកឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានលើកឡើងក្នុងពិធីនោះថា ចាប់តាំងពីកម្ពុជាបានរំដោះពី របបខ្មែរក្រហមទំនាក់ទំនងប្រទេសកម្ពុជា ឡាវ និងវៀតណាមកាន់តែរឹងមាំ ជំរុញដល់កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ជាពិសេសសាសនា។ សម្ដេចបន្តថា គុណតម្លៃព្រះពុទ្ធសាសនានៃក្ដីមេត្តា ការអត់ឱន ការមិនគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជាតិទាំងបី ដោយចិញ្ចឹមបីបាច់ថែរក្សាការរួមរស់ដោយសន្តិភាព និងស្ថិរភាពសង្គម។

សម្ដេចថា៖ «ព្រះពុទ្ធសាសនានៅតែបន្តជាគ្រឹះខាងសីលធម៌ និងស្មារតីសម្រាប់សុខដុមរមនាជាតិ ស្នេហាជាតិ កិច្ចសហប្រតិបត្តិការ និងសង្គមសន្តិភាព និងរីកចម្រើន»។
នៅក្នុងកិច្ចប្រជុំកំពូលនោះ គណៈប្រតិភូបានពិភាក្សាអំពីវិធីពង្រឹងកិច្ចសហប្រតិបត្តិការព្រះពុទ្ធសាសនា និងតួនាទីរបស់ខ្លួនក្នុងការលើកកម្ពស់សុខដុមរមនា និងកំណើនប្រកបដោយចិរភាព ព្រមទាំងបានចុះហត្ថលេខាលើសេចក្ដីប្រកាសរួមមួយលើការអភិរក្ស លើកកម្ពស់បេតិកភណ្ឌព្រះពុទ្ធសាសនា ជំរុញកិច្ចសហប្រតិបត្តិការពុទ្ធសាសនាក្នុងតំបន់ ការលើកកម្ពស់សន្តិភាព និងភាពសុខដុមរមនា គាំទ្រការអភិវឌ្ឍប្រកបដោយចិរភាព ការផ្ដល់សិទ្ធិអំណាចដល់យុវជន និងការពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការពិភពលោក៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ១៥ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


