Connect with us

ព័ត៌មានជាតិ

ពូជជ្រូក​ដូនតា​ទួត​ប្រភព​ពី​អង់គ្លេស​ មួយ​ឆ្នាំ​កើត​កូន​បាន ២៥ ទៅ ៣៥ ក្បាល

បានផុស

នៅ

ពី​មុន​នៅ​ក្នុង​ប្រទេស​កម្ពុជា មិនទាន់​មាន​ពូជ​ជ្រូក​ដូន​តា​ទួត​នោះ​ទេ។ កាលពី​ឆ្នាំ ២០០៨ ក្រុមហ៊ុន​ម៉ុង ឫទ្ធី បាន​នាំ​​យក​ពូជ​ជ្រូក​ដូនតា​ទួត​ (ពូជសុទ្ធ) ពី​ប្រទេស​អង់គ្លេស​ដើម្បី​ផលិត​​ជា​ជ្រូក​មេបា​បង្កើត​កូន​សម្រាប់​យក​សាច់។

លោក លី ឡាវីល នាយក​ចាត់ការ​ទូទៅ​ផ្នែក​ចិញ្ចឹម​សត្វ​របស់​ក្រុមហ៊ុន​ ម៉ុង ឫទ្ធី​ បាន​គូស​បញ្ជាក់​ថា ពូជជ្រូក​​ដូន​តាទួត​មាន​លទ្ធភាព​កើត​កូន​បាន​ច្រើន​ចន្លោះ​ពី ២៥ ទៅ ៣៥ ក្បាល​ក្នុង​មួយ​ឆ្នាំ បើ​ធៀប​មេ​ពូជ​ធម្មតា​កើត​បាន​ត្រឹម ៧ ទៅ ១៨ ក្បាល​ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«មេជ្រូកធម្មតា​អាច​បង្កើតកូន​បាន​ត្រឹមតែ ៧ ទៅ ១៨ ក្បាល​ក្នុងមួយឆ្នាំ ប៉ុន្តែជាមួយ​នឹង​ពូជ​ថ្មី និង​ការគ្រប់គ្រងត្រឹមត្រូវ មេជ្រូកមួយក្បាល​អាចបង្កើតកូនបានពី ២៥ ទៅ ៣៥ ក្បាលក្នុងមួយឆ្នាំ»។

​ការនាំចូលពូជ​ដូនតាទួត គឺដើម្បីគ្រប់គ្រង​ការបង្កាត់​ពូជមិន​ឱ្យ​មាន​ការជាន់​ឈាម។ ការជាន់ឈាម (បង្កាត់ក្នុងរង្វង់សាច់ញាតិជិតស្និទ្ធ) នឹង​ធ្វើឱ្យកូនជ្រូក​ដែល​កើត​មក​មិន​រីក​ធំធាត់ ក្រិន ឈឺ​ច្រើន ឬមានពិការភាពផ្សេងៗ។ លោក លី ឡាវីល អះអាង។

ការមានពូជល្អជួយឱ្យថ្លៃដើម​ផលិតកម្ម​ទាប បង្កើត​កូន​បានច្រើន ធន់ជំងឺ​ ដែលអាចឱ្យកសិករខ្មែរប្រកួតប្រជែង​ជាមួយ​ប្រទេស​ជិត​ខាង​ដូចជា ថៃ និងវៀតណាមបាន។

បើ​តាម​លោក លី ឡាវីល ក្រុមហ៊ុនមានគោលដៅផលិតកូនជ្រូកឱ្យបាន ២,០០០ ក្បាល ក្នុង​រយៈ​ពេល ២៤ ម៉ោង ដើម្បីផ្គត់ផ្គង់តម្រូវការ។ បច្ចុប្បន្នមានមេពូជដូនតាទួតចំនួន ៦០០ ក្បាល និង​មេពូជ​ផ្សេង​ទៀត​ជាង ៣ ម៉ឺនក្បាល។

នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​ជ្រូក មាន​ពូជ​សំខាន់ៗ​ចំនួន ៣ ដែល​ត្រូវបានគេ​ទទួលស្គាល់​ទូទាំង​ពិភពលោក ភាគច្រើន​មក​ពីអឺរ៉ុប ដូចជា ដាណឺម៉ាក អង់គ្លេស បារាំង និង​អេស្ប៉ាញ។

ពូជឌូរ៉ុក (Duroc) ជា​ខ្សែ​ស្រឡាយ​ដែល​ផ្ដល់​សាច់​ច្រើន សាច់​ដុំល្អ និង​មាន​រសជាតិ​ឆ្ងាញ់។ ពូជ​យ៉ក​សៀ (Yorkshire) មាន​លក្ខណៈ​ពិសេស​ត្រង់​ផ្ដល់​កូន​បាន​ច្រើន និង​មាន​សុខភាព​រឹងមាំ និង​ពូជ​ឡង់​ដ្រេស (Landrace) មាន​ដង​ខ្លួន​វែង និង​ធន់​អាច​ផ្ដល់​កូន​បាន​ច្រើនដង។

ពាក់ព័ន្ធការ​បង្កាត់ពូជជ្រូក អ្នក​បច្ចេកទេស​នៅក្រុមហ៊ុន ​ម៉ុង ឫទ្ធី​ បាន​អះអាង​ថា «ប្រសិន​បើយើង​យកជ្រូក​សាច់ទៅធ្វើពូជបន្ត វានឹង​ផ្ដល់កូន​មិនបាន​ច្រើន សុខភាព​ខ្សោយ និងអត្រាងាប់​ខ្ពស់។ ការនាំចូលពូជជ្រូកដូនតាទួតពីប្រទេសអង់គ្លេស គឺ​ដើម្បីធានា​បាននូវ​ខ្សែ​ស្រឡាយ​ពូជ​សុទ្ធ​សម្រាប់ផលិតកម្មក្នុងស្រុក​។ យ៉ាងណាមិញ ការ​ផលិតជ្រូក​ដូនតាទួត ចាំបាច់​ត្រូវប្រើ​ទុន​វិនិយោគ​ធំ និង​ចំណាយ​ពេល​យូរ»។ លោក លី ឡាវីល បញ្ជាក់។

«ការ​ចិញ្ចឹម​ជ្រូក​មេបា (Parent Stock) ដើម្បី​បានកូនលក់ប្រើពេលត្រឹមតែប្រហែល ៦ ខែ ប៉ុណ្ណោះ។ ប៉ុន្តែ​​ការ​អភិវឌ្ឍន៍​ពូជ​ជ្រូក​ដូនតាទួត រហូតក្លាយជាសត្វសម្រាប់​យកសាច់ ត្រូវប្រើពេលរាប់ឆ្នាំ ទើប​អាច​សម្រេច​បាន ខណៈ​ដែល​បច្ចុប្បន្នមានតែក្រុមហ៊ុន​ម៉ុង ឫទ្ធី​ ដែល​មាន​លទ្ធភាព​ផលិត​ពូជ​ដូនតា​ទួត​ដើម្បីចែកចាយ​ជូនកសិករ​ទូទាំងប្រទេស»។ លោក លី ឡាវីល បន្ថែម។

លោក លី ឡាវីល បាន​បន្ត​ថា ការ​បង្កាត់ពូជដូនតាទួតក្រុមហ៊ុនមិនមែនចិញ្ចឹមដើម្បីលក់តែម្នាក់ឯងនោះទេ ប៉ុន្តែ​ក៏​​ផ្គត់​ផ្គង់​​ពូជជ្រូកសុទ្ធ និង​កូនជ្រូក​ដល់កសិករនៅទូទាំងប្រទេសកម្ពុជា ដើម្បីជួយ​ឱ្យ​កសិករ​មាន​ពូជល្អ​សម្រាប់​ចិញ្ចឹម។

ក្រៅ​ពី​លក់​ពូជជ្រូកនៅក្នុង​កសិដ្ឋាន​​ ក្រុមហ៊ុន​ ម៉ុង ឫទ្ធី មាន​ខ្សែ​សង្វាក់​ផលិតកម្ម​ពេញលេញ មាន​ផលិត​​ជា​សាច់​ជ្រូក​ស្រស់ និង​សាច់​កែច្នៃ​មាន​ប្រហិត ប៉ាតេ និង​សាច់ប្រឡាក់​ផ្សេងៗ។

ពាក់ព័ន្ធ​ប្រវត្តិ​នៃ​ការ​នាំ​ជ្រូក​ដូនតា​ទួត​មក​ប្រទេស​កម្ពុជា អ្នក​ឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយក​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប​បាន​រៀបរាប់រំលឹក​​ថា ក្នុង​ឆ្នាំ ២០០៨ លោក​បាន​ទៅទស្សនកិច្ចនៅ​សហរដ្ឋអាមេរិក​ដើម្បី​សិក្សា​ពី​ការ​ចិញ្ចឹម​ជ្រូក និង​ក្រោយ​មកក៏​បានសម្រេចចិត្តនាំចូលពូជពីចក្រភពអង់គ្លេស និង​ដាណឺម៉ាកមក​ប្រទេស​កម្ពុជា។

លោក​ថា ពូជ​ដែល​នាំចូល​មក​នោះគឺ​ជា​ពូជ “ដូនតាទួត” ដែល​មានត​ម្លៃខ្ពស់ រហូត​ដល់​ត្រូវ​ជួលយន្តហោះដឹកជញ្ជូនក្នុងតម្លៃរាប់លានដុល្លារ។

លោក​លើក​ឡើង​ពី​ដំណើរការ​នៃការនាំចូល​ក៏​ប្រឈម​ភាព​ស្មុគស្មាញ ដែល​ការ​ដឹកជញ្ជូន​ពូជជ្រូក​តាមយន្តហោះ​ចំនួន ៣ ជើង បាន​ចំណាយ​ថវិកា​អស់​ប្រមាណ ៣ លាន​ដុល្លារ។ ការ​ដឹក​ជញ្ជូន​ក៏​ជួប​ការ​លំបាក​ខ្លាំង ជាពិសេស​ការ​ត្រួតពិនិត្យ​នៅ​ប្រទេស​ថៃ​ចំពោះ​ជើង​យន្តហោះ​ដែល​ស្ទើរតែ​ធ្វើ​ឲ្យ​ខូចខាត​ដល់​ដំណើរការ​ទាំងមូល។

បើ​តាម​សេដ្ឋី​កសិកម្ម​រូបនេះ ការនាំចូលពូជជ្រូក​ពី​ចក្រភពអង់គ្លេស គឺដើម្បីផ្ដល់ជូនប្រជាជន​កម្ពុជា​នូវ​សាច់​ជ្រូកដែល​មានរសជាតិឆ្ងាញ់ និង​មាន​ប្រូតេអ៊ីន​ជំនួយ​ដល់សុខភាព។

លោក​ថា បើធៀប​នឹងជ្រូក​ដែលទិញពីប្រទេសជិតខាងដូចជាថៃ ឬវៀតណាមដែលមានតម្លៃត្រឹម ៣២០ ដុល្លារ ពូជជ្រូកពីអង់គ្លេសនេះ​មានតម្លៃថ្លៃ​ជាងឆ្ងាយណាស់ ដោយ​មេជ្រូក​មួយ​ក្បាល​មាន​តម្លៃ​ចន្លោះ​ពី ៣ ០០០ ទៅ ៦ ០០០ ដុល្លារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម